អន្តរជាតិ
ឥណ្ឌា នៅតែ​ចង់​អង្គុយ​កៅអី​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​
29, May 2019 , 9:59 pm        
រូបភាព
អនុប្រធានាធិបតីឥណ្ឌា Venkaiah Naidu និងនាយករដ្ឋមន្រ្តី នារិន្ទ្រា ម៉ូឌី ។ រូបភាព AFP
អនុប្រធានាធិបតីឥណ្ឌា Venkaiah Naidu និងនាយករដ្ឋមន្រ្តី នារិន្ទ្រា ម៉ូឌី ។ រូបភាព AFP
​អនុ​ប្រធានាធិបតី​ឥណ្ឌា Shri M. Venkaiah Naidu នៅ​ថ្ងៃទី​២៨ ខែឧសភា បាន​អំពាវនាវ​ជាថ្មី​មានការ​ធ្វើកំណែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​បើកផ្លូវ​ឲ្យ​ឥណ្ឌា​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​មួយ​។ សម្រាប់​លោក Naidu ឥណ្ឌា ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំជាងគេ ត្រូវតែ​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​ដើម្បី​ឲ្យ​ស្ថាប័ន​ពិភពលោក​នេះ​តំណាង​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ហើយ​ពិភពលោក​ក៏ត្រូវ​ការ​ឥណ្ឌា​ដែរ​។​

 
​ការធ្វើកំណែទម្រង់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ នៅតែ​ជា​គោលដៅ​ធំ​របស់​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​។ ឥណ្ឌា​ដែល​យល់ថា ខ្លួន​ជា​មហាអំណាច​ប្រជាធិបតេយ្យ​ផង និង​សេដ្ឋកិច្ច​ធំ​ផង​នោះ ពិតជា​ត្រូវការ​កៅអីអង្គុយ​មួយ​ឲ្យ​សក្តិសម​នឹង​មុខមាត់​នឹង​របស់ខ្លួន​។ កំណែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ ជា​រឿង​ចាំបាច់​មួយ​សម្រាប់​ឥណ្ឌា​ដើម្បី​ឈានទៅដល់​ដំណាក់​កាលនោះ​។​
 
​លោក Shri M. Venkaiah Naidu អនុ​ប្រធានាធិបតី​ឥណ្ឌា នៅ​ថ្ងៃទី​២៨ ខែឧសភា បានលើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​ធ្វើកំណែទម្រង់​ស្ថាប័ន​ទទួលបន្ទុក​សន្តិសុខ​ពិភពលោក​ដែល​ត្រូវបាន​គេ​មើលឃើញថា ស្ថិតក្នុង​អំណាច​ផ្ដាច់មុខ​របស់​មហាអំណាច​តែ​ប្រាំ​ប្រទេស​។ លោក Naidu និយាយថា តួនាទី​របស់​ឥណ្ឌា​លើ​ឆាក​អន្តរជាតិ បាន​កើនឡើង​យ៉ាងខ្លាំង ហើយ​ការកែប្រែ​ក្រុមប្រឹក្សាសន្តិសុខ ជា​រឿង​ដែល​ត្រូវធ្វើ​ដើម្បី​ឲ្យ​មាន​តំណាង​ពី​ប្រទេស​ផ្សេងទៀត​។​
 
​នា​ជំនួប​ជាមួយ​មន្ត្រីការទូត​ឥណ្ឌា និង​ប៊ូ​តង់ អនុ​ប្រធានាធិបតី​ឥណ្ឌា​រូបនេះ​និយាយ​ច្បាស់ៗ​ថា ពិភពលោក​ត្រូវការ​ឥណ្ឌា​ព្រោះ​បញ្ហា​ប្រឈម​ដែល​កើតឡើង​នៅ​សព្វថ្ងៃ ត្រូវការ​ទស្សនៈវិស័យ​មួយ​ប្រកបដោយ​មេត្តាធម៌ ហើយ​ត្រូវការ​សំឡេង​នៃ​សន្តិភាព អហិង្សា និង​ការរស់នៅ​ដោយ​សន្តិ​សហ​វិជ្ជមាន​។ លោក​បន្តថា សាកលលោក​ទាំងមូល ក៏​ត្រូវការ​វត្តមាន​ឥណ្ឌា​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​ឆ្នាំ​២០៣០ ផងដែរ​។​
 
​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​លំដាប់​ទីមួយ ឥណ្ឌា និង​ប្រទេស​ដែលមាន​ឥទ្ធិពល​មួយចំនួនទៀត​ដូចជា​អាល្លឺម៉ង់ ជប៉ុន ប្រេ​ស៊ី​ល តែងតែ​តស៊ូ​មតិ​ពី​កំណែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ ជាមួយនឹង​អំណះអំណាង​ថា ពួកគេ​ក៏មាន​សិទ្ធិ​ចូលរួម​ក្នុងការ​ផ្ដល់​ដំណោះស្រាយ​សម្រាប់​ពិភពលោក​ដែរ​។ ទោះជា​យ៉ាងណា គម្រោង​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ស្ថាប័ន​នេះ មិន​ទៅមុខ​សោះ ខណៈ​សមាជិក​អចិន្ត្រៃយ៍​ផ្សេងទៀត ហាក់​ប្រឆាំង​គំនិត​នេះ​។​
 
​អាមេរិក រុស្ស៊ី ចិន អង់គ្លេស និង​បារាំង ជា​សមាជិក​អចិន្ត្រៃយ៍​ទាំង​ប្រាំ ដែលមាន​អំណាច​វ៉េតូ​ពេញដៃ ឯ​១០​ប្រទេស​ទៀត ជា​សមាជិក​ធម្មតា ហើយ​ផ្លាស់ប្ដូរ​រាល់​ពីរ​ឆ្នាំ​ម្ដង​។ អំណាច​វ៉េតូ​នេះ ផ្ដល់​សិទ្ធិ​ឲ្យ​មហាអំណាច​ទាំង​ប្រាំ មាន​សិទ្ធិ​ជំទាស់​រាល់​សេចក្ដីស្នើ​ដំណោះស្រាយ​ណា​ដែល​ពួកគេ​យល់ឃើញថា មិន​សមស្រប​។ ដោយហេតុនេះ ការកែប្រែ​សិទ្ធិ​វ៉េតូ ក៏​ស្ថិត​ក្នុងចំណោម​គម្រោង​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ដែរ​។ ប៉ុន្តែ សមាជិក​អចិន្ត្រៃយ៍​ទំនង​មិន​ព្រម​ចែក​អំណាច​របស់ខ្លួន​ដែរ​៕   
 

Tag:
 ឥណ្ឌា​
  ក្រុមប្រឹក្សាសន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com