ជាតិ
ក្រុមហ៊ុន​កូរ៉េ​មួយ ចង់​វិនិយោគ​លើ​ប្រព័ន្ធ​ទឹកស្អាត និង​ថាមពល Solar នៅ​កម្ពុជា​
27, May 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​កូរ៉េ គ្រោង​វិនិយោគ​លើ​ប្រព័ន្ធ​ទឹកស្អាត និង​ថាមពល Solar Hope Farm ដោយ​ប្រើ​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​នៅ​កម្ពុជា​។ គម្រោង​នេះ ត្រូវបាន​ពិភាក្សាគ្នា ដោយ​លោក ហ្គូ​ហា ជាំ​ង (Gyu-Ha Jang) អនុប្រធាន​សមាគម​អ្នក​នាំចូល​កូរ៉េ (KOIMA) និង​លោក ប៉ាន សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។​

 
​លោក ហ្គូ​ហា ជាំ​ង បាន​និយាយថា ក្រុមហ៊ុន​លោក​ចង់​សាកល្បង​គម្រោង​នេះ​ជាមុនសិន មុននឹង​បោះទុន​វិនិយោគ ហើយ​លោក​ក៏​ចង់​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​ក្នុងស្រុក ដើម្បី​អនុវត្ត​គម្រោង​នេះដែរ​។ បើតាម​លោក ហ្គូ​ហា ជាំ​ង ការវិនិយោគ​លើ​ប្រព័ន្ធ​ទឹកស្អាត និង​ថាមពល ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Solar Hope Farm ដែលជា​បច្ចេកវិទ្យា​ថ្មី​នេះ គឺអាច​ស្ដុក​ទុក​ទឹកស្អាត និង​ផ្ដល់​ថាមពល​អគ្គិសនី ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​។​
 
​ក្រៅពីនេះ​ក្រុមហ៊ុន​លោក ក៏​កំពុង​ពិនិត្យ​លទ្ធភាព​នាំចូល​ម្រេច​កំពត​ពី​កម្ពុជា​ទៅ​កូរ៉េ​ទៀតផង​។ ចំពោះ​បំណង​ចង់​នាំ​ម្រេច​កម្ពុជា ចូល​ទីផ្សារ​កូរ៉េ ជា​ចំណុច​សំខាន់​មួយ ដែល​កម្ពុជា​ចង់បាន​។ លោក ប៉ាន សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជំរុញ​ឲ្យ​លោក ជាំ​ង និង​សហការី ចុះទៅពិនិត្យ​ចំការ​ម្រេច​នៅ​កំពត​ផ្ទាល់ ដើម្បី​ស្វែងយល់​បន្ថែម និង​ពិនិត្យ​ឱកាស​នាំចេញ ខណៈដែល​ម្រេច​កម្ពុជា កំពុងមាន​តម្លៃ​ខ្ពស់ ក្រោយ​មានការ​ទទួលស្គាល់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ពី​សំណាក់​សហភាព​អឺរ៉ុប​។​
 
​ងាក​មក​ការវិនិយោគ​លើទឹក​ស្អាត និង​ថាមពល Solar​វិញ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ក៏​ចង់ឃើញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នៅតាម​ជនបទ​ដែរ​។ ជាពិសេស​នៅ​តំបន់​ដែល​មិនទាន់មាន​អគ្គិសនី និង​ទឹកស្អាត​។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ឲ្យ​លោក ជាំ​ង រៀបចំ​ជា​សំណើ និង​ផែនការ​ធុរកិច្ច​ឲ្យ​បាន​លម្អិត សម្រាប់​សម្រួល​ដល់​ការពិភាក្សា និង​ស្វែងរក​ដៃគូ​ធុរកិច្ច​នេះ​៕

Tag:
 ប៉ាន សូរ​ស័ក្តិ​
  ទឹកស្អាត​
  Solar
© រក្សាសិទ្ធិដោយ thmeythmey.com