ជាតិ
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
តើ​ការអភិវឌ្ឍ​ដីឡូត៍​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ​?
29, May 2019 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​មាន​កំណើនសេដ្ឋកិច្ច​ក្នុង​កម្រិត ៧% ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​។ ថ្មីៗ​នេះ ធនាគារពិភពលោក បាន​ប៉ា់ន់​ស្មានថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ថមថយ​ចុះ​បន្តិច​ក្រោម ៧% នៅ​ឆ្នាំ​២០១៩ ខណៈ​កាលពី​ឆ្នាំ​២០១៨ ស្ថាប័ន​មួយ​នេះ បាន​ប៉ាន់​ថា​មាន​កំណើន ៧.៥%​។
 
​ជាមួយគ្នានេះដែរ វិស័យ​អចលនទ្រព្យ ក៏ត្រូវ​បាន​គេ​មើលឃើញថា កំពុងតែ​រីកចម្រើន​ខ្លាំង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​។ វិស័យ​ដីធ្លី​ជា​ផ្នែក​មួយ​ដែល​ទទួលបាន​ការអភិវឌ្ឍ​ន ច្រើន​ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ និង​មានការ​ចាប់អារម្មណ៍​ខ្លាំង ពី​អ្នកទិញ​ក្នុងស្រុក​។ ក្នុងនោះ ការអភិវឌ្ឍ​ដីឡូត៍ បាន និង​កំពុង​តែមាន​សន្ទុះ​ខ្លាំង នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស កម្ពុជា​។ 
 
​តើ​ការវិនិយោគ​លើ​គម្រោង​ដីឡូត៍​នេះ បានផ្តល់​ផលចំណេញ​ចំណេញ​ដូចម្តេច ដល់​វិស័យ​អចលនទ្រព្យ​? ប៉ុន្តែ​វា​អាចមាន​ផល​អវិជ្ជមាន ដល់​ដំណើរការ​អភិវឌ្ឍន៍​វិស័យនេះ​ដែរឬទេ​?
​បើ​មើល​លើ​ទិដ្ឋភាព​ជាក់ស្តែង គម្រោង​ដី​ឡូ​តិ៍​បានផ្តល់​ផល​វិជ្ជមាន​ដូចជា​៖
 
​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​
​យើង​សង្កេតឃើញថា​គម្រោង​ដីឡូត៍​ជាច្រើន មាននៅ​តំបន់​ជាយក្រុង ហើយ​ការវិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​នេះ បាន​ចាប់យក​អតិថិជន​ក្នុងស្រុក ដែល​ចង់បាន​ដី​មួយ កន្លែង សម្រាប់​សាងសង់​គេហដ្ឋាន​មួយ និង​ធ្វើ​អាជីវកម្ម​នៅ​តំបន់​នោះ​។ ដូច្នេះ វា​ជំរុញ​ឲ្យ​មានការ​កើនឡើង នៃ​សកម្មភាព​សេដ្ឋកិច្ច នៅ​តំបន់​ដែលមាន​ដី​ឡូ​តិ៍​ផងដែរ​។ 
 
​ឱកាស​វិនិយោគ​របស់​អ្នក​ចំណូល​ទាប​
​អ្នក​ចំណូល​ទាប មិនមាន​ទ្ធ​ភាព​ទិញ​ផ្ទះ ឬ​ដី​ធំៗ​នោះទេ ប៉ុន្តែ​ពួកគេ​អាច​សន្សំ​ប្រាក់ ជាមួយ ការវិនិយោគ​ដីធ្លី (​ដី​ដែលមាន​ភាពស្របច្បាប់​)​។ ការអភិវឌ្ឍ​ដី​ឡូ​តិ៍ ជា​ឱកាសល្អ​សម្រាប់​អ្នក ចំណូល​ទាប ក្នុងការ​វិនិយោគ បើទោះបីជា​តំបន់​ដី​ឡូ​តិ៍ ស្ថិតនៅ​តំបន់​ឆ្ងាយ​ពី​ទីក្រុង​បន្តិច​ក្តី​។ ដោយ​សម្លឹង​ឃើញ​ផលចំណេញ នៃ​ការវិនិយោគ ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​គ្រប់គ្រាន់ ល្មម​អាច​នឹង​វិនិយោគ​បាន នាំគ្នា​សំរុក​ទិញ​ដី ដែលជា​ហេតុ​ធ្វើ​ឲ្យ​តម្រូវ​ការកើនឡើង ហើយ​វា​ក៏​ជំរុញ​ដល់​ដល់​តម្លៃ​អចលនទ្រព្យ នៅ​តំបន់​នោះ​ផងដែរ​។ ហេតុអ្វី​ទិញ​ដី​នៅ​ជិត​រោងចក្រ​?
 
​ធ្វើ​ឲ្យ​ទីក្រុង​រីក​ធំ​ឆាប់រហ័ស​
​ការអភិវឌ្ឍ​ដី​ឡូ​តិ៍​មាន​លក្ខណៈពិសេស​មួយ​ត្រង់​ថា វា​បាន​ត​ភ្ជាប់​តំបន់​ជាយក្រុង​ទៅនឹង​តំបន់​ក្រុង និង​បានប្រែក្លាយ​តំបន់​ស្ងប់ស្ងាត់ ឲ្យ​ប្រែក្លាយជា​តំបន់​មាន​សក្ដានុពល​។ បច្ចុប្បន្ន​ទីក្រុង​ភ្នំពេញ ត្រូវបាន​ពង្រីក​កាន់តែ​ធំ​ជាមុន ក្នុងនោះ​វត្តមាន​គម្រោង​ដី​ឡូ​តិ៍​នេះឯង ដែល​បាន​ទាញយក​ប្រជាជន​កាន់តែ​ច្រើនឡើង ឲ្យ​ទៅ​តាំងទី​លំនៅ និង​សាងសង់​លំនៅដ្ឋាន នៅតាម​ជាយក្រុង ពោលគឺ​ទីក្រុង​រីក​ទៅគ្រប់​ទិស ពិសេស​ប៉ែក​ខាងលិច និង​ខាងត្បូង​នៃ​ទីក្រុង​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ស្រប​ពេលដែល​វិស័យ​ដីធ្លី​កំពុង​រីកចម្រើន ក៏មាន​បញ្ហា​មួយចំនួន​ដែល​កំពុង​កើតឡើង​ដែរ ដែល​បាន​បង្ក​ការរាំងស្ទះ​ដល់​វិស័យ​ទាំងមូល​។ ការអភិវឌ្ឍន៍​ដី​ឡូ​តិ៍ បានផ្តល់​ផល​អវិជ្ជមាន​មួយចំនួន​ដូចជា​៖
​ការ​ឆបោក​
​ស្រប​នឹង​កំណើន​នៃ​ការអភិវឌ្ឍ និង​តម្រូវ​ការទិញ​ពី​ប្រជាពលរដ្ឋ​ខ្មែរ ជន​ទុច្ចរិត​មួយចំនួន​បាន​ឆបោក ឬ​កេងប្រវ័ញ្ច អតិថិជន​ក្នុង​រូបភាព​ផ្សេងៗ​គ្នា​ដូចជា​៖ ការលក់​ដី​ឡូ​តិ៍​ខ្យល់ ប្លង់រឹង​ក្លែងក្លាយ ដី​មាន​វិវាទ ម្ចាស់​ក្លែងក្លាយ និង​ការបង់ប្រាក់​មុន​គម្រោង​ជាដើម​។ ថ្មីៗ​នេះ​ក្រសួង​បានចេញ​សេចក្តីប្រកាស​ណែនាំ​អ្នកទិញ​ដី និង​ផ្ទះ​កុំ​ឲ្យ​ចាញ់បោក​គេ​!
​កត្តា​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ក្រុង​អនាគត​
 
​ជាក់ស្តែង​យើង​ឃើញថា ការអភិវឌ្ឍ​ដី​ឡូ​តិ៍ ច្រើនតែ​មាននៅ​តំបន់​ជាយក្រុង ហើយ​ការ​ពុះ​ដី​ឡូ​តិ៍​មួយចំនួន ពុំបាន​ធ្វើតាម​ស្តង់ដារ​ត្រឹមត្រូវ​នោះទេ​ដូចជា​៖​ការធ្វើ​ផ្លូវ​តូច​ពេក ប្រព័ន្ធ​លូ​តូច​ពេក (​ខ្លះ​មិនមាន​ប្រព័ន្ធ​លូ​) គ្មាន​ប្រព័ន្ធ​ទឹក និង​ជាពិសេស​គម្រោង​មិនបាន​កំណត់​ឲ្យ​សាងសង់​ផ្ទះ​ប្រភេទ​ណា​នោះទេ ពោលគឺ​សាងសង់​បែបណា​ក៏បាន​។  ស្វែងយល់​ពី​ច្បាប់​នៃ​ការអភិវឌ្ឍ​ដី​នៅ​កម្ពុជា​។ 
 
​អ្នកជំនាញ​ជាច្រើន​បានបង្ហាញ​ពី​កង្វល់​ថា នៅពេល​រដ្ឋាភិបាល ចង់​ប្រែក្លាយ​តំបន់​ទាំងនេះ​ទៅជា​តំបន់​លំនៅដ្ឋាន​ស្អាត និង​មាន​សណ្ដាប់ធ្នាប់​នៅពេល​អនាគត​នោះ រដ្ឋាភិបាល​នឹង​ប្រឈមមុខ​នឹង​បញ្ហា​។ លើសពីនេះ​ទៀត ពួកគេ​ព្រមាន​ថា តំបន់​ដី​ឡូ​តិ៍​អាច​ក្លាយ​តំបន់​លំនៅដ្ឋាន​អនាធិបតេយ្យ និង​រហូតដល់​អ្នកជំនាញ​មួយចំនួន​ប្រើពាក្យ​ថា​វា​ជា​«​មហារីក​អចលនទ្រព្យ​»​ទៀតផង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com