អន្តរជាតិ
លោក ត្រាំ បើកភ្លើង​ខៀវ​ឲ្យ​លោក អា​បេ ទៅ​សម្របសម្រួល​បញ្ហា​ជាមួយ​អ៊ីរ៉ង់​
27, May 2019 , 3:09 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅតែ​ចង់​ដោះស្រាយ​បញ្ហា​ជាមួយ​អ៊ីរ៉ង់​ដោយ​ការចរចា​ដដែល​។ ពី​ទីក្រុង​តូ​ក្យូ លោក ត្រាំ បាន​ផ្ញើ​សារ​ទៅកាន់​ទីក្រុង​តេ​ហេ​រ៉ង់​ថា បើ​អ៊ីរ៉ង់​ចង់​ចរចា អាមេរិក​ក៏​មិន​ទោមនស្ស​អ្វី​ដែរ​។ យ៉ាងណាមិញ សម្រាប់​កាលៈទេសៈ​បច្ចុប្បន្ន ការចរចា​ដោយផ្ទាល់​រវាង​អាមេរិក និង​អ៊ីរ៉ង់ ទំនង​មិនអាច​កើតឡើង​បានឡើយ​។ ជប៉ុន​ដែលជា​មិត្ត​ល្អ​របស់​ភាគី​ទាំងពីរ ចង់​ចូលខ្លួន​ជួយ​ដោះស្រាយ​ប្រឈម​គួរ​ឲ្យ​បារម្ភ​នេះ​។

 
​ជាថ្មី​ម្ដងទៀត ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បញ្ចេញ​សារ​មានន័យ​ទន់ភ្លន់​ទៅកាន់​អ៊ីរ៉ង់ ស្របពេល​ដែល​ភាព​តានតឹង​ជាមួយ​សត្រូវ​ប្រវត្តិសាស្ត្រ​មួយ​នេះ​នៅតែ​តានតឹង​ដដែល​។ អ្វីដែល​គេ​មើលឃើញ​នោះ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន បានបង្ហាញ​ជំហរ​ចម្រុះ​គ្នា​លើ​បញ្ហា​ប្រឈម​ជាមួយ​អ៊ីរ៉ង់ ដោយ​ពេលខ្លះ​មន្ត្រី​ក្រោមបង្គាប់​លោក ត្រាំ គំរាម​ប្រើ​ធម៌​ក្ដៅ​ប្រឆាំង​ទីក្រុង​តេ​ហេ​រ៉ង់ ហើយ​ពេលខ្លះទៀត បង្ហាញ​ជំហរ​រាង​ទន់​បន្តិច​វិញ ខណៈពេល​អ៊ីរ៉ង់​វិញ ក៏​ប្រកាន់​ជំហរ​រឹងប៉ឹង​តែម្ដង​។​
 
​មុន​ការចរចា​ផ្លូវការ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២៧ ខែឧសភា លោក ត្រាំ អះអាងថា អ៊ីរ៉ង់​ចង់​ជជែក​ជាមួយ​អាមេរិក ហើយ​បើសិនជា​ដូច្នោះ​មែន អាមេរិក​ក៏​ចង់​ជជែក​ជាមួយ​អ៊ីរ៉ង់​វិញ​ដែរ​។ យ៉ាងណាមិញ ប្រធានាធិបតី​អាមេរិក​រូបនេះ មិន​បញ្ជាក់​ទេ​ថា ការចរចា​អាចធ្វើ​ឡើង​នៅពេលណា​ដែរ ហើយ​ឲ្យ​រង់ចាំ​មើល​សិន ព្រោះ​គ្មាន​នរណា​ចង់​ឲ្យ​រឿង​អាក្រក់​កើត​ឡើយ​រាប់ទាំង​លោក អា​បេ ដែល​លោក ត្រាំ ជឿថា ក៏មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្បាលម៉ាស៊ីន​ដឹកនាំ​អ៊ីរ៉ង់​ដែរ​។​
 
​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​រូបនេះ ត្រូវបាន​រាយការណ៍​ថា កំពុង​រៀបចំ​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​ទឹកដី​អ៊ីរ៉ង់​ក្នុង​គោលដៅ​សម្របសម្រួល​បញ្ហា​ដែល​កំពុង​ក្ដៅ​នៅ​តំបន់​មជ្ឈិមបូព៌ា​។ លោក ត្រាំ ឯណេះ​វិញ ហាក់​បាន​បើកភ្លើង​ខៀវ​ឲ្យ​លោក អា​បេ ដូចគ្នា​ដែរ​។ ដោយ​ចង់​សំដៅ​ដល់​គម្រោង​ទស្សនកិច្ច​របស់លោក អា​បេ នៅ​អ៊ីរ៉ង់​នោះ ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ថា យើង​នឹង​ដឹង​ពីអ្វី​ដែល​កើតឡើង ហើយ​វា​គឺ​រឿង​ល្អ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ការប្រឈមមុខ​រវាង​អាមេរិក និង​អ៊ីរ៉ង់ ឡើង​កម្ដៅ​ខ្លាំង​តាំងពី​ពេល​អាមេរិក​ដើរចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ។ ចាប់​ពេលនោះ អាមេរិក​បានដាក់​សម្ពាធ​ផ្ទួន​លើ​អ៊ីរ៉ង់​ចាប់តាំងពី​ការផ្ដាច់​ការនាំចេញ​ប្រេង​រហូតដល់​ការ​រឹតត្បិត​ការនាំចេញ​លោហៈ​ផង​។ ការវិវត្ត​ចុងក្រោយ​នេះ​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស រឹតតែ​ធ្វើ​ឲ្យ​គេឯង​ព្រួយបារម្ភ​ខ្លាំង ក្រោយ​អាមេរិក​បញ្ជូន​នាវា​ដឹក​យន្តហោះ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​តំបន់​នោះ​ដើម្បី​ទប់ទល់​ការ​គំរាម​របស់​អ៊ីរ៉ង់​។​
 
​ចំណែក​អ៊ីរ៉ង់​វិញ មិនបាន​បង្ហាញ​ជំហរ​រាថយ​នឹង​ការ​គំរាម​របស់​អា​មេ​រិ​កឡើ​យ​។ ជារឿយៗ មន្ត្រី​យោធា​អ៊ីរ៉ង់​អួតអាង​ពី​សមត្ថភាព​របស់ខ្លួន ហើយ​តែង​គំរាម​បាញ់​ពន្លិច​នាវាចម្បាំង​របស់​អាមេរិក​ទៀតផង​។ ចុងក្រោយ​នេះ មន្ត្រី​យោធា​ជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់​បាន​ហៅ​អាមេរិក​ជា​បិសាច ហើយ​បោះសម្ដី​ថា ការចរចា​ជាមួយ​បិសាច មិនបាន​ផល​អ្វី​ឡើយ​៕
 

Tag:
 អាមេរិក​
  ជប៉ុន​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ​
  ស៊ីន​ហ្សូ អា​បេ​
© រក្សាសិទ្ធិដោយ thmeythmey.com