ជាតិ
សង្គមជាតិ
កូនលោកជំទាវ ញ៉ែម មរកត ត្រូវជាប់ឃុំ ក្រោមបទ «ប៉ុនប៉ងឃាតកម្ម»
31, May 2019 , 3:41 pm        
រូបភាព
រូបពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ
រូបពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ក្រោយឆ្លងកាត់ការសាកសួរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យសមត្ថកិច្ច យកបុរសឈ្មោះ វីន សុក្របញ្ញា អាយុ២៧ឆ្នាំ ដែលគេដឹងថាជាកូនរបស់លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ទៅឃុំជាបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ។



ជនសង្ស័យ ត្រូវបានព្រះរាជអាជ្ញាចោទពីបទ «ប៉ុនប៉ងឃាតកម្ម» តាមមាត្រា២៧ និង មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ មុននឹងបញ្ជូនទៅឲ្យចៅក្រមស៊ើបសួរ។ បើយោងតាមមាត្រា២៧ និង មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ការប៉ុនប៉ងប្រព្រឹត្តបទឃាតកម្ម គឺជាបទឧក្រិដ្ឋ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច សន្និដ្ឋានថា បាញ់នារីម្នាក់ ឲ្យត្រូវចំភ្លៅ១គ្រាប់ នៅក្នុងក្លិបមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែឧសភា នៅម៉ោងប្រហែល២រំលងអធ្រាត្រ។

ក្រោយមកមួយថ្ងៃ លោកស្រី ញ៉ែម មរកត បាននាំកូន ទៅឲ្យកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្រោយសួរចម្លើយចប់ កម្លាំងកងរាជអាវុធហត្ថ ក៏បញ្ជូនជនល្មើសទៅតុលាការ នៅថ្ងៃទី៣០ ខែឧសភា៕

© រក្សាសិទ្ធិដោយ thmeythmey.com