កីឡាជាតិ
ជាតិ
គ្រូវិសាខារិះគន់អាជ្ញាកណ្តាលដែលផ្លុំកញ្ចែពិន័យពេលក្រុមខ្លួនមានឱកាសមាសនៅមុខទីការពារជាតិ លោក ឃួន វិរៈ (រុបក្នុងរង្វង់) និងសកម្មភាពប្រកួតរវាងកីឡាករវិសាខាជាមួយក្រសួងការពារជាតិ, រូបភាពពី CNCC
× គ្រូបង្វឹកវិសាខា បង្ហាញការមិនពេញចិត្តចំពោះការពិន័យក្រុមវិសាខារបស់អាជ្ញាកណ្តាល ដែលកាត់ក្តីការប្រកួតរវាងក្រុមវិសាខាជាមួយក្រសួងការពារជាតិនាជំនួបក្របខណ្ឌខេមបូឌានលីគកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ លោកយល់ថា គ្មានចំណុចណា ដែលត្រូវចាប់កំហុសលើវិសាខាក្នុងកាលៈទេសៈបាល់កាលនោះឡើយ។ លោកបានរិះគន់ថា អាជ្ញាកណ្តាលរូបនេះប្រើអារម្មណ៍ច្រើនជាង ប្រើភាពជាអាជ្ញាកណ្តាលឯករាជ្យក្នុងការកាត់ក្តី។ តែយ៉ាងណា លោក មិនបានប្តឹងជំទាស់តវ៉ាពាក់ព័ន្ធបញ្ហានេះឡើយ។
គ្រូបង្វឹកក្រុមវិសាខាលោក ហុក សុជីវ័ន កាលពីថ្ងៃទី២៥ ឧសភា ពោលគឺក្រោយជំនួបវិសាខាចាញ់ក្រសួងការពារជាតិ ១-០ បានសរសេរសារលើហ្វេសប៊ុក ដើម្បីបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះអាជ្ញាកណ្តាល [លោក ឃួន វីរៈ] ដែលបានពិន័យលើក្រុមវិសាខា ទាំងលោកយល់ថា កូនក្រុមមិនបានបង្កកំហុស។ លោកមើលឃើញថា ក្នុងការប៉ះទង្គិចដែលកីឡាករ អ៊ុំ វិចិត្រ លោតទៅចាប់បាល់កាលណោះ គឺជាកំហុសរបស់កីឡាករក្រសួងការពារជាតិ មិនមែនកំហុសរបស់វិសាខានោះទេ។ ដូច្នេះគ្មានហេតុផលណាដែលអាជ្ញាកណ្តាលរូបនេះ ត្រូវផ្លំកញ្ចែពិន័យលើក្រុមវិសាខា ហើយផ្តល់បាល់ឲ្យក្រសួងការពារជាតិឡើយ។
ជាមួយការបង្ហាញអារម្មណ៍មិនពេញចិត្ត លោក ហុក សុជីវ័ន បានរិះគន់លើការកាត់ក្តីរបស់អាជ្ញាកណ្តាលរូបនេះផងដែរ ដោយលោកបានចាត់ទុកការពិន័យលើក្រុមវិសាខារបស់អាជ្ញាកណ្តាល ថា ជាការកាត់ក្តីប្រើអារម្មណ៍ច្រើនជាងច្បាប់។ តែយ៉ាងណាថ្នាក់ដឹកនាំក្លិបវិសាខារួមជាមួយគ្រូបង្វឹករូបនេះ មិនបានដាក់បណ្តឹងសុំតវ៉ាពាក់ព័ន្ធបញ្ហានេះឡើយ គ្រាន់តែស្នើឲ្យអាជ្ញាកណ្តាលរូបនេះ កាត់ក្តីឲ្យយុត្តិធម៌ឈរលើគោលការណ៍អាជ្ញាកណ្តាលឯករាជ្យ។
«រៀងរាល់ឆ្នាំ ខ្ញុំតែងតែមិននិយាយ ហើយនៅតែមិននិយាយ តែរាល់ឆ្នាំខ្ញុំស្លាប់ដោយសារតែមួយកញ្ចែរបស់អ្នក កញ្ចែរបស់អ្នកមានតម្លៃណាស់ខ្ញុំនៅតែមិនអាចនិយាយមិនអាចតវ៉ា តើអ្នកមានយកចិត្តជាតុលាការឯករាជ្យម្នាក់មកកាត់សេចក្តីរឺទេ? កម្រិត FIFA ល្មមឈប់យកគំនិតបុគ្គលមកធ្វើការទៅលោក។ ពួកខ្ញុំខំប្រឹងប្រែងណាស់ កុំមកបំផ្លាញពួកខ្ញុំដោយសារមួយកញ្ចែរបស់អ្នក»។ នេះជាការបង្ហាញអារម្មណ៍មិនពេញចិត្ត និងរិះគន់របស់លោក ហុក សុជីវ័ន។
បញ្ហាដែលនាំឲ្យមានការរិះគន់នេះបន្ទាប់ពីលោក ឃួន វីរៈ បានផ្លំកញ្ចែពិន័យលើកីឡាករ Eliel da Cruz Guardiano របស់វិសាខាទាំងរូបគេមិនបានបង្កកំហុស។ តាមរូបភាពវីដេអូដែលថតដោយទូរទស្សន៍ BTV អ្នកចាំទី អ៊ុំ វិចិត្រ របស់ក្រសួងការពារជាតិលោតចាប់បាល់ ក្រោយការទាត់របស់កីឡាករ ឆេង ម៉េង ហើយទៅប៉ះខ្សែការពារម្នាក់ទៀតរបស់ក្រសួងការពារជាតិ ដែលមាន Eliel Da Cruz នៅក្បែរនោះ។ ក្រោយពិន័យភ្លាមៗរបស់លោក ឃួន វីរៈ ទាំងគ្រូបង្វឹក និងកីឡាកររបស់វិសាខាបាននាំគ្នាតវ៉ា តែពុំមានប្រសិទ្ធភាព។
កាលពីចុងខែមេសា កន្លងមក លោកអាជ្ញាកណ្តាល ឃួន វីរៈ ក៏ទទួលរងការរិះគន់ពីសំណាក់លោកប្រាក់ សុវណ្ណារ៉ា ក្រោយដែលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិរបស់លោកបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយសូលទីឡូអង្គរផងដែរ៕
Tag:
ហុក សុជីវ័ន
Cambodia League 2019
ឃួន វីរៈ
© រក្សាសិទ្ធិដោយ thmeythmey.com