ជាតិ
ការ​កើន​កម្ដៅ​ភពផែនដី​កើត​ឡើងជា​សកល​និង​មាន​ទម្រង់​ខុសៗ​គ្នា​
27, May 2019 , 10:39 pm        
រូបភាព
សៀមរាប​៖ ការកើនឡើង​កម្ដៅ​ភពផែនដី កំពុង​ត្រូវបាន​ជជែក​យ៉ាង​ផុលផុស​ដោយ​ក្រុមការងារ​អន្ដររដ្ឋាភិបាល​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា IPCC ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​សកម្មភាព និង​របកគំហើញ​រប​ស់​ក្រុមការងារ IPCC​។ អ្នកជំនាញ​ផ្នែក​ប្រែប្រួល​អាកាសធាតុ​ពន្យល់ថា ការកើនឡើង​នូវ​កម្ដៅ​ភពផែនដី​មិនមែន​កើតឡើង​តែ​នៅ​កម្ពុជា​ឬ​ប្រទេស​នៅ​តំបន់​អាស៊ាន​ទេ ផ្ទុយទៅវិញ​វា​បានកើត​ឡើងជា​សកល និង​មាន​ទម្រង់​ខុសៗ​គ្នា​។

 
​បណ្ឌិត ព្រី​យ៉ា​ដា​ស្ស៊ី អ​. ស៊ូ​ក្លា សហប្រធាន​ក្រុមការងារ​ទី​៣​នៃ​ក្រុមការងារ IPCC លើកឡើងថា កម្ពុជា​និង​ឡាវ មាន​ភាព​ងាយ​រងគ្រោះ​ខ្លាំង និង​ទទួលរង​ផលប៉ះពាល់​ក្នុងការ​ប្រែប្រួល​អាកាសធាតុ​។ ការប្រែប្រួល​អាកាសធាតុ​នេះ គឺ​សំដៅ​ទៅលើ​ចំណុច​ផ្សេងៗ​ដែល​រួមមាន​ការកើនឡើង​នៃ​សីតុណ្ហភាព ក៏ដូចជា​ការផ្លាស់ប្ដូរ​នៃ​របរ​ទឹកភ្លៀង​ជាដើម ដែល​ប៉ះពាល់​ទាំង​សុខភាព​មនុស្ស ប៉ះពាល់​ដល់​ដំណាំ បង្កឱ្យមាន​នីវ៉ូទឹក​សមុទ្រ​កើនឡើង ក៏ដូចជា​បាត់បង់​នូវ​រុក្ខជាតិ​ក្រោម​សមុទ្រ​ជាដើម​។ បណ្ឌិត ព្រី​យ៉ា​ដា​ស្ស៊ី ពន្យល់ថា ការយល់ដឹង​ពី​ការប្រែប្រួល​អាកាស​ធាតុពិត​ជាមាន​សារសំខាន់​ណាស់ ដើម្បីឱ្យ​មានការ​យល់ដឹង និង​បង្ការ​ពី​បញ្ហា​ផ្សេងៗ ក៏ដូចជា​ដឹង​ពី​ដំណាំ​ណា​ដែល​ត្រូវ​ដាំ​ឱ្យ​ស្របតាម​អាកាសធាតុ និង​ផ្សុំ​ា​ខ្លួន​ឱ្យបាន​ជាមុន​។​
 
​ទាក់ទង​នឹង​ការកើនឡើង​នូវ​កម្ដៅ​ផែនដី​នេះដែរ សហប្រធាន​ក្រុមការងារ​ទី​៣​នៃ​ក្រុមការងារ IPCC ពន្យល់ថា ជាប្រចាំ​ថ្ងៃ​ការកើនឡើង​កម្ដៅ​ភពផែនដី គឺមាន​ទម្រង់​ខុសគ្នា​។ ការឡើង​កម្ដៅ​មិនមែន​កើតឡើង​នៅ​ស្រុក​ខ្មែរ​ទេ តែ​កើត​ឡើងជា​សកល ប៉ុន្តែ​ពេលខ្លះ​វា​កើតឡើង​នៅពេល​នីវ៉ូ​សមុទ្រ​កើនឡើង​ក្នុង​សមុទ្រ វា​បង្ក​ជា​មហន្ដរាយ​បែប​មួយ ខុសពី​ការឡើង​កម្ដៅ​លើ​ភពផែនដី​ដែល​វា​មាន​មហន្ដរាយ​បែប​មួយ​។​
 
​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​សកម្មភាព និង​របកគំហើញ​រប​ស់​ក្រុមការងារ IPCC នៅ​ព្រឹក​ថ្ងៃទី​២៧ ឧសភា នៅ​សណ្ឋាគារ អង្គរ ស៊ិន​ជូ​រី ខេត្តសៀមរាប​ដែលមាន​អ្នកចូលរួម​ប្រមាណ​២០០​នាក់ លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​លើកឡើងថា សិក្ខាសាលា​នេះ ពិត​ជាមាន​សារសំខាន់​ណាស់​ក្នុង​ការផ្តល់​ជាគោលការណ៍​ណែ​នៃ​គន្លឹះ​ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​អ្នកជំនាញការ អ្នកវិភាគ និង​មន្ត្រី​រាជរដ្ឋាភិបាល​ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ និង​គោលនយោបាយ​ពាក់ព័ន្ធ​សម្រាប់​ប្រទេស​កម្ពុជា​។​
 
​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បន្ថែមថា កម្ពុជា​ត្រូវបាន​ចាត់ថ្នាក់​ក្នុងចំណោម​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​លើ​ពិភពលោក ដោយ​ការប្រែប្រួល​អាកាសធាតុ​។ នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​ប្រឈម​នឹង​រលក​កម្ដៅ​ខ្ពស់បំផុត ដែល​បង្ខំ​ឱ្យ​ក្រសួង​ត្រូវ​កែតម្រូវ​ម៉ោង​សិក្សា​របស់​សិស្ស ជាពិសេស​កុមារ​តូចៗ​ដែល​ងាយ​រងគ្រោះ​ជាងគេ​។ លោកស្រី ម៉ុម ថា​នី បន្ថែមថា យោងតាម​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប៉ាន់ស្មាន​នៅក្នុង​របាយការណ៍​វិភាគ​ម៉ូ​ដែល​ស្ដីពី​ការ​ដំណោះស្រាយ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​លើ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា (GDP) អាច​ថយចុះ​ជិត​១០​ភាគរយ ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នៅ​ឆ្នាំ ២០៥០ ក្នុងករណី​ដែល​មិន​ដោះស្រាយ​បញ្ហា​នេះ​នាពេល​បច្ចុប្បន្ន​៕
 

Tag:
 ការប្រែប្រួល​អាកាសធាតុ​
  IPCC
© រក្សាសិទ្ធិដោយ thmeythmey.com