គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មិនបានទទួលបានពាក្យបណ្តឹងពីភាគីណាមួយឡើយ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងអាណត្តិទី៣នេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២៩ឧសភា គ.ជ.ប. បញ្ជាក់ថា «ដំណើរការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ បានប្រព្រឹត្តទៅដោយរលូន គ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានគំរាមកំហែង ហើយស្ថិតក្នុងបរិយាកាសសន្តិសុខនិងសណ្តាប់ធ្នាប់ល្អ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់សារព័ត៌មានថ្មីៗថា ការគ្មានពាក្យបណ្តឹងនេះ ពាក់ព័ន្ធនឹងការរាប់សន្លឹកឆ្នោត។ លោក អះអាងថា គ្រប់ភាគី អាចប្តឹងជំទាស់ទាក់ទងនឹងលទ្ធផលបណ្តោះអាសន្ន។ លោក បន្ថែមថា ប្រសិនបើនៅតែគ្មានពាក្យបណ្តឹងទៀតនោះ លទ្ធផលផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមលទ្ធផលបឋម ក្នុងចំណោមអ្នកបោះឆ្នោតសរុប១១៥៧២នាក់ អ្នកដែលបានទៅបោះឆ្នោត មាន១១៥៦៥នាក់ (បាត់៧នាក់)។ អ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា មានអ្នកបោះឲ្យ ដល់ទៅ១១១២៣នាក់ឯណោះ ដែលស្មើនឹង៩៦,១៧ភាគរយ។ គេ អាចសន្និដ្ឋានថា អាសនៈក្រុមប្រឹក្សាទាំង៤១១៤ (អាសនៈរាជធានី ខេត្ត មាន៥៥៩ ហើយអាសនៈក្រុង ស្រុក ខណ្ឌ មាន៣៥៥៥) នឹងបានទៅលើគណបក្សប្រជាជនកម្ពុជាស្ទើរទាំងអស់។
យ៉ាងណាក៏ដោយ គ.ជ.ប. មិនទាន់បែងចែកអាសនៈក្រុមប្រឹក្សា ដែលគណបក្សនយោបាយ ត្រូវទទួលបាននោះទេ។ លទ្ធផលផ្លូវការនៃការបោះឆ្នោត នឹងត្រូវប្រកាសនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ហើយការបែងចែកអាសនៈ នឹងត្រូវបង្ហាញនាពេលនោះ។
មានគណបក្ស៧ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៊ិច គណបក្សខែ្មររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និង គណបក្សខ្មែរសាធារណរដ្ឋ ដែលបានចូលរួមប្រកួតក្នុងការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ។
លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលគណបក្សរបស់លោក ត្រូវបានរំលាយចោលកាលពីចុងឆ្នាំ២០១៧ បានហៅការបោះឆ្នោតក្រុមប្រឹក្សា ថាជាការបោះឆ្នោតក្លែងក្លាយលើកទី៣។ លោក រៀបរាប់ថា ការបោះឆ្នោតក្លែងក្លាយលើកទី១ គឺជាការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយការបោះឆ្នោតក្លែងក្លាយលើកទី២ គឺជាការបោះឆ្នោតតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ហេតុផលដែលធ្វើឲ្យលោក ចាត់ទុកការបោះឆ្នោតទាំង៣លើកនេះ ថាជាការបោះឆ្នោតក្លែងក្លាយ គឺដោយសារតែអតីតគណបក្សប្រឆាំងរបស់លោក ពុំបានចូលរួម។ លោក អះអាងថា ការបោះឆ្នោតក្លែងក្លាយទាំងនេះ គឺនាំកម្ពុជាទៅរកប្រព័ន្ធឯកបក្ស។
លោក បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ការបោះឆ្នោតក្លែងក្លាយទាំង៣លើកនេះ ធ្វើឲ្យគណបក្សកាន់អំណាច ទទួលបានកៅអី១០០ភាគរយ នៅគ្រប់ស្ថាប័នរដ្ឋ ពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច និយាយការពារថា ការបោះឆ្នោតក្រុមប្រឹក្សា ត្រូវបានអនុវត្តត្រឹមត្រូវទៅតាមរដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោត ហើយក៏មានលក្ខណ:ប្រជាធិបតេយ្យដែរ។ លោក សរសេរក្នុងបណ្តាញទំនាក់ទំងតេឡេក្រាមបែបនេះថា «ការបោះឆ្នោតក្លែងក្លាយ គឺអ្នកថានិងអ្នកផ្សាយទេ ដែលក្លែងក្លាយនោះ។ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស៤០ឆ្នាំ ជាគណបក្សខ្លាំង មានកម្មិធីនយោបាយត្រឹមត្រូវ មានការគាំទ្រពីប្រជាជនកម្ពុជាច្រើនលើសលុប»៕