កីឡាជាតិ
ជាតិ
​ផ្ទាំង​ស៊ី​ប​របស់​ក្រុម​ខ្លាំង​! ៨​ប្រកួត​ចុងក្រោយ​របស់​កំពង់ចាម​ត្រូវគេ​ស៊ុត​ចូល​៨២​គ្រាប់​!
27, May 2019 , 6:16 pm        
រូបភាព
ដោយ:
​ក្រោយ​ជ័យជម្នះ​បើកឆាក ១-០ លើ​អគ្គិសនី​កម្ពុជា ក្រុម​ខេត្តកំពង់ចាម​បាន​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់​មកដល់​ស​ប្តា​ហ៍​ទី​៩​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ កាលពី​ថ្ងៃអាទិត្យ ពួកគេ​បាន​ចាញ់​ក្រុម​កំពូល​ណាហ្គា​វើ​ល​រហូតដល់​១៨-០ ដែល​ធ្វើ​ឲ្យ​៨​ប្រកួត​ចុងក្រោយ ពួកគេ​ត្រូវ​របូត​គ្រាប់​បាល់​ដល់​ទៅ​៨២​គ្រាប់​។ កីឡាករ​ប្រមាណ​១០​នាក់​បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងហោចណាស់ Hat-trick (​បី​គ្រាប់​) លើ​ក្រុម​ដែល​បាន​ឡើងមក​កាន់​ក្របខណ្ឌ​កំពូល​ដោយ​ស្វ័យប្រវត្តិ​មួយ​នេះ​។​

 
 
​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Esho Omogba សម្រេចបាន​៧​គ្រាប់​ម្នាក់ឯង ដើម្បី​រួមចំណែក​ជួយ​ឲ្យ​ណាហ្គា​វើ​ល​លត់​ក្រុម​ចំណូល​ថ្មី​កំពង់ចាម​ក្នុង​លទ្ធផល​ដ៏​កម្រ ១៨-០​។ ជ័យជម្នះ​ដ៏​ធំធេង​នេះ ជួយ​ឲ្យ​ណាហ្គា​បន្ត​គ្រង​កំពូល​តារាង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​ក្នុង​សប្តាហ៍​ទី​៩​។ សម្រាប់​ជំនួប​កាលពី​ថ្ងៃអាទិត្យ​នោះដែរ ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ភ្ញៀវ​សូល​ទី​ឡូ​អង្គរ និង​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ម្នាក់​៣​ពិន្ទុ​រៀងៗ​ខ្លួន ដើម្បី​ពង្រឹង និង​រំកិល​ទីតាំង​ខ្លួន​។​
 
​ក្រុម​ចំណូល​ថ្មី​កំពង់ចាម​កំពុង​ក្លាយជា​ផ្ទាំង​ស៊ី​ប សម្រាប់​ក្រុម​ខ្លាំងៗ​ក្នុង​លី​គ​កំពូល​ដូចជា ណាហ្គា​វើ​ល វិសាខា ព្រះខ័ន​រាជ​ស្វាយរៀង ក្រសួងការពារជាតិ អង្គ​រថា​យ​ហ្គឺ​រ និង​បឹងកេត​ជាដើម បាញ់​ដើម្បី​បង្កើន​គ្រាប់​បាល់​ចំណេញ​។ ពិសេស​វា​បាន​បង្ក​ឱកាសល្អ​សម្រាប់​កីឡាករ​ក្នុង​ការរក​គ្រាប់​បាល់ ដើម្បី​ប្រជែង​ដណ្តើម​តំណែង​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ប្រចាំ​រដូវ​កាល​ឆ្នាំ​២០១៩​។ កីឡាករ​ខ្លះ​អា​ចរក​គ្រាប់​បាល់​បាន​ចន្លោះ​ពី​៥​ទៅ​៧​គ្រាប់ ពេល​ក្រុម​របស់​ពួកគេ​ប៉ះ​ជាមួយ​ក្រុម​ចំណូល​ថ្មី​មួយ​នេះ​ម្តងៗ​។​
 
​ជាក់ស្តែង​ក្នុងជំនួប​សប្តាហ៍​ទី​៩ កាលពី​ថ្ងៃអាទិត្យ ទី​២៦ ឧសភា ក្រុម​ណាហ្គា​វើ​ល​បាន​លត់​កំពង់ចាម​ក្នុង​លទ្ធផល ១៨-0 ដែល​អ្នកគាំទ្រ​កីឡាបាល់ទាត់​មិន​នឹកស្មាន​កើតមាន​នៅ​លី​គ​កំពូល​កម្ពុជា​បច្ចុប្បន្ន​។ តាមរយៈ​គ្រាប់​បាល់​នេះ ជួយ​ឲ្យ​ណាហ្គា​វើ​ល អាច​បំបែក​កំណត់ត្រា​វិសាខា ដែល​រកបាន​១៤​គ្រាប់​ពី​កំពង់ចាម ដើម្បី​សាង​កំណត់ត្រា​អ្នករក​គ្រាប់​បាន​ច្រើនជាងគេ​ក្នុង​១​ប្រកួត​។ 
 
​ជ័យជម្នះ​ដ៏​ធំធេង​របស់​ណាហ្គា​វើ​ល ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Esho Omogba សម្រេចបាន​៧​គ្រាប់ ខណៈ Athuheire Kipson រកបាន​៥​គ្រាប់ រីឯ Zogbe Gbayoro Anderson សម្រេចបាន​ពីរ​គ្រាប់ និង​រួមចំណែក​ម្នាក់​១​គ្រាប់​ពី គួច សុក​ម្ភៈ​, គួច ដា​នី​, ឈន ដា​រ៉ា និង សុះ ស៊ូ​ហា​ណា​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ណាហ្គា​វើ​ល បន្ត​ឈរ​កំពូល​តារាង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​៩ មាន​២៤​ពិន្ទុ ជាមួយ​ជ័យជម្នះ​៨​លើក និង​ចាញ់​១​លើក​។ 
 
​បើ​មើ​លពី​៦​ប្រកួត​ធំៗ កំពង់ចាម​បាន​រហូត​គ្រាប់​បាល់​រហូត​៧៤​គ្រាប់ ក្នុងនោះ​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ ១១-០, ក្រសួងការពារជាតិ ១១-០, បឹងកេត ៧-០, វិសាខា ១៤-០, ព្រះខ័ន​រាជ​ស្វាយរៀង ១៣-០ និង​ណាហ្គា​វើ​ល ១៨-០​។ ប៉ុន្តែ​បើ​មើល​ពី​លទ្ធផល​រួម គិត​ត្រឹម​សប្តាហ៍​ទី​៩ ក្រុម​នេះ​របូត​គ្រាប់​បាល់​រហូត​៨២​គ្រាប់ ហើយ​រកបាន​តែមួយ​គ្រា​ប់​ប៉ុណ្ណោះ​។ 
 
​កីឡាករ​៦​រូប​អាច​សម្រេច​គ្រាប់​បាល់​បាន​ចន្លោះ​ពី​៣​ទៅ​៧​គ្រាប់​ពី​ជ័យជម្នះ​ទាំង​៦​ខាងលើ​។ កីឡាករ​ទាំងនោះ​រួមមាន​ខ្សែប្រយុទ្ធ Oiboh Julius របស់​បឹងកេត​, Dzarma Bata និង រ៉ឹង ប៊ុន​ហៀ​ង របស់​ក្រសួង​ពារ​ពារ​ជាតិ និង Yudai Ogawa របស់​អង្គ​រថា​យ​ហ្គឺ​រ ដោយ​ពួកគេ​សម្រេចបាន​៣​គ្រាប់​។ ចំណែក​ខ្សែប្រយុទ្ធ​វិសាខា កែវ សុខ​ផេង និង​ខ្សែប្រយុទ្ធ Jean Marie Privat របស់​ព្រះខ័ន​រាជ​ស្វាយរៀង​រកបាន​ម្នាក់​៧​គ្រាប់​។   
 
​ក្រុម​កំពង់ចាម​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏ដូចជា​គណៈកម្មាធិកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) ជ្រើសរើស​ឲ្យ​ឡើង​មកលេង​ក្នុង​ក្របខណ្ឌ​កំពូល​កម្ពុជា ដោយ​មិនបាន​ឆ្លងកាត់​ការប្រកួត​ជម្រើស​ជើងឯក​លី​គ​លំដាប់​ទី​២​។ ការអនុញ្ញាត​ឲ្យ​នេះ បន្ទាប់ពី​ក្រុម​នេះ​បានបង្ហាញ​ពី​មហិច្ឆតា​ចង់​ប្រកួត​ក្នុង​លី​គ​ទី​២ ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ខកខាន​រៀបចំ​នៅ​ឆ្នាំ​២០១៨​។ 
 
​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី​កាលពី​ថ្ងៃអាទិត្យ​នោះដែរ ក្រុម​ភ្ញៀវ​ព្រះខ័ន​រាជ​ស្វាយ​រៀន​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ក្នុង​លទ្ធផល ៣-០​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ ទទួលបាន​៣​ពិន្ទុ​បន្ថែម ដើម្បី​ពង្រឹង​ទីតាំង​ទី​២ ដោយមាន​២៣​ពិន្ទុ​។ កីឡាករ សឿ​យ វិសាល​, ហួយ ផល្លី​ន និង Jean Marie Privat ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​។ 
 
​ចំណែក​នៅ​កីឡដ្ឋាន EDC ក្រុម​ភ្ញៀវ​សូល​ទី​ឡូ​អង្គរ​បាន​យកឈ្នះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៤-២ ដោយ​កីឡាករ ប្រាក់ ចាន់​រតនា​, លី ម​ស្លី​ម​, Yuta Kikuchi និង Fumiya Kogure ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​សូល​ទី​ឡូ​អង្គរ ខណៈ​ពីរ​គ្រាប់​របស់​ម្ចាស់ផ្ទះ​រកបាន​ដោយ​កីឡាករ មួន ណា​រ៉ា​។ ជ័យជម្នះ​លើក​ទី​៣​នេះ​ជួយ​ឲ្យ​សូល​ទី​ឡូ​អង្គរ​រំកិល​ពី​លេខ​រៀង​ទី​១០​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៧​ដោយមាន​១២​ពិន្ទុ​។ 
 
​នា​ជំនួប​ដ៏​ស្វិតស្វាញ​នៅ​កីឡដ្ឋាន Smart R.S.N កីឡាករ ប្រាក់ ធី​វ៉ា បា​នរក​គ្រាប់​បាល់​នាំមុខ ១-0 ឲ្យ​ម្ចាស់ផ្ទះ​នៅ​នាទី​ទី​២៤​។ ភាពសប្បាយ​រីករាយរ​បស់​អ្នកគាំទ្រ​ភ្នំពេញ​ក្រោ​ន​ត្រូវបាន​រលត់ទៅវិញ បន្ទាប់ពី​កីឡាករ ដាវ នី​ម សម្រេច​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ភ្ញៀវ​គីរីវង់​សុខ​សែន​ជ័យ​នៅ​នាទី​ទី​៨៩​។ ប៉ុន្តែ​សម្រែក​ហ៊ោ​ក​ញ្ច្រៀ​វរ​បស់​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​បាន​បន្លឺឡើង​សាជាថ្មី បន្ទាប់ពី​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន សម្រេច​គ្រាប់​បាល់​ជ័យជម្នះ ២-១ ឲ្យ​ភ្នំពេញ​ក្រោ​ន​នៅ​នាទី​ទី​៩០+៣៕     
 

Tag:
 Cambodia League 2019
  កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com