កម្ពុជា នឹង​បន្ថែម​ការផ្គត់ផ្គង់​អគ្គិសនី​៥០០​មេ​ហ្គា​វ៉ា​ត់​ទៀត តាមរយៈ​កម្លាំង​ម៉ាស៊ីន​ពី​ហ្វាំ​ង​ឡង់ និង​អាល្លឺម៉ង់​
ជាតិ
កម្ពុជា នឹង​បន្ថែម​ការផ្គត់ផ្គង់​អគ្គិសនី​៥០០​មេ​ហ្គា​វ៉ា​ត់​ទៀត តាមរយៈ​កម្លាំង​ម៉ាស៊ីន​ពី​ហ្វាំ​ង​ឡង់ និង​អាល្លឺម៉ង់​
29, May 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល នឹង​បង្កើន​ការផ្គត់ផ្គង់​អគ្គិសនី​៥០០​មេ​ហ្គា​វ៉ា​ត់​បន្ថែមទៀត ដើម្បី​គាំទ្រ​ដល់​អ្នកវិនិយោគ​នៅ​កម្ពុជា ។ ការត្រៀម​បង្កើន​ថាមពល​អគ្គិសនី​នេះ ធ្វើឡើង​ក្រោយពី​កម្ពុជា បាន​ជួប​បញ្ហា​ខ្វះខាត​ថាមពល​ប្រើប្រាស់ កាលពីពេល​ថ្មីៗ​នេះ​។​

 
​ពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​ដោះស្រាយ​បញ្ហា​អគ្គិសនី​នៅ​កម្ពុជា ដូច្នេះ​វា​លែង​ជា​កង្វល់​របស់​អ្នកវិនិយោគ​ទៀតហើយ​។ សម្ដេច ហ៊ុន សែន ដែល​រំពឹង​ទៅលើ​ម៉ាស៊ីន​អគ្គិសនី​ពី​ប្រទេស​ហ្វាំ​ង​ឡង់ និង​អាល្លឺម៉ង់ រួមទាំង​ប្រភពពី​ថាមពល​ពន្លឺព្រះអាទិត្យ​នោះ បាន​អះអាងថា រដ្ឋាភិបាល អាច​បង្កើន​ថាមពល​អគ្គិសនី​៥០០​មេ​ហ្គា​វ៉ា​ត់​បន្ថែមទៀត លើ​កម្លាំង​អគ្គិសនី​ប​ច្ច​ប្បន្ន​។​
 
​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ការវិនិយោគ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩ ឧសភា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​និយាយ​ដូច្នេះ​ថា​៖«​ឥឡូវនេះ យើងខ្ញុំ​មានការ​រៀបចំ​បន្ទាន់ ដោយ​បញ្ជូន​តាម​គម្រោង​គឺ​បញ្ជូន​ម៉ាស៊ីន​អគ្គិសនី​ពី​ប្រទេស​ហ្វាំ​ង​ឡង់​ចំនួន ២០០​មេ​ហ្គ​វ៉ា​ត់ និង​ពី​ប្រទេស អាឡឺម៉ង់​ចំនួន ២០០​មេ​ហ្គា​វ៉ា​ត់ ដើម្បី​យកមក​បម្រុង​ទុក សម្រាប់​នៅពេលដែល​ចាំបាច់​យើង​នឹង​បញ្ចេញ​ថាមពល​នេះ ហើយនឹង​មានការ​វិនិយោគ​ថ្មីៗ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្គត់ផ្គង់​អគ្គិសនី​ទាំង​ពេល​មាន​បញ្ហា ទាំង​ពេល​គ្មាន​បញ្ហា​ផងដែរ​»​។​
 


 
​វា​រី​អគ្គិសនី​របស់​កម្ពុជា ដែលមាន​លទ្ធភាព​ផលិត​ថាមពល​បាន​ជាង ១៣០០​មេ​ហ្គា​វ៉ា​ត់​នោះ ផលិត​បានតែ​ក្រោម ៣០០​មេ​ហ្គា​វ៉ា​ត់​ប៉ុណ្ណោះ ដោយសារ​បញ្ហា​អាកាសធាតុ​ក្តៅ កាលពីពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​មានការ​រអាក់រអួល​។​នេះ​ជាការ​អះអាង​របស់​សម្ដេច ហ៊ុន សែន​។​
 
​កន្លងមក​កម្ពុជា ខ្វះ​ថាមពល​អគ្គិសនី​ប្រើប្រាស់​ដល់​ទៅ ៤០០​មេ​ហ្កា​វ៉ា​ត់ ក្រោយពី​មានការ​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​ខ្លះ ពី​ប្រទេសជិតខាង ដូចជា​ថៃ ឡាវ និង​វៀតណាម​ជាដើម​។ ការខ្វះ​ថាមពល​ប្រើប្រាស់​នេះ បណ្ដាលមកពី​បញ្ហា​អាកាសធាតុ​ក្តៅ និង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនី មិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់ ដែល​បាន​កើនឡើង​យ៉ាងគំហុក​នៅ​ឆ្នាំ​២០១៩​នេះ​។ ត្រង់ចំណុច​អគ្គិសនី​កម្ពុជា ពន្យល់ថា ការខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី ដែល​ចេញពី​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពេញលេញ​ទូទាំងប្រទេស​៕
 

Tag:
 ហ៊ុន សែន​
  អគ្គិសនី​
  ហ្វាំ​ង​ឡង់​
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com