ជាតិ
អ្នកជំនាញ​សុខភាព​សត្វ​នៃ​អង្គការ FAO កំពុង​តាមដាន និង​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​នៅ​កម្ពុជា​
28, May 2019 , 8:39 pm        
រូបភាព
រូបពីហ្វេសប៊ុក្រសួងកសិក​ម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពីហ្វេសប៊ុក្រសួងកសិក​ម្ម រុក្ខាប្រមាញ់ និងនេសាទ
​ភ្នំពេញ​៖ ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​មកពី​អង្គការ​ស្បៀងអាហារ និង​កសិកម្ម នៃ​អង្គការ​សហ​ប្រជា​តិ​ប្រចាំ​ទីក្រុង​បាងកក បានមក​កាន់​កម្ពុជា ដើម្បី​តាមដាន និង​ផ្ដល់​បច្ចេកទេស​គាំទ្រ​ដល់​វិធានការ​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ខណៈដែល​ជំងឺ​នេះ​កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​វៀតណាម​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

 
​តាមរយៈ​លោក Dr. Alexandre Huynh តំណាង​អង្គការ FAO ប្រចាំ​នៅ​កម្ពុជា បាន​ដឹកនាំ​ក្រុម​អ្នកជំនាញ​សុខភាព​ទាំងនោះ មក​ធ្វើ​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វិ​កនៅ​កម្ពុជា ក្នុង​គោលបំណង​ជួយ​រៀបចំ​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​មហន្តរាយ​នេះ សម្រាប់​កម្ពុជា​នាពេល​អនាគត​ផងដែរ​។ បើតាម​លោក Alexandre បេសកកម្ម​របស់​ក្រុមការងារ​មក​កម្ពុ​ជានា​ពេលនេះ គឺមាន​រយៈពេល​៥​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣១ ឧសភា​។​
 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន ចាត់ទុក​បេសកកម្ម​របស់​ក្រុម​អ្នកជំនាញ​សុខភាព​សត្វ​មក​កម្ពុជា​នេះ វា​នឹង​ជួយ​ដល់​សកម្មភាព​ការងារ​ក្រុម​អ្នកជំនាញ​ផ្នែក​សត្វ​កម្ពុជា មួយកម្រិត​ទៀត​។ រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដោយ​យល់ឃើញ​ពី​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នៃ​ជំងឺ​នេះ ដល់​ឧស្សាហកម្ម​ជ្រូក កន្លងមក​ក្រសួង​បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដោយ​ត្រូវ​សហការ​ជាមួយ​អន្តរ​ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពិសេស​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម សមាគម​អ្នក​ចិញ្ចឹម​ជ្រូក ផលិតករ អាជីវករ ដោយ​ត្រូវ​រួមគ្នា​អនុវត្ត​យ៉ាង​ខ្ជាប់ ខ្ជួន​នូវ​ខ្លឹមសារ​នៃ​សារាចរ​ណែ នាំ​លេខ​១១៩ សរ​ណន​.​កសក ចុះ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ ២០១៩ »​។​


 
​បើតាម​លោក វេ​ង សាខុន ក្រសួង​ក៏បាន​ប្រាប់​ប្រធាន​មន្ទីរ និង​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ទាំង ០៧ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​អនុវត្ត​ខ្លឹម​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ផងដែរ​។ អម​ជាមួយ​ការណែនាំ​នេះ ក្រសួង​ក៏​ព្រមាន​ពី​វិធានការ​រដ្ឋបាល និង​ច្បាប់ ចំពោះ​ប្រធាន​ផ្នែក​សុខាភិបាល​ជាប់​ព្រំដែន​ទាំង​នោះដែរ បើសិនជា​មានការ​ធ្វេសប្រហែស​លើ​ករណីនេះ​។  ចំណែក​អ្នក​ចិញ្ចឹម​ជ្រូក ,​ម្ចាស់​សត្តឃាតដ្ឋាន ,​អាជីវករ​លក់​សាច់ និង​អ្នក​នាំចូល​ជ្រូក ក៏ត្រូវ​អនុវត្ត​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ដែរ​។​
 
​បច្ចុប្បន្ន​កម្ពុជា នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​ពី​១៥០០​ក្បាល ទៅ​២០០០​ក្បាល​ក្នុង​មួយថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ ខណៈដែល​វៀតណាម កំពុង​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ ហើយ​ក្នុងករណី​នាំចូល​ជ្រូក​ពី​វៀតណាម​មក​កម្ពុជា​នោះ លុះត្រា​តែមាន​លិខិតបញ្ជាក់​ត្រឹមត្រូវ​ពី​ពេទ្យសត្វ​វៀតណាម ដែល​ធានាថា​ជ្រូក​ទាំងនោះ គ្មាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ នេះ​បើតាម​លោក តាន់ ផាន់​ណា​រ៉ា ប្រធាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។​
 
​ត្រង់ចំណុច​នេះ​លោក​ផាន់​ណា​រ៉ា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖ «​បើ​មានការ​នាំចូល​ជ្រូក​ពី​វៀតណាម​ខុសច្បាប់ យើង​នឹង​ចាត់វិធានការ​តាមច្បាប់​»​។​
 
​គិត​ត្រឹម​ខែឧសភា​នេះ អាជ្ញាធរ​វៀតណាម​បានសម្លាប់​ជ្រូក​ជិត​២​លាន​ក្បាល​ដែល​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ហើយ ដើម្បី​រារាំង​កុំ​ឲ្យ​ជំងឺ​នេះ​រាតត្បាត​ឲ្យ​កាន់តែខ្លាំង​ឡើង ខណៈពេលដែល​ជំងឺ​នេះ​កំពុង​រាលដាល​ដល់​ខេត្ត​ចំនួន​៤២ ក្នុងចំណោម​ខេត្ត​ទាំង​៦៣​របស់​ប្រទេស​វៀតណាម​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងកសិកម្ម​វៀតណាម​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែឧសភា​៕
 

Tag:
 ​វេ​ង សាខុន​
 ​កសិកម្ម​
  ប៉េស្ត​ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com