អន្តរជាតិ
លោក មហាធៀ ស្នើបង្កើតរូបិយវត្ថុទូទាត់ថ្មីក្នុងតំបន់ដែលផ្អែកលើមាស រូបភាព The Star Online
× នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នៅថ្ងៃទី៣០ ខែឧសភា បានស្នើបង្កើតរូបិយវត្ថុថ្មីមួយក្នុងតំបន់ជំនួសប្រព័ន្ធជួញដូរសព្វថ្ងៃ។ ពីវេទិកានៅទឹកដីជប៉ុន លោក មហាធៀ អះអាងថា រូបិយវត្ថុថ្មីដែលពឹងផ្អែកលើមាស មានស្ថិរភាពជាងប្រព័ន្ធសព្វថ្ងៃដែលងាយស្រួលរងគ្រោះដោយសារការបំប៉ោងតម្លៃរូបិយវត្ថុ។ សម្រាប់រូបិយវត្ថុថ្មីនេះដែរ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចង់ឲ្យមានការប្រើប្រាស់នៅតំបន់អាស៊ីខាងកើតទៀតផង។
ក្នុងវេទិកាអនាគតអាស៊ីលើកទី២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បានលើកឡើងពីគុណសម្បត្តិក្នុងប្រើប្រាស់មាសជារូបិយវត្ថុសម្រាប់ការជួញដូរជំនួសឲ្យប្រព័ន្ធទូទាត់សព្វថ្ងៃដែលពឹងផ្អែកលើលុយដុល្លារអាមេរិក។ សម្រាប់លោក មហាធៀ ប្រព័ន្ធជួញដូរសព្វថ្ងៃនេះ អាចត្រូវបានគេពន្លើសតម្លៃក្នុងន័យកេងចំណេញប្រយោជន៍ ឯរូបិយវត្ថុថ្មី ងាយស្រួលក្នុងការវាយតម្លៃសកម្មភាពដោះដូរផ្នែកពាណិជ្ជកម្មក្នុងតំបន់។
ចំពោះមុខអ្នកចូលរួមជាងបីរយនាក់ លោក មហាធៀ លើកឡើងថា តាមរយៈការប្រើប្រាស់លោហមានតម្លៃមួយនេះ យើងអាចប្រើប្រាស់រូបិយវត្ថុនេះដើម្បីតាមដានសកម្មភាពនាំចេញនាំចូលក្នុងតំបន់ ហើយអាចទូទាត់បានទៀតផង។ ប៉ុន្តែរូបិយវត្ថុនេះ ត្រូវតែប្រើក្នុងវិស័យពាណិជ្ជកម្មប៉ុណ្ណោះ។ លោកបន្តថា តម្លៃរបស់វា ត្រូវកំណត់ដោយរូបិយវត្ថុក្នុងប្រទេសនីមួយៗតាមរយៈអត្រាប្ដូរប្រាក់ ដែលនេះធ្វើឲ្យការវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចណាមួយបានស្រួល។
«តាមរយៈវិធីសាស្ត្រនេះ យើងអាចដឹងថា យើងជំពាក់គេប៉ុន្មាន ហើយយើងត្រូវសងគេប៉ុន្មានតាមរយៈរូបិយវត្ថុថ្មីនៅអាស៊ីខាងកើតនេះ។» នេះជាការពន្យល់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីជុំវិញគុណសម្បត្តិរបស់សំណើរបស់លោក។ មិនមែនតែអាស៊ីខាងកើតឡើយ លោក មហាធៀ បន្ថែមថា រូបិយវត្ថុថ្មីអាចប្រើប្រាស់នៅក្រៅតំបន់ផងដែរ។
ក្នុងវេទិកាដែលរៀបចំដោយក្រុមហ៊ុន Nikkei ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី ក៏ឆ្លៀតលើកឡើងពីផលវិបាកនៃប្រព័ន្ធជួញដូររូបិយវត្ថបច្ចុប្បន្ន ខណៈទីផ្សារសាកលលោកទាំងមូលផ្អែកខ្លាំងលើលុយដុល្លារអាមេរិក។ លោករំឭកពីស្ថានភាពតម្លៃលុយជាតិម៉ាឡេស៊ីក្នុងឆ្នាំ១៩៩៧ ថា ចំពេលវិបត្តិសេដ្ឋកិច្ចអាស៊ី ម៉ាឡេស៊ីមានស្ថិរភាពនៅឡើយ តែដោយសារបញ្ហានៅប្រទេសថៃ រូបិយវត្ថុម៉ាឡេស៊ីក៏ត្រូវគិតគូរតាមហាងឆេងលុយដុល្លារអាមេរិក ដែលក្រោយតម្លៃលុយម៉ាឡេស៊ីក៏ធ្លាក់ចុះយ៉ាងខ្លាំង។
មេដឹកនាំម៉ាឡេស៊ីរូបនេះក៏ប្រាប់ពីមូលហេតុដែលលោកចង់បានរូបិយវត្ថុថ្មីជាជាងជ្រើសរើសរូបិយវត្ថុណាមួយក្នុងតំបន់ដែលមានស្រាប់ជំនួសប្រព័ន្ធចាស់។ អំឡុងកម្មវិធីកិច្ចសន្ទនាគ្នា លោក មហាធៀ ត្រូវបានសួរថា ហេតុអ្វីមកយកលុយយ៉េនជប៉ុន ឬលុយយ័នរបស់ចិន ជារូបិយវត្ថុរួមគ្នាប្រចាំតំបន់ទៅ។ លោកក៏ឆ្លើយវិញថា បើសិនយើងលើកតម្កើងលុយប្រទេសណាមួយ បញ្ហានឹងកើតមានមិនខាន៕
Tag:
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
មាស
រូបិយវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com