អន្តរជាតិ
អាមេរិក នឹង​យកពន្ធ​៥​ភាគរយ​លើ​ទំនិញ​ម៉ិ​ក​ស៊ិ​ក​គ្រប់មុខ ព្រោះ​បើកផ្លូវ​ឲ្យ​ជនអន្តោប្រវេសន៍​ឆ្លងកាត់
31, May 2019 , 12:03 pm        
រូបភាព
​ប្រ​ធានា​ធិ​ប​តិ​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣០ ខែឧសភា បានប្រកាស​គម្រោង​យកពន្ធ​នាំចូល​ចំនួន​៥​ភាគរយ​លើ​ទំនិញ​គ្រប់មុខ​ដែល​នាំចូល​ពី​ម៉ិ​ក​ស៊ិ​ក​ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា​តទៅ​។ តាមរយៈ Twitter របស់ខ្លួន លោក ត្រាំ បញ្ជាក់ថា ការយកពន្ធ​ជំហាន​ដំបូង​នេះ នឹង​អនុវត្ត​រហូតដល់​ជនអន្តោប្រវេសន៍​លែង​ឆ្លងកាត់​ទឹកដី​អ្នកជិតខាង​មួយ​នេះ​ដើម្បី​លួច​ចូល​ទឹកដី​អាមេរិក​តាម​ព្រំដែន​ខាងត្បូង​ទៀត​។ បើ​បញ្ហា​នេះ​មិន​ត្រូវបាន​ដោះស្រាយ​ទេ ម៉ិ​ក​ស៊ិ​ក​នឹងត្រូវ​បង់ពន្ធ​នាំចូល​កាន់តែ​ធ្ងន់​។​

 
​បច្ចុប្បន្ននេះ ទឹកដី​ម៉ិ​ក​ស៊ិ​ក ក្លាយ​ជាទី​ឆ្លងកាត់​ដ៏​សំខាន់បំផុត​របស់​ជន​អន្តោ​ប្រេ​សន៍​មកពី​តំបន់​អាមេរិក​ខាងត្បូង​ក្នុង​គោលដៅ​ភៀសខ្លួន​ទៅកាន់​ទឹកដី​អាមេរិក​ដើម្បី​អនាគត​ល្អប្រសើរ​។ បញ្ហា​លំហូរ​ជនអន្តោប្រវេសន៍ ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ទីក្រុង​ម៉ិចស៊ីកូ និង​ទីក្រុង​វ៉ាស៊ីនតោន ប្រទាំង​ប្រទើស​គ្នា​យ៉ាងខ្លាំង ហើយក៏​ជាដើម​ហេតុ​នាំ​ឲ្យ​មាន​នយោបាយ​សាងសង់​ជញ្ជាំង​ព្រំដែន​ដ៏​ចម្រូងចម្រាស​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ផងដែរ​។​
 
​លោក ត្រាំ ពិតជា​មិន​ពេញចិត្ត​ឡើយ​ចំពោះ​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​ដែល​អនុញ្ញាត​ឲ្យ​ក្បួន​ធ្វើដំណើរ​របស់​ជនអន្តោប្រវេសន៍​ទាំង​ខ្សែៗ​ឆ្លងកាត់​ទឹកដី​ខ្លួន​រួច​ឆ្ពោះទៅកាន់​ព្រំដែន​ជាមួយ​អាមេរិក​នោះ​។ ក្នុង​គោលដៅ​ដាក់​សម្ពាធ​លើ​ម៉ិ​ក​ស៊ិ​ក លោក ត្រាំ បានប្រកាស​ពី​ដំណឹង​យកពន្ធ​នាំចូល​ចំនួន​៥​ភាគរយ​លើ​ទំនិញ​គ្រប់មុខ​របស់​ម៉ិ​ក​ស៊ិ​ក​ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា ហើយនឹង​អនុវត្ត​ទាល់​គ្មាន​លំហូរ​ជនអន្តោប្រវេសន៍​ចូល​ទឹកដី​អាមេរិក​ទៀត​។​
 
​ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​សរសេរ​លើ Twitter នៅ​ថ្ងៃទី​៣០ ខែឧសភា​ទៀតថា ការយកពន្ធ​នេះ នឹង​បន្តធ្វើ​រហូតដល់​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់ ត្រូវបាន​ដោះស្រាយ​។ ដោះស្រាយ​បញ្ហា​ចប់ ទើប​ការយកពន្ធ​នេះ ត្រូវ​ដក​វិញ​។ 
 
​ក្នុង​សេចក្ដីប្រកាស​របស់​សេត​វិមាន ការយកពន្ធ​នាំចូល​នេះ នឹង​កើន​ដល់​១០​ភាគរយ​នៅ​ថ្ងៃទី​១ ខែកក្កដា ហើយ​ឡើងដល់​១៥​ភាគរយ​នៅ​ថ្ងៃទី​១ ខែសីហា​, ដល់​២០​ភាគរយ​នៅ​ខែកញ្ញា និង​ចុងក្រោយ គឺ​២៥​ភាគរយ​នៅ​ថ្ងៃទី​១ ខែតុលា​។ ចាប់ពី​ខែតុលា​ទៅ អាមេរិក នឹង​យកពន្ធ​នាំចូល​ពី​ម៉ិ​ក​ស៊ិ​ក​ចំនួន​២៥​ភាគរយ​នេះ រហូត​ទាល់​តែមាន​ដំណោះស្រាយ​។ 
 
​ក្រោយ​ការប្រកាស​របស់លោក ត្រាំ ម៉ិ​ក​ស៊ិ​ក​ឯណេះ​វិញ ក៏​នៅ​មិន​ស្ងៀម​ដែរ និង​ព្រមាន​ចាត់វិធានការ​តប​វិញ​។ អនុរដ្ឋមន្ត្រី​ការបរទេស​ម៉ិ​ក​ស៊ិ​ក Jesus Seade បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ចំណាត់ការ​របស់​អាមេរិក ជា​រឿង​បង្ក​មហន្តរាយ បើសិនជា​អនុវត្ត​មែន​នោះ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៣០ ខែឧសភា លោក Seade ដែល​ទទួលបន្ទុក​កិច្ចការ​អាមេរិក​ខាងជើង និយាយទៀតថា បើ​អាមេរិក​យកពន្ធ​នាំចូល​លើ​ទំនិញ​គ្រប់មុខ ម៉ិ​ក​ស៊ិ​ក​នឹង​ឆ្លើយតប​វិញ​មិន​ខាន​។​
 
​ការប្រកាស​យកពន្ធរ​ប​ស់លោក ត្រាំ ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​មន្ត្រី​ព្រំដែន​អាមេរិក​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​មួយក្រុម​ដែលមាន​គ្នា​ទៅដល់​ទៅ​ជាង​មួយ​ពាន់​នាក់​នៅ​តំបន់​ព្រំដែន​ក្នុង​រដ្ឋ​តិច​សាស់​បន្ទាប់ពី​ពួកគេ​បាន​ឆ្លងកាត់​ទន្លេ Rio Grande ។ អង្គភាព​គយ និង​ព្រំដែន​អាមេរិក​បញ្ជាក់ថា ជន​អន្តោ​ប្រ​វ​រេស​ន៍​ទាំងនេះ​មកពី​ក្វា​តេ​ម៉ា​ឡា ហុង​ឌុយ​រ៉ា​ស ឬ​អែល​សាល់​វ៉ា​ឌ័​រ​៕ 
 

Tag:
 អាមេរិក​
  ម៉ិ​ក​ស៊ិ​ក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com