ជាតិ
សង្គមជាតិ
កម្ពុជា​នាំចូល​ជ្រូក​ពី​ថៃ​ជិត​២​ពាន់​ក្បាល​ក្នុង​មួយថ្ងៃ ខណៈ​ជ្រូក​នៅ​វៀតណាម​មាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​
28, May 2019 , 12:39 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​បិទ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ជាង​៣​ខែ​មកហើយ ក្រោយពី​វៀតណាម​មាន​ផ្ទុះ​ជំងឺ​ជ្រូក​ប៉េស្ត​អា​ហ្រិ្វ​ក​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩​។ គិត​ត្រឹម​ខែឧសភា​នេះ អាជ្ញាធរ​វៀតណាម​បានសម្លាប់​ជ្រូក​ជិត​២​លាន​ក្បាល ដើម្បី​ទប់ស្កាត់​ជំងឺប៉េស្ត​ដែល​កំពុង​រាលដាល​ខ្លាំង​។ បច្ចុប្បន្ន​កម្ពុជា​នាំចូល​ជ្រូក​ជិត​២​ពាន់​ក្បាល​ពី​ប្រទេស​ថៃ​ក្នុង​មួយថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​។


 
​លោក តាន់ ផាន់​ណា​រ៉ា ប្រធាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រសួង​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ដែល​នៅ​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​បិទ​ការ​នាំចូល​ជ្រូក​ពី​វៀតណាម​ហើយ ដើម្បី​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​។ ចំពោះ​រាល់​ការ​នាំចូល​ជ្រូក​ពី​វៀតណាម​នោះ លុះត្រា​តែមាន​លិខិតបញ្ជាក់​ត្រឹមត្រូវ​ពី​ពេទ្យសត្វ​វៀតណាម ដែល​ធានាថា​ជ្រូក​ទាំងនោះ គ្មាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ លោក​ផាន់​ណា​រ៉ា បាន​បញ្ជាក់ថា​៖ «​បើ​មានការ​នាំចូល​ជ្រូក​ពី​វៀតណាម​ខុសច្បាប់ យើង​នឹង​ចាត់វិធានការ​តាមច្បាប់​»​។ 
 
​ក្រៅពី​ប្រាប់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ខេត្ត​-​ក្រុង​ទាំងអស់ ពង្រឹង​ការត្រួតពិនិត្យ​ការ​នាំចូល​ជ្រូក​ពី​វៀតណាម​នេះ ក្រសួងកសិកម្ម ក៏បាន​ប្រាប់​ឲ្យ​ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន​នាំចូល​ជ្រូក​ផ្អាក​ការនាំ​ចូល​ពី​ប្រទេស​វៀតណាម ដោយ​ងាក​ទៅយក​ជ្រូក​ពី​ប្រទេស​ថៃ​វិញ​ផងដែរ​។ បើតាម​ប្រធាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​រូបនេះ កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​ក្នុងការ​បំពេញតម្រូវកា​រ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​-​ខេត្ត​ក្រុង បន្ទាប់ពី​មានការ​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​ពី​១៥០០​ក្បាល ទៅ​២០០០​ក្បាល​ក្នុង​មួយថ្ងៃ​។ 
 
«​យើង​នៅតែ​បន្ត​ការតាមដាន និង​ទប់ស្កាត់​ករណី​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​បន្ថែមទៀត​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ផាន់​ណា​រ៉ា ដែល​បាន​បន្ថែមថា ពុំមាន​ករណី​ជ្រូក​ប៉េស្ត​អា​ហ្រិ្វ​កកើតឡើង​នៅ​កម្ពុជា​ទៀត​ទេ​។​
 
​បើ​គិត​ត្រឹម​ខែឧសភា​នេះ អាជ្ញាធរ​វៀតណាម​បានសម្លាប់​ជ្រូក​ជិត​២​លាន​ក្បាល​ដែល​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ហើយ ដើម្បី​រារាំង​កុំ​ឲ្យ​ជំងឺ​នេះ​រាតត្បាត​ឲ្យ​កាន់តែខ្លាំង​ឡើង ខណៈពេលដែល​ជំងឺ​នេះ​កំពុង​រាលដាល​ដល់​ខេត្ត​ចំនួន​៤២​ក្នុងចំណោម​ខេត្ត​ទាំង​៦៣​របស់​ប្រទេស​វៀតណាម​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងកសិកម្ម​វៀតណាម​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែឧសភា​។ 
 
​គួរ​បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​លើកដំបូង​នៅ​ឆ្នាំ​១៩០៧ នៅ​ប្រទេស​កេ​ន​ញ៉ា ហើយ​វា​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ទៅតាម​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក និង​ចុងក្រោយ ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ក្នុង​ឆ្នាំ​២០១៨ រួច​បន្ត​រាល​ឆ្លង​ចូលក្នុង​ប្រទេស​ចិន​។ បច្ចុប្បន្ន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ កំពុង​បន្ត​រាលដាល​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប៉ែក​ខាងជើង និង​កណ្តាល​នៃ​ប្រទេស​វៀតណាម​៕
 

Tag:
 ​ជ្រូក​
 ​កម្ពុជា​
 ​ថៃ​
 ​វៀតណាម​
 ​ជំងឺ​
© រក្សាសិទ្ធិដោយ thmeythmey.com