ជាតិ
សង្គមជាតិ
ប៉ូលិស បញ្ជូននារីខ្មែរអ៊ិស្លាមពីរនាក់ ទៅតុលាការ ពាក់ព័ន្ធនឹងគ្រឿងញៀន៧គីឡូក្រាម
28, May 2019 , 5:08 pm        
រូបភាព
ភ្នំពេញ៖ ស្ត្រីខ្មែរអ៊ិស្លាមពីរនាក់ ដែលជាជនសង្ស័យជួញដូរគ្រឿងញៀន ត្រូវបាននគរបាល បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៨ឧសភា ដើម្បីចាត់ការទៅតាមច្បាប់។ ដោយឡែក គ្រឿងញៀនជាង៧គីឡូក្រាម និងសម្ភារដែលនគរបាលរឹបអូសបាន នឹងបញ្ជូនទៅរក្សាទុក ដើម្បីកម្ទេចចោល។



អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រង់សម្តីរបស់លោក យិន បញ្ញារិទ្ធ នាយការិយាល័យក៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ទៅចុះផ្សាយថា នារីខ្មែរអ៊ិស្លាមទាំងពីរនាក់នោះ ត្រូវបានចាប់ខ្លួន និងដកហូតថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ជាង៧គីឡូក្រាម និងសម្ភារវេចខ្ចប់មួយចំនួនទៀត ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ កាលពីថ្ងៃទី២៦ឧសភា នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នារីទាំងពីរនាក់នោះ មានឈ្មោះ ហ៊ីម ពៅ អាយុ ២៥ឆ្នាំ និងឈ្មោះ ហ៊ីម ជុ អាយុ៣១ឆ្នាំ។

លោក យិន បញ្ញារិទ្ធ បានបញ្ជាក់ថា៖«នារីទាំងពីរនាក់នេះ បានប្រើប្រាស់ និងជួញដូរគ្រឿងញៀនពីពីរទៅបីគីឡូក្រាម ក្នុងមួយថ្ងៃ។ ការចាប់នារីទាំងពីរនេះ គឺមានកិច្ចសហការគ្នាគ្រប់ភាគីពាក់ព័ន្ធ ដែលស៊ើបអង្កេតអស់រយៈពេល១ខែ»៕

Tag:
 ថ្នាំញៀន
© រក្សាសិទ្ធិដោយ thmeythmey.com