ជាតិ
«Kissinger, Nixon and the destruction of Cambodia» ចេញផ្សាយជាភាសាខ្មែរ
× ៤០ឆ្នាំ ក្រោយពីសៀវភៅដែលមានចំណងជើងថា Sideshow: Kissinger, Nixon and the destruction of Cambodia ត្រូវបានចេញផ្សាយដោយអ្នកនិពន្ធជនជាតិអង់គ្លេសគឺលោក វិល្លៀម ស្ហក្រស្ស (William Shawcross)ក្នុងឆ្នាំ១៩៧៩ ស្នាដៃនេះមានជាភាសាខ្មែរហើយនៅពេលនេះ។ មជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជា គឺជាអ្នកទទួលបានសិទ្ធិបកប្រែ និងបោះពុម្ពស្នាដៃនេះពីអ្នកនិពន្ធ។
«រឿងក្រៅឆាក៖ ឃីសស៊ិនជើ, និចសុន និងការបំផ្លាញប្រទេសកម្ពុជា»ជាចំណងជើងនៃសៀវភៅកម្រាស់៨០០ទំព័រជាភាសាខ្មែរដែលនិយាយអំពីប្រវត្តិសាស្ត្រកម្ពុជានាចុងទស្សវត្សរ៍១៩៦០ និងទស្សវត្សរ៍១៩៧០។ ចំណងជើងរបស់សៀវភៅនេះ ទំនងជាបានប្រាប់ច្បាស់ដែរហើយ ថាសៀវភៅមួយក្បាលនេះនឹងនិយាយអំពីអ្វីនោះ។ នោះគឺភាពខ្ទេចខ្ទាំរបស់កម្ពុជា ក្រោមឥទ្ធិពលនៃការដឹកនាំរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Henri Kissinger និងប្រធានាធិបតី Richard Nixon។
ព័ត៌មាននៅក្នុងស្នាដៃមួយក្បាលនេះ ត្រូវបានបង្ហាញដោយអ្នកនិពន្ធ វិល្លៀម ស្ហ ក្រស្ស ដែលជាអតីតអ្នកកាសែតដែលបានសររសេរព័ត៌មានច្រើនទាក់ទងនឹងសង្គ្រាមវៀតណាម ហើយដែលក្រោយមកលោកយល់ថា មានព្រឹត្តិការណ៍មិនប្រក្រតីជាច្រើនបានកើតឡើងនៅកម្ពុជា។
ស្នាដៃមួយនេះមានតម្លៃសម្រាប់ការស្រាវជ្រាវរបស់កូនខ្មែរជំនាន់ក្រោយ ទើបមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាបានសុំសិទ្ធិពីអ្នកនិពន្ធដើម្បីបកប្រែជាភាសាខ្មែរ ដោយប្រើប្រាស់រយៈពេល២ឆ្នាំ ដោយរួមទាំងការបកប្រែនិងការត្រួតពិនិត្យ តម្រាំអាចបោះពុម្ពចេញផ្សាយនៅពេលនេះបាន។ នេះជាការពន្យល់របស់កញ្ញា គង់ រតនធីតា មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។
កញ្ញា រតនធីតា បានបញ្ជាក់បន្ថែមអំពីមូលហេតុនៃការបកប្រែស្នាដៃនេះពីភាសាអង់គ្លេសមកជាភាសាខ្មែរយ៉ាងដូច្នេះថា៖«សៀវភៅនេះបានបង្ហាញជ្រុងមួយនៃប្រវត្តិសាស្ត្រកម្ពុជា ដែលមានសារសំខាន់សម្រាប់ការស្រាវជ្រាវ។ ម្យ៉ាងវិញទៀត យើងមានបំណងជំរុញការអានផងដែរ។ ខ្ញុំសូមបញ្ជាក់ថា ការដែលយើងបកប្រែស្នាដៃនេះជាភាសាខ្មែរ គឺយើងពុំមានបំណងបង្កើតឱ្យមានអារម្មណ៍ជាតិសាសន៍និយម និងសេចក្តីគុំកួននោះឡើយ»។
បើតាមបញ្ជាក់របស់កញ្ញា រតនធីតា ដដែល ការបោះពុម្ពស្នាដៃនេះលើកទីមួយ មានចំនួន២០០០ច្បាប់ ដែលត្រូវដាក់លក់ក្នុងតម្លៃ១៦ដុល្លារសម្រាប់សាធារណជនទូទៅ ហើយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាក៏មានបំណងចែកចាយសម្រាប់ប្រយោជន៍សាធារណៈនៅតាមបណ្ណាល័យ គ្រឹះស្ថានសាកលវិទ្យាល័យ និងនៅតាមក្រសួងផងដែរ៕
លោកអ្នកដែលចាប់អារម្មណ៍ចង់ជាវសៀវភៅនេះ អាចស្វែងរកបាននៅជាន់ផ្ទាល់ដីអគារ E សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ឬទាក់ទងតាមទូរស័ព្ទ៖ (៨៥៥) ១៦ ៦១៦ ៩៥១
© រក្សាសិទ្ធិដោយ thmeythmey.com