អន្តរជាតិ
នយោបាយអន្តរជាតិ
លោក គីម ជុងអ៊ុន បោសសម្អាតថ្នាក់ក្រោមចំពោះបរាជ័យជំនួបជាមួយលោក ត្រាំ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ត្រួតពលកងទ័ពនាពេលកន្លងមក។ រូបភាព KCNA
× មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបើកការបោសសម្អាតទ្រង់ទ្រាយធំលើក្រុមមន្ត្រីដែលទទួលបន្ទុកការចរចាជាមួយអាមេរិក។ នេះបើតាមការផ្សាយរបស់កាសែតកូរ៉េខាងត្បូង Cholsun Ilbo ។ លោក គីម យ៉ុងឈុល មនុស្សជំនិតផ្ទាល់មេដឹកនាំកូរ៉េខាងជើង និងលោកស្រី គីម យ៉ូចុង ប្អូនស្រីសំណព្វលោក គីម សុទ្ធតែស្ថិតក្នុងចំណោមមន្ត្រីដែលរងពិន័យ ខណៈប្រធានក្រុមការងារចរចាវិញ ទទួលទោសប្រហារជីវិតតែម្ដង។
បរាជ័យនៃជំនួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅវៀតណាម បានក្លាយជាកម្មវត្ថុនាំឲ្យមានការបោសសម្អាតផ្ទៃក្នុងមន្ត្រីដែលពាក់ព័ន្ធដោយផ្ទាល់នឹងការចរចានេះ។ ប្រមុខដឹកនាំវ័យក្មេង គីម ជុងអ៊ុន ត្រូវបានរាយការណ៍ថា បានបញ្ជាឲ្យសម្លាប់ និងដាក់ទោសក្រុមមន្ត្រីដែលមានតួនាទីក្នុងកាចរចាជាមួយអាមេរិកលើរឿងរំសាយនុយក្លេអ៊ែរ។ លោក គីម ទំនងទម្លាក់កំហុសលើមន្ត្រីរបស់ខ្លួនចំពោះបរាជ័យមួយនេះ។
លោក គីម យុកឈុល (Kim Hyok-chol) ដែលជាបេសកជនពិសេស និងជាមន្ត្រីទទួលបន្ទុកការចរចាថ្នាក់ក្រុមការងារ ត្រូវបានប្រហារជីវិតកាលពីខែមីនាកន្លងទៅនៅព្រលានយន្តហោះមួយកន្លែងជាមួយនឹងមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងបួននាក់ទៀត។ នេះបើតាមការផ្សាយរបស់កាសែតកូរ៉េខាងត្បូង Cholsun Ilbo នៅថ្ងៃទី៣១ ខែឧសភាដែលស្រង់ប្រភពពីមន្ត្រីកូរ៉េខាងជើង។ ទោសរបស់ពួកគេ គឺលួចធ្វើចារកម្មឲ្យអាមេរិក។
ចំណែកលោក គីម យ៉ុងឈុល ដៃស្ដាំលោក គីម ជុងអ៊ុន ផ្ទាល់ ក៏រងពិន័យធ្ងន់ដែរ តែមិនមែនទោសស្លាប់ឡើយ។ កាសែតកូរ៉េខាងត្បូងដដែលផ្សាយថា អតីតមេចារកម្មរូបនេះដែលទើបអស់តំណែងក្នុងជួរបក្សពលករដែរនោះ ត្រូវបញ្ជូនទៅឲ្យធ្វើការងារធ្ងន់ក្នុងខេត្ត Jagang ហើយត្រូវរៀនសូត្រមនោគមន៍វិជ្ជាឡើងវិញ។ មន្ត្រីទទួលខុសត្រូវការចរចាម្នាក់ទៀតឈ្មោះ Kim Song Hye ក៏ត្រូវបញ្ជូនជំរំកែប្រែនយោបាយផងដែរ។
អ្នកបកប្រែឲ្យលោក គីម នាជំនួបជាមួយលោក ត្រាំ ឈ្មោះ Shin Hye Yong ក៏ត្រូវរាយការណ៍ថា បានបញ្ជូនទៅកាន់ជំរំលត់ដំផងដែរ ក្រោមហេតុផលថា ធ្វើសកម្មភាពប៉ះពាល់អំណាចលោក គីម តាមរយៈការបកប្រែដែលធ្វើឲ្យមានការយល់ច្រឡំ។ អ្វីគួរឲ្យចាប់អារម្មណ៍ លោកស្រី គីម យ៉ូចុង ទោះមិនរងពិន័យធ្ងន់ក្ដី ក៏ត្រូវទទួលបញ្ជាឲ្យថយក្រោយមួយរយៈសិនដែរ។ ប្រភពពីទីក្រុងសេអ៊ូលអះអាងថា ក្រោយជំនួបនៅហាណូយ ប្អូនស្រីលោក គីម មិនមានសកម្មភាពអ្វីទេ។
មិនមានការបញ្ជាក់ណាមួយពាក់ព័ន្ធការបោសសម្អាតនេះឡើយ។ ប៉ុន្តែកាសែតកូរ៉េខាងជើង Rodong Sinmun បែរជាចេញបទវិចារណកថាមួយដោយរិះគន់មន្ត្រីដែលគោរពមេដឹកនាំហួសហេតុដើម្បីប្រយោជន៍ គឺជាជនប្រឆាំងបក្ស ប្រឆាំងបដិវត្តន៍ ហើយដែលត្រូវប្រឈមមុខការកាត់ទោសដ៏តឹងរ៉ឹង។ នេះជាលើកដំបូងតាំងពីឆ្នាំ២០១៣ ដែលកាសែតនេះប្រើពាក្យខ្លាំងបែបនេះ ដែលកាលនោះលោក គីម សម្លាប់ពូថ្លៃរបស់ខ្លួន។ វាក៏អាចជាសញ្ញាបង្ហាញថា រឿងចាស់បានកើតឡើងម្ដងទៀតដែរ៕
Tag:
កូរ៉េខាងជើង
អាមេរិក
គីម ជុងអ៊ុន
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com