ONE Championship
កីឡាជាតិ
ជាតិ
វី ស្រី​ខួច ប្រឹង​ហ្វឹកហាត់​ត្រៀម​ប្រកួត​ស៊ី​ហ្គេម ប៉ុន្តែ ស្ទើរ​អត់​ឡើង​សង្វៀន​ប្រដាល់សកល​
27, May 2019 , 11:19 pm        
រូបភាព
ដោយ​៖ ស៊ី​ធី  

 អ្នក​ប្រដាល់ វី ស្រី​ខួច ដែលជា​កីឡាការិនី​លេចធ្លោ​ម្នា​ក់នៅ​កម្ពុជា បាន​ខិតខំ​ប្រឹង​ហ្វឹកហាត់​ប្រដាល់សកល​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ហ្វីលីពីន​ចាប់ពី​ថ្ងៃទី ៣០ ខែ វិច្ឆិកា រហូតដល់ ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខ​។ ប៉ុន្តែ​បញ្ហា​ប្រឈម​នោះ​គឺ​ស្រី​ខួច ស្ទើរតែ​មិនបាន​ឡើង​រេញ​ប្រកួត​ដើម្បី​វាស់​ស្ទង់​សមត្ថភាព មុន​ចេញទៅ​ប្រកួត​កម្រិត​តំបន់​អាស៊ាន​មួយ​នេះ​។


 
​កីឡាការិនី​វ័យ ២៥ ឆ្នាំ​បាន​លើកឡើងថា ៖«​ខ្ញុំ​ចូល​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ជិត ៣ ខែ​មកហើយ​។ ខ្ញុំ​ត្រូវតែ​ខំប្រឹង​ហ្វឹកហាត់​ខ្លាំងក្លា​តាមតែ​អាចធ្វើ​ទៅបាន​។ ប៉ុន្តែ​បញ្ហា​ប្រឈម​របស់ខ្ញុំ​គឺ​ស្ទើរ​អត់​បាន​ឡើង​រេញ​ប្រកួត​ទាល់តែសោះ​។ ពេល​ហ្វឹកហាត់​រាល់ថ្ងៃនេះ ខ្ញុំ​ឡាំ ឬ វ៉ៃ​ពេល​ហាត់​តែ​ជាមួយ​កីឡាករ​ប្រុសៗ ប៉ុណ្ណោះ​។ ដល់​អីចឹង យើង​មិនដឹងថា​សមត្ថភាព​យើង​កម្រិតណា​ទេ​។ បើ​មាន​គូ​វ៉ៃ​ទៅ​ទើប​យើង​អាច​សុំា​នឹង​ស្ថានភាព​។ ពេល​ហ្វឹកហាត់​ជម្រើសជាតិ​ហ្នឹង ខ្ញុំ​វ៉ៃ​បាន​ម្ដងគត់​ពេល​ជម្រុះ​ប្រដាល់សកល​នៅ​ទ្វីបអាស៊ី នា​ក្រុង​បាង​ក​ប្រទេស​ថៃ​កាល​ចុងខែ កុម្ភៈ កន្លងទៅ​។ មួយទៀត យើង​ហាត់​ត្រៀម​វ៉ៃ​សកល ប៉ុន្តែ​បើ​មាន​សង្វៀន​គេ​ចាប់​គូ​ឲ្យ វ៉ៃ​ក៏​វ៉ៃ​ប្រដាល់សេរី​ដែរ​ភាគច្រើន​ព្រោះ​អត់​សូវ​មាន​គូ​កីឡាការិនី​លើស​ង្វៀន​នីមួយៗ​»​។ 


 
​ពេល​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ដែល​ប្រមូលផ្ដុំ​ដោយ​ក្រសួង​អប់រំ យុវជន និង កីឡា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ជិត ៣ ខែ​មកនេះ ស្រី​ខួច ហ្វឹកហាត់​ជាមួយ​គ្រូ​ប្រដាល់​ជម្រើសជាតិ Rolando Castellano Rodriquez ជនជាតិ​គុយបា លោក វ៉ែន សុផល​, លោក ជ័យ ណា​រ៉ា​, និង លោក ឡុង សា​លីន​។ ពេលវេលា​នៃ​ការហ្វឹកហាត់​គឺ ព្រឹក និង ល្ងាច ជាប្រចាំ​រាល់ថ្ងៃ​។​
 
​កីឡាការិនី​ដែល​ធ្លាប់​ឡើង​សង្វៀន​អន្តរជាតិ ONE Championship ចំនួន ៤ លើក​រូបនេះ​បាន​រៀបរាប់​បន្តថា ៖«​ខ្ញុំ​ធ្លាប់​ចូលរួម​ស៊ី​ហ្គេម​ឆ្នាំ ២០១៧ ម្ដង​នៅ​ម៉ាឡេស៊ី តែ​ខ្ញុំ​ចាប់​គូ​ប៉ះ​កីឡាការិនី​ថៃ​ចាញ់​ជុំ​ទី​១ តែម្ដង​ដោយ​ពិន្ទុ​។ នោះ​ជា​លើក​ទី​១​ពេល​វ៉ៃ​នៅ​ស៊ី​ហ្គេម ហើយ​ពេលខ្លះ​ប៊ិះ​ច្រ​លំៗ​វ៉ៃ​សេរី រួមទាំង​ការ​ភ័យ​តិចៗ​ខ្លះ​ផង​។ ប៉ុន្តែ​ពេលនេះ​ខ្ញុំ​អាច​គ្រប់គ្រង​អារម្មណ៍​បានល្អ​មិន​ចាញ់​ច្រាប​ដូច​មុន​ទេ​។ អ្វីដែល​ផ្លាស់ប្ដូរ​នោះ​ខ្ញុំ​វ៉ៃ​គីឡូ ៦០ ដែល​ខុសពី​ពីរ​ឆ្នាំមុន​វ៉ៃ​គីឡូ ៥៧​។ ក្នុង​វិញ្ញាសា ៦០ គីឡូក្រាម ខ្ញុំ​គិតថា​អាច​ល្អ​ជាង​មុន​ព្រោះ​អត់​សូវ​មាន​អ្នកលេង​គីឡូ​នេះ​ច្រើន​ទេ​។ បើ​គីឡូ ៥៧ មាន​គេ​លេង​ច្រើន ហើយ​សម្បូរ​កីឡាការិនី​ល្អៗ​ទៀតផង​។ ខ្ញុំ​រំពឹង​បាន​លទ្ធផល​ល្អ​ពី​ការប្រកួត​ទម្ងន់ ៦០ គីឡូក្រាម នៅ​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ​»​។  
 
​គួរ​ដឹង​ដែរ​ថា វី ស្រី​ខួច បាន​ចូល​ហ្វឹកហាត់​ប្រដាល់ ជាមួយ​បងប្រុស​បង្កើត​ឈ្មោះ វី សាវុធ នៅ​ក្លិប​ឥន្ទ្រី​កីឡា ដែលមាន​គ្រូបង្វឹក​លោក ដួង បូរី ។ ក្លិប​ប្រដាល់​នេះ​ស្ថិតនៅ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​របស់គេ​។ ក្រៅពី​ប្រកួត​ប្រដាល់សេរី​ជា​ហូរហែ​នៅលើ​សង្វៀន​តាម​ទូរទស្សន៍​នាពេល​កន្លងមក ស្រី​ខួច ក៏​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​គុន​ចម្រុះ​លំដាប់​អន្តរជាតិ ONE Championship បាន​ចំនួន ៤ ដង​ក្នុងនោះ​ឈ្នះ ២​ដង និង ចាញ់ ២ ដង​៕ 


 

Tag:
 MMA
  វី ស្រី​ខួច
© រក្សាសិទ្ធិដោយ thmeythmey.com