កីឡាជាតិ
ជាតិ
រស់ សំអឿន បង្កើនការព្យាបាលហើយរំពឹងអាចលេងបាននៅជុំទី២ កីឡាករ រស់ សំអឿន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌ ពេលចូលរួមជាមួយវិសាខាកាលពីឆ្នាំ២០១៨
× ក្រោយសម្រាកព្យាបាលរបួសវះកាត់សរសៃពួរជង្គង់ប្រមាណ១ឆ្នាំ ខ្សែការពារ រស់ សំអឿន អាចចូលហ្វឹកហាត់ជាមួយក្រុមបានវិញហើយ។ ក្រៅហ្វឹកហាត់ស្តារសមត្ថភាព សំអឿន កំពុងផ្តោតលើការពង្រឹងផ្នែកស្មារតី និងអារម្មណ៍ ដើម្បីត្រៀមបង្ហាញខ្លួនលើទីលានប្រកួតក្នុងពេលឆាប់ៗខាងមុននេះ។ អតីតសមាជិកក្លិបបឹងកេតរូបនេះ នឹងទៅពិគ្រោះចុងក្រោយជាមួយគ្រូពេទ្យនៅវៀតណាម នាខែក្រោយ ដើម្បីធានាថា រូបគេអាចលេងបាន ឬមិនបាន។
គ្រូបង្វឹកក្រុមវិសាខាលោក ហុក សុជីវ័ន ជឿជាក់ថា កីឡាករ រស់ សំអឿន ដែលរងរបួសដាច់សរសៃពួរជង្គង់ នឹងអាចបង្ហាញខ្លួនជាមួយក្រុមវិសាខាឡើងវិញ នាជំនួបជុំទី២នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ ស្ថានភាពរបួសគេបច្ចុប្បន្ន មានភាពល្អប្រសើរស្ទើរ១០០ភាគរយ និងអាចចូលហ្វឹកហាត់ពេញជាមួយក្រុមបានទៀតផង។ ក្រៅពីហ្វឹកហាត់ពង្រឹងផ្នែកកាយសម្បទា និងសមត្ថភាព អតីតសមាជិកក្រុមបឹងកេតរូបនេះ កំពុងផ្តោតខ្លាំងលើការហ្វឹកហាត់ផ្នែកស្មារតី និងអារម្មណ៍ ដើម្បីស្តារសតិអារម្មណ៍ដែលដិតជាប់នឹងបញ្ហារបួសឲ្យមានភាពល្អប្រសើរ។
«គាត់(រស់ សំអឿន)ចូលហ្វឹកហាត់វិញហើយ តែគាត់ត្រូវការពេលវេលាដើម្បីពង្រឹងស្មារតី និងអារម្មណ៍ ដែលពាក់ព័ន្ធនឹងរបួសរបស់គាត់។ តាមពិតរបួសគាត់ជាហើយ តែគាត់ត្រូវការពង្រឹងសមត្ថភាពនិងបច្ចេកទេសឡើងវិញ។ ព្រោះបញ្ហារបួសជង្គង់ យើងត្រូវពេលវេលាច្រើន ក្រោយពីគាត់ជាពីរបួស យើងត្រូវឲ្យគាត់ហ្វឹកហាត់ពង្រឹងផ្នែកធ្លាប់រងរបួសឲ្យខ្លាំងឡើងវិញ ពិសេសពង្រឹងផ្នែកអារម្មណ៍ កុំឲ្យគាត់បារម្ភទៅលើបញ្ហារបួសកន្លងមក»។ នេះជាការលើកឡើងរបស់លោក ហុក សុជីវ័ន។
តាមវេជ្ជបញ្ជាអតីតកីឡាករជួយឲ្យក្លិបបឹងកេតលើកពានឆ្នាំ២០១៦ និង២០១៧រូបនេះ ត្រូវទៅពិគ្រោះចុងក្រោយជាមួយគ្រូពេទ្យជំនាញនៅប្រទេសវៀតណាមនៅអំឡុងខែមិថុនា ខាងមុខ ដើម្បីវាយតម្លៃពីស្ថានភាពរបួសឲ្យដឹងថា រូបគេអាចលេងបាន១០០ភាគរយ ឬត្រូវការពេលបន្ថែម ដើម្បីសម្រាកព្យាបាលបន្ត។
គិតតាំងពីវះកាត់កាលពីអំឡុងខែសីហា ឆ្នាំ២០១៨ បញ្ហារបួសដាច់សរសៃពួររបស់ រស់ សំអឿន បានចំណាយពេលប្រមាណជិត១ឆ្នាំហើយក្នុងការសម្រាកព្យាបាល។ សំអឿន បានរងរបួសនេះកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ អំឡុងពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅទីលានបាល់ទាត់ KMH Park៕
Tag:
បាល់ទាត់
ហុក សុជីវ័ន
វិសាខា
រស់ សំអឿន
© រក្សាសិទ្ធិដោយ thmeythmey.com