កីឡាជាតិ
ជាតិ
អ្នកចាំទី Leonardo Oliveira កីឡាករបរទេសទី៤ ដែលចែកផ្លូវជាមួយភ្នំពេញក្រោន កីឡាករ Leonardo Oliveira បង្ហាញខ្លួនជាមួយភ្នំពេញក្រោនកន្លងទៅ, រូបភាពពីក្លិបភ្នំពេញក្រោន
× ក្លិបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយអ្នកចាំទី Leonardo Oliveira ក្រោយរួមរស់ជាមួយគ្នាបានជិតពាក់កណ្តាលរដូវកាល។ អ្នកចាំទីប្រេស៊ីលរូបនេះ ជាកីឡាករបរទេសទី៤ដែលក្លិបភ្នំពេញក្រោនបានបញ្ចប់កិច្ចសន្យាមុនកាលកំណត់។ តែយ៉ាងក្លិបជើងឯក៥សម័យកាលមួយនេះ មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការបញ្ចប់កិច្ចសន្យានេះឡើយ។
អ្នកចាំទីប្រេស៊ីល Leonardo Oliveira ជាកីឡាករបរទេសទី៤ ដែលបានចែកផ្លូវជាមួយក្លិបភ្នំពេញក្រោនមុនកាលកំណត់នៅរដូវកាលនេះ។ ជាមួយការអះអាងមានការឯកភាពគ្នាទាំងសងខាងក្នុងការចែកផ្លូវ ក្លិបភ្នំពេញក្រោនមិនបានបញ្ជាក់លំអិតពីមូលហេតុនៃបញ្ហានេះឡើយ ដោយគ្រាន់តែបញ្ជាក់ថា កីឡាកររូបនេះមានបញ្ហាផ្ទាល់ខ្លួន។
«អ្នកចាំទី Leonardo Oliveira បានសម្រេចចិត្តចាកចេញពីក្លិបភ្នំពេញក្រោន ក្រោមហេតុផលផ្ទាល់ខ្លួនមួយចំនួន និងដោយមានការព្រមព្រៀងគ្នាក្នុងការបញ្ចប់កិច្ចសន្យាជាស្ថាពរ។ ឈរលើលទ្ធផលនៃការពិភាក្សារវាងភាគីក្លិប និងសាមីខ្លួនបានសម្រេចមិនលើកបង្ហាញមូលហេតុទាំងនោះឡើយ»។ នេះជាបញ្ជាក់របស់ក្លិបភ្នំពេញក្រោនតាមគេហទំព័ររបស់ខ្លួន។
អ្នកចាំទីរូបនេះបានចូលរួមជាមួយក្លិបភ្នំពេញក្រោនតាំងពីមុនបើករដូវកាលថ្មី តែរូបគេបានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការបាន៣លើកប៉ុណ្ណោះ បើគិតត្រឹមសប្តាហ៍ទី១០។ ភ្នំពេញក្រោនបានបញ្ចប់កិច្ចសន្យាជាមួយកីឡាករបរទេសចំនួន៤រូបហើយ បើគិតតាំងពីមុនបើករដូវកាលថ្មី។ មុនបើករដូវកាលថ្មីក្លិបនេះបានបញ្ចប់កិច្ចសន្យាជាមួយកីឡាករកូរ៉េខាងត្បូង Tae Wong Kim ក្រោយរួមរស់ជាមួយគ្នាបានពីរខែ។
បន្ទាប់មកក្លិបខកខានលើកពាន៣រដូវកាលមួយនេះ បានសម្រេចចែកផ្លូវជាមួយកីឡាករបរទេសពីររូបទៀតជាបន្តបន្ទាប់ កាលពីអំឡុងខែមេសា ឆ្នាំ២០១៩។ កីឡាករទាំងនេះរួមមានខ្សែការពារ Jhonata Sant’anna Da Silva និងខ្សែប្រយុទ្ធ Darlan Martin ដោយការចាកចេញរបស់ពួកគេទាំងពីរក្រោមហេតុផលរងរបួសដូចគ្នា។
ក្រៅពីកីឡាករទាំងនេះ ភ្នំពេញក្រោនកាលពីពេលថ្មីៗ ទើបតែចែកផ្លូវជាមួយគ្រូបង្វឹកប្រេស៊ីល Leonardo Vitorino ក្រោយក្លិបទទួលបានលទ្ធផលមិនសូវល្អ ក្រោមដឹកនាំរបស់លោក។ ក្រោយការចាកចេញរបស់គ្រូបង្វឹកប្រេស៊ីលរូបនេះ ក្លិបបានដំឡើងតួនាទីលោក ស៊ុំ វណ្ណា ពីគ្រូជំនួយទៅជាគ្រូបង្វឹកបណ្តោះអាសន្ន។
ក្រោយការចាកចេញរបស់អ្នកចាំទីប្រេស៊ីលខាងលើ ក្រុមស្ថិតនៅលេខរៀងទី៨មាន១២ពិន្ទុមួយនេះនៅសល់កីឡាករបរទេសតែពីររូបប៉ុណ្ណោះ គឺខ្សែប្រយុទ្ធប្រេស៊ីល Paulo Victor និងខ្សែបម្រើជប៉ុន Shuhei Mitsuhashi។ នៅសប្តាហ៍នេះ ភ្នំពេញក្រោនត្រូវតទល់ជាមួយក្រសួងការពារជាតិនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩៕
Tag:
បាល់ទាត់
ភ្នំពេញក្រោន
Leonardo Oliveira
© រក្សាសិទ្ធិដោយ thmeythmey.com