ជាតិ
២៥ខេត្ត/រាជធានី
អ្នកជំនាញកំពុងសិក្សានាំ«​ផ្កាអំបិល​»​ខេត្តកំពត​ជិត​១០​តោនទៅ​ជប៉ុន និង​អឺរ៉ុប​
28, May 2019 , 3:12 pm        
រូបភាព
​កំពត​៖ កំពត គឺជា​ខេត្ត​ផលិត​អំបិល​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។ គុណភាព​អំបិល​ខេត្តកំពត ដែល​ផលិត​ដោយ​ដៃ​ជា​លក្ខណៈ​ប្រពៃណី​របស់​ប្រជាកសិករ នៅក្នុង​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប ត្រូវបាន​ឈ្មួញ​នៅ​ប្រទេស​បារាំង​បញ្ជា​ទិញ​ចំនួន​១០៨​តោន តាមរយៈ​ក្រុមហ៊ុន Confirel កាលពី​មុ​ខែមេសា ឆ្នាំ​២០១៩​នេះ​។ ទន្ទឹមនឹង​ភាពល្បីល្បាញ​ពី​អំបិល​កំពត​នេះ «​ផ្កាអំបិល​» ដែលជា​ប្រភេទ​អំបិល​ដ៏​កម្រ និង​មាន​អត្ថប្រយោជន៍​ច្រើន​នេះ ត្រូវបាន​ក្រុម​កសិករ ១០​គ្រួសារ ប្រមូល​ផ្កាអំបិល​បាន​ជិត​១០​តោន ហើយ​ពួកគាត់​កំពុង​សិក្សា​ពី​ការនាំ​ចេញទៅ​សហភាព​អឺរ៉ុប​ និង​ទៅ​ប្រទេស​ជប៉ុន​។​

 
​សម្រាប់​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប ការប្រមូល​ផល​ផ្កាអំបិល គឺជា​រឿង​ថ្មី ប៉ុន្តែ លោក ប៊ុន រិ​ន ប្រធាន​បច្ចេកទេស​នៃ​សហគម​អ្នក​ផលិត​អំបិល​កំពត​-​កែប បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៩ នេះ មាន​សមាជិក​ចំនួន ១០​គ្រួសារ ប្រមូល​ផ្កាអំបិល​បាន​ជិត​១០​តោន​។ ហើយ​ពួកគាត់ កំពុង​សិក្សា​ពី​ការនាំ​ផ្កាអំបិល​ទាំងនោះ ទៅ​សហភាព​អឺរ៉ុប និង​ទៅ​ប្រទេស​ជប៉ុន​»​។ 


 
​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ លោក ប៊ុន រិ​ន បាន​បញ្ជាក់ថា ក្រុម​កសិករ​ទាំងនោះ បាន​នាំ​ផ្កាអំបិល​ទៅ​ប្រទេស​ជប៉ុន​បាន​ប្រមាណ​៥០០​គីឡូក្រាម ដោយ លក់​ក្នុងតម្លៃ​រង្វង់​ពី​៦​ទៅ​៧​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។ ដោយឡែក​ផ្កាអំបិល លក់រាយ​ក្នុងស្រុក​ទៅឱ្យ​ភោ​ជនី​ដ្ឋា​ន​ធំៗ មានតម្លៃ​ពី​១០​ទៅ​១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។​


 
​ផ្កាអំបិល គឺជា​អំបិល​កម្រ​មួយ​ប្រភេទ ដែល​អណ្តែត​លើ​ផ្ទៃ​ទឹក​ក្នុង​ស្រែអំបិល ប៉ុន្តែ មិនសូវមាន​អ្នក​ចាប់អារម្មណ៍ និង​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា​ឡើយ​។ លក្ខណៈពិសេស​នៃ «​ផ្កាអំបិល​» គឺមាន​សារធាតុ​សូ​ដ្យូ​មតិ​ច និង​មិនសូវមាន​ជាតិ​ប្រៃ​ខ្លាំង​។ លោក ប៊ុន រិ​ន ប្រធាន​បច្ចេកទេស​នៃ​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប បាន​ប្រាប់ ThmeyTmey 25 ថា គេ​អាច​ប្រើប្រាស់​ដើម្បី​ថែរក្សា​សម្រស់​នារី និង​ជួយ​ដល់​សុខភាព​បាន​ច្រើន ហើយ​ផ្កាអំបិល​ជាទូទៅ​គេ​យក​ខ្ចប់​ធ្វើជា​កាដូ ឬ​អំណោយ​សម្រាប់​ឱ្យ​អ្នកធំៗ ឬ​ភ្ញៀវ​បរទេស​។ សម្រាប់​ផ្កាអំបិល​នេះ សហគមន៍ ក៏បាន​យកទៅ​ចូលរួម​តាំងពិព័រណ៍​នៅ​បរទេស​ផងដែរ​។​

អត្ថបទទាក់ទង
 


 
​សហគ្រិន​ស្ត្រី​វ័យក្មេង ថូ​ង ធីតា ដែលមាន​ស្រែអំបិល​ផ្ទាល់ខ្លួន និង​ជា​អ្នកទិញ​ផ្កាអំបិល​ពី​កសិករ​ផង​នោះ បាន​ពន្យល់​ពី​ការផលិត​ផ្កាអំបិល​នេះ​ថា ដើម្បី​ផលិត «​ផ្កាអំបិល​» បាន កសិករ​ដែល​រស់នៅ​ភូមិ​ស្រែ ឃុំ​ត្រើយ​កោះ ក្រុង​កំពត ខេត្តកំពត ត្រូវយក​អំបិល​ដែល​អណ្តែត​នៅលើ​ផ្ទៃ​ទឹក​ក្នុង​ស្រែអំបិល​នោះ មក​ហាល​ឲ្យ​ស្ងួត ដើម្បី​ឲ្យ​ក្លាយជា​ផ្កាអំបិល​។ ការដាក់​ហាល​នេះ គឺមាន​រយ​:​ពេល​កំណត់​យូរថ្ងៃ​ជាង​ការ​ហាល​អំបិល​ធម្មតា ដែលមាន​រយៈពេល​ត្រឹមតែ​៣​ទៅ​៤​ថ្ងៃ​ប៉ុណ្ណោះ​។​


 
​កញ្ញា ថូ​ង ធីតា ម្ចាស់​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​ថូ​ង អ៊ិន​ធឺ​ប្រៃ​ស៍ (Thaung Enterprise) នៅ​ខេត្តកំពត បានបញ្ជាក់​ប្រាប់ ThmeyThmey25 ថា ការយក​អំបិល​អណ្តែត​លើ​ផ្ទៃ​ទឹក​ក្នុង​ស្រែអំបិល​នោះ មក​ហាល​បន្ថែម គឺ​ត្រូវការ​កម្ដៅថ្ងៃ​ក្ដៅ​ល្មម រួមផ្សំ​នឹង​ខ្យល់​ធម្មជាតិ និង​អាកាសធាតុ​ល្អប្រសើរ ទើប​ផលិត​បានជា​ផ្កាអំបិល​ដែលមាន​គុណភាព​ល្អ​។ ផ្កាអំបិល​នេះ មិនមែន​កើតមាន​នៅ​គ្រប់​រដូវ​ទេ ពោលគឺ​វា​មាន​ផ្កា​នៅ​អំឡុង​ខែមេសា ឬ​ឧសភា ប៉ុណ្ណោះ ដែល​គេ​ហៅថា ខែ​ចែ​ត្រ​ក្ដៅ​ខ្លាំង​។ «​ផ្កាអំបិល​» មិនមែនជា​អំបិល​ក្រួស​នោះទេ ពោលគឺ​វា​ជា​គ្រាប់អំបិល​ល្អិតៗ និង​ស​ជាង​អំបិល​ធម្មតា​៕









Tag:
 ផ្កាអំបិល
  អំបិលកំពត
  ជំនួញ
  កសិកម្ម
 
© រក្សាសិទ្ធិដោយ thmeythmey.com