ជាតិ
សម្ដេច ស ខេង​៖ សំណង់​ក្នុង​វត្ត​អារាម​នៅ​កម្ពុជា ចំណាយ​យ៉ាង​ហោច​ក៏​រាប់រយ​លាន​ដុល្លារ​ដែរ​
28, May 2019 , 4:55 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដេច ស ខេង បានលើកឡើង​ពី​ការរីកចម្រើន​នៃ​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វត្ត​អារាម​នៅ​កម្ពុជា ដែល​ចំណាយ​មិនតិចជាង​រាប់រយ​លាន​ដុល្លារ​នោះទេ​។ ទន្ទឹម​សរសើរ​ការអភិវឌ្ឍ​ក្នុង​វត្ត​អារាម​ផ្នែក​រឹង សម្ដេច​បាន​ជំរុញ​ឲ្យ​មានការ​យកចិត្តទុកដាក់​បន្ថែមទៀត​លើ​ផ្នែក​ទន់ គឺ​ធ្វើយ៉ាងណា​ឲ្យ​វត្ត​អារាម ឬ​ព្រះពុទ្ធសាសនា កាន់​តែមាន​ឥទ្ធិពល​ដល់​ការប្រព្រឹត្តល្អ​របស់​មនុស្ស​ក្នុងសង្គម​។​


 
​សម្ដេច ស ខេង បានលើកឡើង​ដូចនេះ​ក្នុងឱកាស​សម្ដេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​នទី​ជោ​ត្ត​នា​រាម ហៅ​វត្ត​ខ្យោ​កជើង ស្ថិតនៅ​ឃុំ​ព​ពឹ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង នៅ​ថ្ងៃទី​២៥​ខែឧសភា​។​
 
​សម្ដេច ស ខេង មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​អភិវឌ្ឍហេ​ដ្ឋា​រ​ច​សម្ព័ន្ធ​ផ្នែក​រឹង គឺ​បាន​ឆាប់រហ័ស​ណាស់​។ ចង់​និយាយថា​យើង​ធ្វើ​វត្ត ធ្វើ​កុដិ ធ្វើ​ព្រះវិហារ ឧបដ្ឋានសាលា យើង​ធ្វើបាន​លឿន​ណាស់ ហើយ​ចំណាយលុយ​រាប់ពាន់​លាន បើ​មិន​ដល់​ពាន់​លាន ក៏​រាប់រយ​លាន​ដុល្លារ​ដែរ ដែលជា​ការចំណាយ​ធំ​ណាស់​»​។ 


 
​ទន្ទឹមនឹង​រីកចម្រើន​ផ្នែក​ហេ​ដ្ឋា​រ​ចនា​សម្ព័ន្ធតាម​វត្ត​អារាម សម្ដេច ស ខេង ជំរុញ​ឲ្យ​គិតគូរ​ដល់​ការពង្រឹង​ឥទ្ធិពល​ព្រះពុទ្ធសាសនា ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​។ លោក​ថ្លែង​ដូចនេះ​ថា​៖«​អ៊ីចឹង​ផ្នែក​រឹង គឺ​ខ្លាំង​ហើយ  តែ​ខ្ញុំព្រះករុណា ចង់​បង្វែរ​អារម្មណ៍​ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ពុទ្ធសាសនា​របស់​យើង​កាន់​មាន​មាន​ឥទ្ធិពល​ជ្រាលជ្រៅ កាន់តែ​រឹងមាំ​ថែមទៀត​។ យើង​កសាងបាន​វត្ត​អារាម​ហើយ ប៉ុន្តែ​បើ​គ្រាន់​តែមាន​វត្ត​អារាម តែបើ​មិនមាន​អ្នក​គោរព​តាម​ធម៌​ព្រះពុទ្ធ​បាន​ច្រើន​បានល្អ វត្ត​អារាម​ក៏​អត់​មាន​ប្រយោជន៍​ដែរ​»​។ 
 
​សម្ដេច​បន្ត​យ៉ាងនេះ​ទៀតថា​៖«​យើង​ធ្វើ​យ៉ាងម៉េច​ទាញ​ផលប្រយោជន៍​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​រឹង ទាញ​ផលប្រយោជន៍​ពី​ព្រះវិហារ ពី​វត្ត​ទាំងនោះ យកមក​ធ្វើ​យ៉ាងម៉េច​បម្រើ​សង្គម​ជាក់ស្ដែង​របស់​យើង ព្រោះ​វត្ត​គឺជា​មជ្ឈមណ្ឌល​អប់រំ​មនុស្ស​ឲ្យ​ធ្វើអំពើ​ល្អ លុបបំបាត់​នូវ​អំពើ​មិនល្អ នោះ​ហើយ​ជា​បញ្ហាសំខាន់​»​។​
 
​បច្ចុប្បន្ន​កម្ពុជា មាន​វត្ត​អារាម​ជាង ៥០០០​វត្ត និង​ព្រះសង្ឃ​ជាង ៦០០០០​អង្គ​៕
 

Tag:
 ស ខេង​
  វត្ត​
  ចំណាយ​លើ​វត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com