សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សង្គ្រាមពាណិជ្ជកម្ម បង្កើនការនាំចេញវៀតណាមទៅអាមេរិក តែបង្ខំរោងចក្រនៅចិនប្តូរទីតាំង ប្រភពរូប៖ AFP
× ការនាំចូលរបស់អាមេរិកពីប្រទេសវៀតណាម កើនឡើងយ៉ាងគំហុក ក្នុងត្រីមាសទីមួយឆ្នាំ២០១៩នេះ ខណៈរោងចក្រជាច្រើន ចាប់ផ្តើមផ្លាស់ប្តូរសង្វាក់ផលិតកម្មខ្លួនចេញពីប្រទេសចិន។ ការផ្លាស់ប្តូរនេះដែរ គឺបណ្តាលមកពីភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន ដែលបានផ្ទុះឡើង ចាប់តាំងពីដើមឆ្នាំ២០១៨មកម្ល៉េះ។
ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអាមេរិក បានហក់ឡើងចំនួន ៤០,២ភាគរយ ក្នុង៣ខែដើមឆ្នាំ២០១៩នេះ បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ។ សម្រាប់តួលេខនេះ វៀតណាម អាចផ្តួលចក្រភពអង់គ្លេស ដែលជាប្រទេសនាំចេញលំដាប់ទី៧ទៅកាន់ទីផ្សារអាមេរិក ក្នុងឆ្នាំ២០១៨។ នេះបើតាមការ ផ្សាយរបស់ទូរទស្សន៍ Bloomberg ។ ចំណែកការនាំចូលពីប្រទេសចិន បានថយចុះ ១៣,៩ភាគរយ។
យោងតាមការិយាល័យនៃតំណាងពាណិជ្ជកម្មអាមេរិក ក្នុងឆ្នាំ២០១៨ វៀតណាម បាននាំចេញសម្ភារអេឡិចត្រូនិកច្រើនបំផុតទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក ដែលស្មើនឹង ១១ពាន់លានដុល្លារ ខណៈផលិតផលសំលៀកបំពាក់ ស្មើនឹង ៧,២ពាន់លានដុល្លារ និង ៦,២ពាន់លានដុល្លារសម្រាប់ផលិតផលស្បែកជើង។
ជុំវិញការកើនឡើងភាពតានតឹងរវាងក្រុងប៉េកាំង និងវ៉ាស៊ីនតោន រដ្ឋបាលលោក ត្រាំ បានបញ្ជាក់ឲ្យដឹងថា ការដំឡើងពន្ធ នឹងបង្ខំឲ្យក្រុមហ៊ុននានាដែលមានរោងចក្រក្នុងប្រទេសចិន ពិចារណាផ្លាស់ប្តូរទីតាំងទៅកាន់បណ្តាប្រទេសក្បែរខាង។ យោងតាមទស្សនាវដ្តី Newsweek រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Steven Mnuchin ព្យាករថា ជំនួញជាច្រើន នឹងត្រូវរើទីតាំងពីប្រទេសចិនទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី។
តួយ៉ាង សារព័ត៌មានជាច្រើនបានចុះផ្សាយថា វៀតណាមដែលមានសក្តានុពលសេដ្ឋកិច្ចក្លៀវក្លា អាចជាទិសដៅឈានមុខគេក្នុងតំបន់អាស៊ី។
សូមបញ្ជាក់ថា កម្តៅនៃសង្គ្រាមពាណិជ្ជកម្ម បានឆាបឆេះឡើងវិញកាលពីដើមខែឧសភា ឆ្នាំ២០១៩កន្លងទៅ ក្រោយពីលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធនាំចូល២៥ភាគរយលើទំនិញចិនដែលមានទឹកប្រាក់ ២០០ពាន់លានដុល្លារ៕
Tag:
វៀតណាម
សហរដ្ឋអាមេរិក
សេដ្ឋកិច្ចអន្តរជាតិ
សង្គ្រាមពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com