កីឡាអន្តរជាតិ
អន្តរជាតិ
Lampard ថានៅតែបន្តជាមួយ Derby ហើយច្រានចោលព័ត៌មានទៅដឹកនាំ Chelsea
× Frank Lampard ចេញមកអះអាងថាលោកនៅតែ «ស្រឡាញ់» ក្នុងការធ្វើការនៅ Derby County បន្តទៀត បើទោះជាខកខាននាំក្រុមឡើងទៅកាន់ Premier League បន្ទាប់ពីចាញ់ Aston Villa ២-១ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រវគ្គ Play-Off នៅថ្ងៃទី២៧ ខែឧសភា។
ការលើកឡើងរបស់ Lampard បែបនេះគឺនៅក្រោយពីមានការលេចលឺថារូបគេកំពុងមានជាប់ពាក់ព័ន្ធនឹងការវិលត្រឡប់ទៅកាន់ក្លិបចាស់ Chelsea វិញដើម្បីជំនួសលោក Maurizio Sarri ក្នុងនាមជាអ្នកចាត់ការទូទៅ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលី Sarri នៅរដូវកាលដំបូង ក្រុមតោខៀវធ្វើមិនសូវបានល្អឡើយបើទោះជាចំណាយប្រាក់ច្រើនសម្រាប់ទិញកីឡាករល្អៗក្តី។
យ៉ាងណាក៏ដោយបើទោះមានព័ត៌មានបែបនេះក្តី ប៉ុន្តែអតីតខ្សែបម្រើឆ្មើម Chelsea និងក្រុមជម្រើសជាតិអង់គ្លេស វ័យ៤០ឆ្នាំ ដែលឡើងដឹកនាំ Derby កាលពីដើមរដូវកាលមុន បានចេញមកបដិសេធអំពីការវិលត្រឡប់ទៅ Stamford Bridge ដោយអះអាងថាលោកគ្មានអ្វីពាក់ព័ន្ធរឿងខាងលើឡើយ។
«ខ្ញុំមិនមានការពិភាក្សាអ្វីជាមួយនរណាផ្សេងទៀតឡើយ។ ខ្ញុំជាអ្នកចាត់ការក្លិប (Derby) ហើយខ្ញុំមានមោទកភាពខ្លាំងណាស់ដែលបានក្លាយជាអ្នកចាត់ការក្លិបនេះ។ ខ្ញុំមានកិច្ចសន្យារយៈពេល២ឆ្នាំ ខ្ញុំស្រឡាញ់ការធ្វើការនៅទីនេះ ហើយខ្ញុំចង់បន្តធ្វើការងារនេះដដែលដើម្បីជួយក្លិបឲ្យរីកចម្រើន»។
ក្រុម Derby County ត្រូវបន្តលេងនៅក្របខណ្ឌ Championship រដូវកាលក្រោយ និងជារដូវកាលទី១២របស់ខ្លួនចាប់តាំងពីធ្លាក់ពីលីគកំពូលអង់គ្លេសតាំងពីឆ្នាំ២០០៨មក។ រីឯ Aston Villa ត្រូវបង្ហាញវត្តមាននៅក្របខណ្ឌ Premier League ក្រោយចំណាយពេល៣រដូវកាលនៅក្របខណ្ឌ Championship៕
Tag:
បាល់ទាត់
Frank Lampard
Derby County
Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com