អន្តរជាតិ
ឥណ្ឌានិងជប៉ុន រួមដៃគ្នាបន្សាបឥទ្ធិពលចិននៅស្រីលង្កា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ចាប់ដៃជាមួយសមភាគីជប៉ុន លោក Abe Shinzo ប្រភពរូប៖ AFP
× រដ្ឋាភិបាលឥណ្ឌា និងជប៉ុន បានសម្រេចសហការជាមួយស្រីលង្កា ដើម្បីអភិវឌ្ឍកំពង់ផែយុទ្ធសាស្ត្ររបស់ក្រុងកូឡុំបូ ដែលគ្របដណ្តប់ដោយលុយវិនិយោគយ៉ាងក្រាស់ក្រែលរបស់ចិន តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងវិថី»។ ការចាប់ដៃគ្នាត្រីភាគីនេះ មានគោលដៅធ្វើឲ្យមានតុល្យភាពឥទ្ធិពលជាមួយក្រុងប៉េកាំង ដែលមានឈ្មោះពុំសូវល្អខាងអូសទាញប្រទេសដទៃ ជាពិសេសបណ្តាប្រទេសក្រីក្រស្រេកឃ្លានលុយកម្ចីឲ្យធ្លាក់ចូលក្នុងអន្ទាក់បំណុលខ្លួន។
ជាក់ស្តែង ក្រុងប៉េកាំង បានរឹបអូសយកកំពង់យុទ្ធសាស្ត្រ Hambantota របស់ស្រីលង្កា កាលពីពីឆ្នាំ២០១៧ ដោយសារប្រទេសក្នុងតំបន់មហាសមុទ្រឥណ្ឌានេះ គ្មានលទ្ធភាពសងបំណុលឲ្យក្រុមហ៊ុនរដ្ឋចិន។ ហេតុការណ៍នេះហើយ បានបង្កការព្រួយបារម្ភទៅដល់សមាគម៍អន្តរជាតិពាក់ព័ន្ធនឹងអ្វីដែលពួកគេលើកឡើងថា ជាគោលនយោបាយ «អន្ទាក់បំណុល» របស់រដ្ឋាភិបាលចិន ក្រោមរូបភាពគំនិតផ្តួតផ្តើម «វិថី និងខ្សែក្រវាត់» ។
យោងតាមប្រភពរដ្ឋាភិបាលឥណ្ឌា ប្រទេសទាំងបីនេះ គ្រោងចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នានាពេលឆាប់ៗខាងមុខ ដើម្បីសាងសង់ស្ថានីយ៍កុងតេន័រខាងកើតនៅកំពង់ផែទឹកជ្រៅរបស់ទីក្រុងកូឡុំបូ ។ ផែនការសាងសង់ដែលគេប៉ាន់ស្មានថា មានទំហំវិនិយោគដល់ទៅ ៥០០លានដុល្លារនេះ គ្រោងចាប់ផ្តើមប្រតិបត្តិការនាខែមីនា ឆ្នាំ២០២០ខាងមុខ។
តាមរយៈការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Sudarshana Gunawardana មន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រីស្រីលង្កា បានបញ្ជាក់ឲ្យដឹងថា កិច្ចព្រមព្រៀងនេះ កំពុងស្ថិតក្នុងដំណាក់ការចរចានៅឡើយរវាងប្រទេសជប៉ុន ឥណ្ឌា និងស្រីលង្កា ។ ទាក់ទិននឹងផែនការនេះដែរ លោក Sudarshana បានបង្ហើបទៀតថា រដ្ឋាភិបាលស្រីលង្កា នឹងកាន់កាប់ចំណែកចំនួន ៥១ភាគរយ ក្នុងគម្រោងសាងសង់ស្ថានីយ៍កុងតេន័រក្នុងកំពង់ផែយុទ្ធសាស្ត្រនេះ។
មែនទែនទៅ នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលក្រុងកូឡុំបូ បានបោះដៃសុំអន្តរាគមន៍ពីជប៉ុន និងឥណ្ឌា។ តួយ៉ាង ចាប់តាំងពីឆ្នាំ២០១៥មក ស្រីលង្កា ចង់បង្កើនវត្តមានរបស់ក្រុងញូវដែលី និងក្រុងតូក្យូកាន់តែច្រើនក្នុងប្រទេសខ្លួន ក្រោយពីបារម្ភជុំវិញកំណើនលុយវិនិយោគខ្លាំងហួសប្រមាណរបស់ក្រុមហ៊ុនចិន ដែលកំពុងរុញស្រីលង្កាឲ្យជាប់វ័ណ្ឌករបំណុលចិនកាន់តែជ្រៅ។
ជាឧទាហរណ៍ស្រាប់ ស្រីលង្កា កាលពីឆ្នាំ២០១៧ បានប្រគល់កំពង់ផែយុទ្ធសាស្ត្រភាគខាងត្បូង Hambantota ដែលមានតម្លៃ១,៥ពាន់លានដុល្លារនេះ ទៅឲ្យចិន ក្នុងលក្ខខណ្ឌជួល ៩៩ឆ្នាំ បន្ទាប់ពីខ្លួនពុំមានលទ្ធផលដោះបំណុល។ កំពង់ផែទឹកជ្រៅនេះ បានក្លាយជាគំរូដ៏ចម្បងមួយសម្រាប់ដាស់តឿនដល់បណ្តាប្រទេសដែលពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថី របស់ចិន ឲ្យមើលឃើញពីភាពមិនក្រីក្រតី ដែលអាចកើតមានឡើងក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សនេះ។
សូមបញ្ជាក់ថា ប្រធានធិបតីចិន លោក ស៊ី ជិនភីង បានបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីក្នុងឆ្នាំ២០១៣ ក្នុងគោលដៅតភ្ជាប់ប្រទេសចិនជាមួយបណ្តាប្រទេសផ្សេងទៀត ដែលស្ថិតក្នុងតំបន់ អឺរ៉ុប អាស៊ី និងអាហ្វ្រិក តាមរយៈគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ មកទល់នឹងពេលនេះ ប្រទេសចំនួន ១២៤ និងអង្គការអន្តរជាតិ ២៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើមនេះជាមួយចិន៕
Tag:
ឥណ្ឌា ជប៉ុន ចិន ស្រីលង្កា
BRI
© រក្សាសិទ្ធិដោយ thmeythmey.com