សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក មហា​ធៀ ប្រាប់​អាមេរិក​ឲ្យ​ទទួលស្គាល់​ភាពជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​របស់​ចិន​
30, May 2019 , 12:29 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (ប្រភពរូប៖ កាសែតជប៉ុន Nikkei)
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (ប្រភពរូប៖ កាសែតជប៉ុន Nikkei)
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ បាន​ទទូច​ឲ្យ​សហរដ្ឋអាមេរិក​ធ្វើ​សម្បទាន​ខ្លះៗ​ក្នុង​ជម្លោះ​ជាមួយ​ចិន​រួមមាន​ការ​កាត់​ភាព​តានតឹង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ជាដើម​។ ត្រង់ចំណុច​នេះ មេដឹកនាំ​ចាស់វស្សា​រូបនេះ ព្រមាន​ថា ប្រសិនបើ​កិច្ចចរចា​រវាង​ភាគី​ទាំងពីរ ពុំ​ទទួលបាន​ជោគជ័យ​ទេនោះ វា​អាច​បង្កាត់​ឲ្យ​ទៅជា​ភ្លើងសង្គ្រាម​។



​ថ្លែង​ក្នុង​សន្និសីទ «​អនាគត​នៃ​តំបន់​អាស៊ី​» ប្រចាំឆ្នាំ​២០១៩ ដែល​កំពុង​ធ្វើឡើង​ក្នុង​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​៣០ ឧសភា លោក មហា​ធៀ មហាម៉ាត់ លើកឡើងថា ក្រុមហ៊ុន Huawei របស់​ចិន សម្រេចបាន​នូវ​ភាពជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ឈានមុខ​ដ៏​ធំធេង លើសពី​បច្ចេកវិទ្យា​របស់​សហរ​ដ្ឋ​អាមេរិក​។

​យោងតាម​កាសែត​ជប៉ុន Nikkei មេដឹកនាំ​ម៉ាឡេស៊ី​វ័យ ៩៣​ឆ្នាំ​រូបនេះ និយាយ​ចំៗ​ថា​៖ « ជា​យូរ​មកហើយ សហរដ្ឋអាមេរិក មាន​សមត្ថភាព​ខ្លាំងក្លា​ខាង​អភិវឌ្ឍន៍ និង​ស្រាវជ្រាវ ពួកគេ ត្រូវតែ​ហ៊ាន​ទទួលស្គាល់ថា សមត្ថភាព​ដូចគ្នានេះ ក៏មាន​នៅក្នុង​តំបន់​ភាគ​ខាងកើត​ផងដែរ​»​។ តំបន់​ភាគ​ខាងកើត​នេះ លោក មហា​ធៀ ចង់​សំដៅ​តំបន់​អាស៊ី​តែម្តង ។ 

​ទំនង​ចង់​ឌឺ​ដង​ឲ្យ​សហរដ្ឋអាមេរិក​ថា​ជា​ប្រទេស​ពូកែ​ប្រើ​កម្លាំងបាយ លោក មហា​ធៀ បាន​សង្កត់ធ្ងន់ថា​៖ ប្រសិនបើ​ខ្ញុំ [​សហរដ្ឋអាមេរិក​] មិន​នៅមុខ​គេ​ទេ ខ្ញុំ​នឹងដាក់​បម្រាម​អ្នកឯង ខ្ញុំ​នឹង​បញ្ជូន​នាវាចម្បាំង​ទៅ​ប្រទេស​អ្នក​»​។ លោក  មហា​ធៀ ចាត់ទុក​ទង្វើ​បែបនេះ ពុំមែន​ជាការ​ប្រកួតប្រជែង​ឡើយ ប៉ុន្តែ​ជាការ​គំរាមកំហែង​។

​កាលពី​ថ្មីៗ​កន្លងទៅនេះ រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានដាក់​បញ្ជូន​ក្រុមហ៊ុន Huawei របស់​ចិន​ទៅក្នុង​បញ្ជីខ្មៅ (Entity List) ដោយ​លើក​ហេតុផល​ថា ក្រុមហ៊ុន​ទូរគមនាគមន៍​បរទេស​នេះ គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​អាមេរិក​។ ការដាក់ទណ្ឌកម្ម​បែបនេះ តម្រូវ​តាមច្បាប់​ឲ្យ​បណ្តា​ក្រុមហ៊ុន​អាមេរិក​ទាំងអស់ បញ្ឈប់​ការដោះដូរ​ពាណិជ្ជ​កម្មនា​នា​ជាមួយ​ក្រុមហ៊ុន Huawei នេះ ប្រសិនបើ​គ្មាន​អាជ្ញា​បណ្ណ​ពិសេស​ពី​ក្រុង​វ៉ាស៊ីនតោន​ទេនោះ​។

​បណ្តា​ប្រទេស​ជា​សម្ព័ន្ធ​អាមេរិក​មួយចំនួន រួមមាន ជប៉ុន និង​អូស្ត្រាលី បានចាប់ផ្តើម​ចាត់វិធានការ ដើម្បី​បញ្ចៀស​ការប្រើប្រាស់​សម្ភារ​របស់​ក្រុមហ៊ុន Huawei ពាក់ព័ន្ធ​នឹង​បណ្តាញ​បច្ចេកវិទ្យា 5G  ។ យ៉ាងណាមិញ លោក មហា​ធៀ បានបញ្ជាក់​ឲ្យ​ដឹងថា ម៉ាឡេស៊ី ពុំមាន​បំណង​កាត់ផ្តាច់​ចំណងទាក់ទង​ជាមួយ​ក្រុមហ៊ុន​ចិន​នេះឡើយ​។

​តាម​កាសែត​ជប៉ុន Nikkei លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​អំឡុងពេល​ឃោសនាបោះឆ្នោត​កាលពី​ឆ្នាំមុន វាយប្រហារ​ក្រុង​ប៉េកាំង បាន​បកស្រាយ​ថា​៖ «​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ចិន Huawei គឺមាន​ទំហំ​ធំ​ខ្លាំង បើ​ធៀប​នឹង​សមត្ថភាព​ស្រាវជ្រាវ​របស់​ម៉ាឡេស៊ី​។ យើង នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ពួកគេ​ឲ្យ​បាន​ច្រើន​តាម ដែល​អាច​ធ្វើបាន​»​។ ទ​ន្ទឺ​ម​នឹង​គ្នា​នេះ លោក មហា​ធៀ បន្ថែមថា លោក មិន​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចារកម្ម ដែល​ក្រុង​វ៉ាស៊ីនតោន​បាន​រិះគន់​ជា​ញឹកញាប់​លើ​ក្រុមហ៊ុន​ចិន​នេះឡើយ​៕



Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ​
  សហរដ្ឋអាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com