ជាតិ
សេដ្ឋកិច្ច
លោក អ៊ិត សំហេង​៖ កម្ពុជា​កំពុង​ជួប​បញ្ហា​ផ្គត់ផ្គង់​ជំនាញ សម្រាប់​ទីផ្សារការងារ​
28, May 2019 , 7:59 am        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ(រូបពីក្រសួង)
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ(រូបពីក្រសួង)
ដោយ:
​ភ្នំពេញ​៖ បច្ចុប្បន្ន កម្ពុជា​កំពុង​ប្រឈម​បញ្ហា​ភាពមិន​ផ្គូរ​ផ្គង​គ្នា​នៃ​ជំនាញ និង​ការងារ និង​បញ្ហា​ផ្គត់ផ្គង់​ជំនាញ​មិន​គ្រប់គ្រាន់ ដោយសារតែ​ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល មិនទាន់​អាច​ផលិត​ធនធានមនុស្ស​ឆ្លើយតប​តម្រូវការ​ទីផ្សារ​។ នេះ​បើតាម​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​


 
«​ជាក់ស្ដែង កម្ពុជា​កំពុង​ជួបប្រទះ​បញ្ហា​ភាពមិន​ស៊ីគ្នា​នៃ​ជំនាញ និង​ការផ្គត់ផ្គង់​ជំនាញ​មិន​គ្រប់គ្រាន់ ដោយសារតែ​ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល នៅមានកម្រិត និង​មិនទាន់​អាចឆ្លើយតប​នឹង​តម្រូវការ​កម្លាំង​ពលកម្ម​ដែល​កំពុង​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​»​។ លោក អ៊ិត សំហេង បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​បើក​កិច្ចសន្ទនា​ជាន់ខ្ពស់​ថ្នាក់ជាតិ​ស្ដីពី​អនាគត​នៃ​ការងារ​សម្រាប់​កម្ពុជា នៅ​ថ្ងៃទី​២៧​ខែឧសភា​។​
 
​ការលើកឡើង​របស់លោក អ៊ិត សំហេង ដូចខាងលើ​នេះ​មិន​ខុសគ្នា​ពី​របាយការណ៍​ធនាគារ​ពិភពលោក ដែល​ចេញផ្សាយ​កន្លងមក​នោះទេ​។ អ្នកជំនាញ​របស់ World Bank បានផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​ត្រូវធ្វើ​ការ​ជិតស្និត​ជាមួយ​វិស័យ​ឯកជន ដើម្បី​ដឹងថា​ក្រុមហ៊ុន​សហគ្រាស ត្រូវ​ការងារ​ជំនាញ​អ្វី ដើម្បី​តម្រង់ទិស​ការអប់រំ​បណ្ដុះបណ្ដាល ឬ​ការផ្គត់ផ្គង់​ជំនាញ​របស់​យុវជន ឲ្យ​ឆ្លើយតប​នឹង​តម្រូវការ​ទាំងនោះ​។ ម្យ៉ាងវិញទៀត រដ្ឋាភិបាល​ធ្វើយ៉ាងណា​ត្រូវបង្កើត​មជ្ឈមណ្ឌល​ផ្ដល់ព័ត៌មាន ឬ​ប្រព័ន្ធ​ផ្លូវការ សម្រាប់​ជា​កន្លែង​ផ្គូរ​ផ្គង​តម្រូវការ​រវាង​យុវជន និង​ថៅកែ​និយោជក​។​
 
​ភ្ជាប់​ជាមួយ​បញ្ហា​ផ្គត់ផ្គង់​ជំនាញ​នេះ រដ្ឋមន្ត្រីក្រសួង​ការងារ​លោក អ៊ិត សំហេង ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ការងារ​ទៅ​អនាគត ដោយសារ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​ផ្ដោតលើ​ស្វ័យប្រវត្តិកម្ម​ក្នុង​ផលិតកម្ម​សេដ្ឋកិច្ច​។ លោក​ថា កម្ពុជា​អាច​នឹងមិន​ទទួលបាន​ផលប្រយោជន៍​ពី​កត្តា​ប្រជាសាស្ត្រ​ដែលមាន​អត្រា​ប្រជាជន​វ័យក្មេង​ខ្ពស់ បើសិនណា​ធនធាន​ទាំងនោះ​មិនអាច​ចាប់យក​ការងារ​ក្នុង​បរិបទ​ថ្មីៗ​។ «​រចនាសម្ព័ន្ធ​ប្រជាសាស្ត្រ​វ័យក្មេង​បែបនេះ បានធ្វើ​ឲ្យ​កម្ពុជា​កំពុង​ទទួលផល​ចំណេញ​ពី​ភាគលាភ​ប្រជាសាស្ត្រ​ដែលជា​កាលានុវត្តភាព​ស​ម្រា​ប់​ជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។ ប៉ុន្តែ​ផលចំណេញ​នេះ នឹង​មិនអាច​សម្រេចបាន​នោះទេ ប្រសិនបើ​ប្រជាជន​វ័យក្មេង​ទាំងនេះ មិន​ទទួលបាន​ការងារ​សម​រម្យ​ប្រកបដោយ​ផលិតភាព​»​។ លោក អ៊ិត សំហេង គូសបញ្ជាក់​បែបនេះ​។​
 
​លោក​បន្ថែម​ដូច្នេះ​ថា​៖«​យុវជន​ចាំបាច់​ត្រូវតែ​ទទួលបាន​ការអប់រំ​ចំណេះដឹង​ទូទៅ និង​បណ្ដុះបណ្ដាល​បច្ចេកទេស វិជ្ជាជីវៈ ប្រកបដោយ​គុណភាព និង​ឱកាស​ទទួល​ការសិក្សា​ពេញ​មួយជីវិត ដើម្បី​មាន​ជំនាញ​ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ក្នុងស្រុក និង​តំបន់​»​។​
 
​បច្ចុប្បន្ន កម្ពុ​ជាមាន​អត្រា​ប្រជាជន​អាយុ​ក្រោម​២៥​ឆ្នាំ​ចំនួន​៤៩,៥​ភាគរយ​នៃ​ប្រជាជន​សរុប និង​មាន​អត្រា​យុវជន អាយុ​១៥​ដល់​២៥​ឆ្នាំ ចំនួន​២៨,៩​ភាគរយ​នៃ​ប្រជាន​ជន​ដែល​ស្ថិតក្នុង​វ័យ​ធ្វើការ (​អាយុ​១៥​ដល់​៦៤​ឆ្នាំ​) ដែល​អត្រា​នេះ​កម្ពុជា​ត្រូវបាន​ចាត់ទុកជា​ប្រទេស​មាន​ប្រជាជន​វ័យក្មេង​។ នេះ​បើតាម​របាយការណ៍​លើកឡើង​ដោយ​លោក អ៊ិត សំហេង ។​
 
​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ការងារ​ក្នុង​ប​ដិ​វដ្ដន៍​ឧស្សាហកម្ម​ទី​៤ រដ្ឋមន្ត្រីក្រសួង​ការងារ​មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​មិនមាន​ជម្រើស​អ្វី​ក្រៅពី​បង្កើន​សមត្ថភាព​ជំនាញ​ដល់​កម្លាំង​ពលកម្ម បង្កើន​ផលិតភាព បង្រួម​គម្លាត​នៃ​ភាពមិន​ស៊ីគ្នា​នៃ​ជំនាញ ពង្រឹង​សេវា​ព័ត៌មាន​ទីផ្សារការងារ និង​សេវា​រក​ការងារ​ឲ្យ​ធ្វើ បង្កើន​គុណភាព​អប់រំ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុងទិសដៅ​ចាប់យក​អត្ថប្រយោជន៍​ជា​អតិបរមា និង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល​ពិភព​ការងារ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការជំនាញ​នាពេល​អនាគត​»​។​
 
​បើតាម​លោក អ៊ិត សំហេង រដ្ឋាភិបាល​បាន​មើលឃើញ​បញ្ហា​ទាំងនេះហើយ​បាន​ជាំ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ បានកំណត់​ពី​យុទ្ធសាស្ត្រ​ចាប់យក​បច្ចេកវិទ្យា​ថ្មីៗ លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា អភិវឌ្ឍន៍​ធនធានមនុស្ស និង​ការងារ ដើម្បី​ធានា​ការរីកចម្រើន​សេដ្ឋកិច្ច​។ ក្រៅពីនេះ​រដ្ឋាភិបាល បានដាក់​ចេញ​គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ និង​គោលនយោបាយ​ជាតិ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្នាំ​២០១៧-២០២៥ ដើម្បី​គាំទ្រ​ការផ្គត់ផ្គង់​ជំនាញ ស្របតាម​ការវិវត្ត​ថ្មីៗ​។​
 
​ការសិក្សា​របស់​អង្គការ ILO ក្នុង​ឆ្នាំ​២០១៦ ស្ដីពី​អនាគត​នៃ​ការងារ​ដែល​ប្រឈម​នឹង​ហានិភ័យ​ស្វ័យប្រវត្ត​កម្មបាន​បង្ហាញថា ៥៦​ភាគរយ​នៃ​ការងារ​សរុប​ក្នុងប្រទេស​អាស៊ាន​ចំនួន​៥ នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​ទៅនឹង​ការធ្វើ​ស្វ័យប្រវត្តិកម្ម​ក្នុង​រយៈពេល​២​ទស្សវត្សរ៍​ខាងមុខ ក្នុងនោះ​កម្ពុ​ជាមាន​អត្រា​៥៧​ភាគរយ ឥណ្ឌូណេស៊ី​៥៦​ភាគរយ ហ្វីលីពីន​៤៩​ភាគរយ ថៃ​៤៤​ភាគរយ និង​វៀតណាម​៧០​ភាគរយ​៕

Tag:
 ការងារ​
  ជំនាញ​
  អ៊ិត សំហេង​
© រក្សាសិទ្ធិដោយ thmeythmey.com