ជាតិ
សង្គមជាតិ
មុនមកកម្ពុជាវិញ សម្តេច ហ៊ុន សែន ទទួលបានជំនួយឥតសំណងពីជប៉ុនប្រមាណ៥លានដុល្លារ ប្រមុខរដ្ឋាភិបាលកម្ពុជា-ជប៉ុន ធ្វើជាអធិបតីសាក្សីក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយអភិវឌ្ឍរបស់ជប៉ុនមកកម្ពុជា
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា បានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអភិវឌ្ឍចំនួន២នៅកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ៥លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខាធ្វើឡើងនាថ្ងៃចុងក្រោយនៃការស្នាក់អាស្រ័យរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រុងតូក្យូ ក្រោយធ្វើជាវាគ្មិនក្នុងសន្និសីទអន្តរជាតិលើកទី២៥ស្តីពី «អនាគតរបស់អាស៊ី»។
លោក Hideshisa Horinouchi (ហ៊ីដេហ៊ីសា ហូរីណូឈិ) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងដែលជប៉ុនផ្តល់ឲ្យកម្ពុជាសម្រាប់គម្រោងអភិវឌ្ឍចំនួន២។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងសមភាគីជប៉ុន លោក ស៊ីនហ្សូ៊ អាបេ បានចូលរួមជាអធិបតីសាក្សីក្នុងពិធីចុះហត្ថលេខានោះ។
សម្រាប់ការអនុវត្តតកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម កម្ពុជាទទួលបានជំនួយ២០០លានយ៉េន ដែលស្មើប្រមាណ១.៨លានដុល្លារអាមេរិក។ គម្រោងនេះ នឹងប្រើប្រាស់លើការសាងសង់ស្ថានីយកុងតឺន័រ នៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
រីឯគម្រោងទី២ផ្តោតលើការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េន ប្រមាណជាង ៣លានដុល្លារអាមេរិក។
ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៨ ជប៉ុនបានផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការផ្លូវការជាង២,៨ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ១៥ភាគរយនៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍទាំងអស់ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com