អន្តរជាតិ
លោក ត្រាំ អួត​អានុភាព​យោធា​៖ បើ​អាមេរិក​នៅ​លេខ​ពីរ គ្មាន​នរណា​លេខ​មួយ​ឡើយ​
28, May 2019 , 9:39 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើកដៃគំនាប់យោធាអាមេរិកនៅឯមូលដ្ឋានយោធា Yokosuka ។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើកដៃគំនាប់យោធាអាមេរិកនៅឯមូលដ្ឋានយោធា Yokosuka ។ រូបភាព AFP
​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ជប៉ុន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​អួតអាង​សមត្ថភាព​កងទ័ព​អាមេរិក​ដែល​លោក​ចាត់ទុកថា ខ្លាំងជាងគេ​លើ​លោក​។ លោក​និយាយ​បែបនេះ នាឱកាស​ទៅសួរសុខទុក្ខ​យោធា​អាមេរិក​នៅ​ថ្ងៃទី​២៨ ខែឧសភា​នៅឯ​មូលដ្ឋាន​ជើង​ទឹក Yokosuka ក្នុងប្រទេស​ជប៉ុន​។ មេដឹកនាំ​អាមេរិក​រូបនេះ​បាន​ប្រាប់​កងទ័ព​អាមេរិក​ទៀតថា អាមេរិក​មាន​សព្វាវុធ​ដែល​ប្រទេស​ផ្សេង​មិនអាច​ធ្វើ​ដូច​បានឡើយ​។

 
​មូលដ្ឋាន​កងទ័ព Yokosuka ជា​គោលដៅ​ចុងក្រោយ​គេ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​បួន​ថ្ងៃ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ទឹកដី​ជប៉ុន​។ មូលដ្ឋាន​នេះ ជា​បន្ទាយ​ទ័ពជើងទឹក​ដ៏​ធំ​មួយ​របស់​អាមេរិក​នៅ​ជប៉ុន ក៏ដូចជា​តំបន់​ប៉ាស៊ីហ្វិក​ទាំងមូល​ដែរ​។ លោក ត្រាំ ដែល​អមដំណើរ​ដោយ​ស្ត្រី​ទីមួយ មេ​ឡា​នា ត្រាំ បាន​ចូលរួម​ក្នុង​ពិធី​ជួបជុំ​ជាមួយ​យោធា​អាមេរិក​ជាង​៨០០​នាក់​នៅលើ​កប៉ាល់​ប្រយុទ្ធ USS Wasp ។​
 
​ចំពោះមុខ​កងទ័ព​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក លោក ត្រាំ ចាត់ទុក​យោធា​អាមេរិក​ជា​កងទ័ព​គួរ​ឲ្យ​ខ្លាច​បំផុត​ក្នុង​តំបន់ និង​លើ​ពិភពលោក​។ លោក​បន្តថា យោធា​អាមេរិក​គ្មាន​បំណង​ចុះ​ចេញពី​តំណែង​កំពូល​លើ​លោក​របស់ខ្លួន​ឡើយ ហើយ​អានុភាព​យោធា​អាមេរិក ក៏​គ្មាន​នរណា​អាច​ប្រជែង​បានឡើយ​។ នេះ​ក៏​ព្រោះ​អាមេរិក​មាន​អាវុធ មី​ស៊ី​ល រ៉ុក្កែត រថក្រោះ យន្តហោះ​ចម្បាំង​គ្រប់បែបយ៉ាង​ដែល​គ្មាន​ប្រទេស​ណា​អាច​ផលិត​ដូច​ឡើយ​។​
 
​ការ​ថ្លែង​របស់លោក ត្រាំ ត្រូវបាន​ស្វាគមន៍​ដោយ​យោធា​អាមេរិក​ដែល​ស្រែក​រំពង​អឹងកង​ក្នុង​កម្មវិធី​ជួបជុំ​ដដែល​។ លោក​អះអាងថា យោធា​អាមេរិក​ទាំង​ទ័ពជើងទឹក ទាំង​កម្លាំង​ម៉ា​រី​ន កំពុង​ប្រឈម​មុខការ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ដោយ​ការតាំង​ចិត្ត​យ៉ាង​មោះមុត​។ ប្រធានាធិបតី​អាមេរិក​រូបនេះ មិនបាន​និយាយ​ឲ្យ​ច្បាស់​ពី​បញ្ហា​ប្រឈម​នោះទេ តែ​បាន​ត្រឹម​បង្ហើប​ថា កូនទាហាន​អាមេរិក​ដឹង​ពីអ្វី​ដែល​លោក​កំពុង​អធិប្បាយ​។​
 
​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ការ​ងើបឡើង​របស់​ចិន ទំនងជា​អ្វីដែល​លោក ត្រាំ អគ្គមេបញ្ជាការ​កងទ័ព​អាមេរិក​ចង់​សំដៅ​ដល់​។ មកទល់​សព្វថ្ងៃ ក្នុង​ក្រសែភ្នែក​ទីក្រុង​វ៉ាស៊ីនតោន កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​កូរ៉េខាងជើង​របស់​ព្យុងយ៉ាង នៅតែ​ជាការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដដែល​។ ការ​ផ្ដោតលើ​មធ្យោបាយ​ការទូត​នៅ​រយៈពេល​ចុងក្រោយ​នេះ មិនបាន​ផ្ដល់​ផល​ច្រើន​ឡើយ ទោះជា​របប​ដឹកនាំ​កូរ៉េខាងជើង​ហាក់​បន្ធូរ​ដៃ​របស់ខ្លួន​ខ្លះ​ក្ដី​។​
 
​ង​ការ​ងើបឡើង​ដ៏​ឆាប់រហ័ស​របស់​ចិន​នៅក្នុង​តំបន់ ក៏​ជាការ​បារម្ភ​របស់​អាមេរិក​ដែរ ពិសេស​អានុភាព​យោធា​ជើង​ទឹក និង​សកម្ម​ផាព​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ទីក្រុង​វ៉ាស៊ីនតោន ប្រាកដជា​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ចំពោះ​សកម្មភាព​របស់​ទីក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​ផ្លូវ​ដឹកជញ្ជូន​ទំនិញ​មមាញឹក​មួយ​របស់​ពី​ភព​លោក​។ ការអនុវត្ត​សេរីភាព​នាវាចរណ៍​នៅ​តំបន់​នេះ តែង​ប្រតិកម្ម​ខ្លាំង​ពី​ទីក្រុង​ប៉េកាំង​៕ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com