ជាតិ
សង្គមជាតិ
សព្វថ្ងៃ កម្ពុជា មានអ្នកផ្ទុកមេរោគអេដស៍ជាង៧ម៉ឺននាក់ ដែលភាគច្រើនបុរសរួមភេទជាមួយបុរស រូបភាព លោក អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
× ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការរួមចំណែកនៃវិស័យឯកជន ក្នុងបញ្ហាសុខភាព និងការឆ្លើយតបនឹងជំងឺអេដស៍ កាលពីថ្ងៃទី៣០ ខែឧសភា លោក អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បានលើកឡើងថា គិតត្រឹមខែឧសភា ឆ្នាំ២០១៩នេះ កម្ពុជាមានអ្នករស់នៅជាមួយជំងឺអេដស៍ជាង៧ម៉ឺន៣ពាន់នាក់ ដែលនៅក្នុងនោះមានប្រមាណ១ម៉ឹននាក់មិនទាន់ទទួលបានសេវាថែទាំជំងឺអេដស៍នៅឡើយ។
លោក អៀង មូលី ត្រូវបានទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ដកស្រង់សម្តីថា ការកើនឡើងនៃជំងឺអេដស៍ថ្មីនេះ ភាគច្រើនកើតឡើងចំពោះយុវជន ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស និងអ្នកក្លែងភេទ។ លោក បានបញ្ជាក់ថា អស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍បានខិតខំអនុវត្តកិច្ចអន្តរាគមន៍ដែលមានលក្ខណៈច្នៃប្រឌិតដោយដាក់បញ្ចូលការឆ្លើយតបមេរោគអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាលដែលមានស្រាប់ និងប្រព័ន្ធគាំពារសង្គម។
ដើម្បីបន្តកិច្ចការការពារថែទាំអ្នកជំងឺអេដស៍ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រូបនេះ បានស្នើសុំឲ្យអង្គការ HP+ Palladium និងដៃគូសាធារណៈ និងឯកជន បង្កើតជាច្រកចេញចូលតែមួយរវាងវិស័យឧស្សាហកម្ម និងធុរកិច្ចឯកជន ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ ជាពិសេស លោកអំពាវនាវឲ្យវិស័យឯកជនដាក់បញ្ចូល ការឆ្លើយតបនឹងជំងឺអេដស៍ថា ជាផ្នែកមួយដែលផ្តោតការយកចិត្តទុកដាក់ក្នុងផែនការសាជីវកម្មដែលមានទំនួលខុសត្រូវសង្គម។
សូមបញ្ជាក់ថា កម្ពុជាបានចំណាយថវិកាអស់៨០០លានដុល្លារអាមេរិក ដើម្បីឆ្លើយតបនឹងជំងឺអេដស៍រយៈពេល២៨ឆ្នាំមកហើយ។ ជាលទ្ធផល កម្ពុជា អាចបង្ការមនុស្ស៩សែននាក់ឆ្លង និងបញ្ចៀសមនុស្ស៦សែននាក់ មិនឲ្យស្លាប់ដោយសារជំងឺអេដស៍៕
© រក្សាសិទ្ធិដោយ thmeythmey.com