អន្តរជាតិ
សិង្ហបុរី៖ បុរសម្នាក់រងពិន័យ២១៨ដុល្លារ ព្រោះបាញ់កៅស៊ូកងធ្លាក់លើផ្លូវសាធារណៈ រូបភាព Lianhe Wanbao
× បុរសសិង្ហបុរីម្នាក់ បានរងការពិន័យទឹកប្រាក់ចំនួន៣០០ដុល្លារសិង្ហបុរី (២១៨ដុល្លារអាមេរិក) បន្ទាប់ពីបានបាញ់កៅស៊ូកង ហើយក៏ធ្លាក់លើផ្លូវសាធារណៈ។ ទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរីនិយាយនៅថ្ងៃទី២៧ ខែឧសភា ថា បុរសម្នាក់នេះ ជាប់ពិន័យពីបទចោលសំរាមនៅទីសាធារណៈ។
ទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី (NEA) បានប្រាប់ទូរទស្សន៍ Channel NewsAsia ថា ហេតុការណ៍ខាងលើកើតឡើងកាលពីសប្ដាហ៍មុន ហើយបុរសបង្កកំហុសនោះ ក៏ត្រូវបានសមត្ថកិច្ចចេញវិក្កយបត្រផាកពិន័យចំនួន២១៨ដុល្លារអាមេរិកតែម្ដង។ រូបភាពរបស់វិក្កយបត្រផាកពិន័យនេះសរសេរពីកំហុសថា «ការចោលកៅស៊ូកងនៅទីសាធារណៈ» ត្រូវបានចែករំលែកលើបណ្ដាញសង្គមយ៉ាងទូលំទូលាយ។
បើតាម NEA មន្ត្រីអនុវត្តច្បាប់របស់ខ្លួនបានប្រទះឃើញបុរសម្នាក់នោះ ដើរសំដៅរថយន្តរបស់ខ្លួន ហើយបាញ់កៅស៊ូកងចំនួនពីរឡើងលើបន្តបន្ទាប់គ្នា ហើយក៏ធ្លាក់លើផ្លូវសាធារណៈ។ មន្ត្រី NEA ក៏បានប្រាប់បុរសរូបនេះពីកំហុសចោលសំរាមផ្ដេសផ្ដាស ហើយក៏ចេញវិក្កយបត្រផាកពិន័យទៅ។ បុរសនេះ មានពេលដល់ថ្ងៃទី៨ ខែកក្កដា ដើម្បីបង់ថ្លៃពិន័យ។
ក្នុងករណីខកខានបង់ប្រាក់ពិន័យនេះ បុរសដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណដដែលនេះ នឹងត្រូវឡើងតុលាការមិនខាន។ រូបគេប្រឈមមុខការជាប់ពន្ធនាគារ ឬក៏រងការពិន័យជាប្រាក់កាន់តែធ្ងន់ជាងមុខទៅទៀត។ ហើយបើនៅមិនបង្ហាញខ្លួនចំពោះមុខតុលាការទៀតនោះ ជនបង្កហេតុ នឹងត្រូវចាប់ខ្លួននៅគ្រប់ទីកន្លែងក្នុងទឹកដីសិង្ហបុរី ហើយការពិន័យនោះ ក៏រឹតតែធ្ងន់ធ្ងរថែមទៀត។
កាលពីថ្ងៃទី១៦ ខែឧសភា បុរសពីរនាក់ ក៏រងពិន័យម្នាក់២១៨ដុល្លារអាមេរិកដែរ បន្ទាប់ពីទុកកំប៉ុងភេសជ្ជៈរបស់ពួកគេលើប្រអប់ឈើនៅក្បែរស្ថានីយ៍រថភ្លើងមួយកន្លែង។ បួនថ្ងៃក្រោយ បុរសទាំងពីរក៏បានបង់ប្រាក់ពិន័យ។
ទីភ្នាក់បរិស្ថានសិង្ហបុរី ក៏ឆ្លៀតរំឭកពីផលប៉ះពាល់លើបរិស្ថានតាមរយៈការចោលសំរាមពាសវាលពាសកាល ហើយការសំអាតបរិស្ថានដោយការទុកដាក់សំរាមត្រឹមត្រូវ ជាសកម្មភាពសមសួន និងជាការទទួលខុសត្រូវផ្នែកសង្គមផង៕
© រក្សាសិទ្ធិដោយ thmeythmey.com