ជាតិ
សង្គមជាតិ
អ្នកស្រី រស់ សុភាព ស្ថិតក្នុងចំណោមបុគ្គល១០០នាក់លើលោកដែលមានឥទ្ធិពលយេនឌ័រ
×
Apolitical គឺជាបណ្តាញសកលមួយសម្រាប់រដ្ឋាភិបាលដែលជួយដល់សេវាកម្មសាធារណៈក្នុងការស្វែងរកគំនិត ពលរដ្ឋ និងដៃគូដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតនៅក្នុងសង្គម។ បណ្តាញមួយនេះ មានក្រុមការងាររបស់ខ្លួនដែលមានទីស្នាក់ការនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
មុននឹងឈានដល់ការកំណត់បញ្ជីឈ្មោះ១០០ Apolitical ទទួលបានការបញ្ជូនឈ្មោះបេក្ខភាពរាប់ពាន់នាក់ពីអ្នកដែលបម្រើការក្នុងរដ្ឋាភិបាល អង្គការជាតិ-អន្តរជាតិ អង្គការសហប្រជាជាតិ, ធនាគារពិភពលោក, UNAIDS, Women Deliver, Women in Global Health, Woman for Climate Justice និងមូលនិធិ The Bill & Melinda Gates ជាដើម។
ស្នាដៃ និងសកម្មភាព ក្នុងតួនាទីជានាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) បាននាំឲ្យលោកស្រី រស់ សុភាព មានការទទួលស្គាល់ខ្ពស់ពីអន្តរជាតិ។ ក្នុងបញ្ជី The World’s 100 Most Influential People in Gender Policy 2019 មេដឹកនាំសង្គមស៊ីវិលវ័យ៥៦ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមបុគ្គល៣០នាក់ដែលបម្រើការនៅអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល។
មនុស្សដែលមានឥទ្ធិពល Top 20 របស់ Apolitcal នោះមានដូចជា អ្នកស្រី Ruth Bader-Ginsburg ចៅក្រមតុលាការកំពូលអាមេរិក លោកស្រី Michelle Bachelet ស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Margot Wallström រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Winnie Byanyima នាយិកាប្រតិបត្តិអង្គការ Oxfam International លោកស្រី Christine Lagarde ប្រធានមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) លោកស្រី Michelle Obama អតីតស្ត្រីទី១អាមេរិក និងជាស្ថាបនិក Global Girls Alliance និងលោកស្រី Phumzile Mlambo-Ngcuka នាយិកាប្រតិបត្តិ UN Women ជាដើម។
បុគ្គលដែលក្នុងបញ្ជីឈ្មោះទាំង១០០នោះ ភាគច្រើនជាស្ត្រី ដែលជាអ្នកដឹកនាំវ័យក្មេង មន្ត្រីរដ្ឋាភិបាល និងអ្នកនយោបាយ សកម្មជន-អ្នកតស៊ូមតិ អ្នកជំនាញអប់រំ និងអ្នកដឹកនាំ-បម្រើការនៅអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com