ជាតិ
២៥ខេត្ត/រាជធានី
ទោះមានវ័យ៨០ឆ្នាំលោកយាយ រឿន នៅតែអាចដាំបន្លែសរីរាង្គលក់ឲ្យអ្នកភ្នំពេញហូប
× កំពង់ស្ពឺ៖ មានវ័យ៨០ឆ្នាំ លោកយាយម៉ែន សារឿន ប្រកបរបរដាំបន្លែសរីរាង្គសម្រាប់ផ្គត់ផ្គង់ដល់អតិថិជននៅក្នុងភូមិ និងផ្គត់ផ្គង់មកទីផ្សារក្នុងរាជធានីភ្នំពេញ។ ទោះមានវ័យចំណាស់ និងកម្លាំងខ្សោយក៏ដោយ លោកយាយម៉ែន សារឿន នៅតែអាចថែទាំ និងដាំបន្លែសរីរាង្គបានយ៉ាងល្អ។ កសិករវ័យ៨០ឆ្នាំ នៅខេត្តកំពង់ស្ពឺរូបនេះ អាចរកចំណូលបានពី ៥០ ទៅ៦០ម៉ឺនរៀលក្នុងមួយខែពីបន្លែសរីរាង្គ។
ស្ថិតក្នុងភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោកយាយម៉ែន សារឿន ជាកសិករម្នាក់មានវ័យចំណាស់ជាងគេ ក្នុងចំណោមក្រុមកសិករស្ត្រី ដែលដាំបន្លែសរីរាង្គលក់នៅក្នុងមូលដ្ឋាន និងរាជធានីភ្នំពេញ។ កសិករ សារឿន បានដាំបន្លែសរីរាង្គជាង១០ឆ្នាំមកហើយ ដោយទទួលបានការបណ្ដុះបណ្ដាល និងជំរុញពីអង្គការសេដាក។ កសិផលដែលលោកយាយ សារឿន បានដាំត្រូវផ្គត់ផ្គង់មកកាន់ផ្សារកសិផលសេដាក និងភោជនីយដ្ឋានអូក្រាក្នុងរាជធានីភ្នំពេញ។ បន្លែសរីរាង្គរបស់លោកយាយ សារឿន បានដាំរួមមាន៖ សាឡាដ, ស្ពៃក្រញាញ់, ស្ពៃចង្កឹះ និងស្ពៃតឿ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោកយាយ ម៉ែន សារឿន កសិករដាំបន្លែសរីរាង្គនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺដូចតទៅ៖
លោកយាយ សារឿន ត្រូវដើរមកស្រោចបន្លែសរីរាង្គ ដែលដាំនៅវាលស្រែជិតផ្ទះ ២ដង ក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាច។ ដូនចាស់រូបនេះ លើកឡើងថា របរដាំបន្លែសរីរាង្គបានជួយជីវភាពលោកយាយ ដោយមិនចាំបាច់កូនចៅចិញ្ចឹមឡើយ។ ម្យ៉ាងវិញទៀត ចំណូលដែលលោកយាយរកបាន អាចផ្គត់ផ្គង់តម្រូវខ្លួនឯង និងទុកមួយចំណែកសម្រាប់ធ្វើបុណ្យទានផងដែរ។ កសិករវ័យ៨០ឆ្នាំរូបនេះ ចាត់ទុកការដាំបន្លែ គឺជួយដល់សុខភាព។ លោកយាយ សារឿន បញ្ជាក់ថា ទាល់តែរែកទឹកស្រោចបន្លែលែងរួចទើបលោកយាយឈប់ដាំបន្លែសរីរាង្គនេះលក់៕
© រក្សាសិទ្ធិដោយ thmeythmey.com