អន្តរជាតិ
ដឹកនាំ​ប្រទេស​នៅ​អាណត្តិ​ទី​ពីរ លោក ម៉ូ​ឌី ដោះដូរ​រដ្ឋមន្ត្រី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​
31, May 2019 , 8:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី និងបណ្ដារដ្ឋមន្រ្តីថ្មីនាពិធីស្បថចូលកាន់តំណែង។ រូបភាព AFP
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី និងបណ្ដារដ្ឋមន្រ្តីថ្មីនាពិធីស្បថចូលកាន់តំណែង។ រូបភាព AFP
​បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​ពីរ​រួចមក លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បានប្រកាស​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​។ រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល លោក ម៉ូ​ឌី បាន​ផ្លាស់ប្ដូរ​តំណែង​រដ្ឋមន្ត្រី​ជាច្រើន បើ​ប្រៀបធៀប​ទៅ​អាណត្តិ​ទីមួយ ពិសេស​ការតែងតាំង​មន្ត្រីជាន់ខ្ពស់​បក្ស​ដែល​មិន​ធ្លាប់​កាន់តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​សោះ​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​មហាផ្ទៃ​។ តំណែង​រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋមន្ត្រីការបរទេស ក៏​ត្រូវបាន​ផ្លាស់ប្ដូរ​ដែរ​។

 
​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នៅ​ថ្ងៃទី​៣០ ខែឧសភា បាន​ស្បថ​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​សម្រាប់​អាណ​តិ្ត​៥​ឆ្នាំ​លើក​ទី​ពីរ​។ មេដឹកនាំ​ប្រទេសជិតខាង​របស់​ឥណ្ឌា ស្ថិតក្នុង​ចំណោម​ភ្ញៀវ​ពិសេស​ជាង​៨០០​នាក់ ដែល​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក ម៉ូ​ឌី ក្រោយ​បក្ស Bharatiya Janata Party ទទួល​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ដែល​ធ្វើឡើង​ចន្លោះ​ខែមេសា និង​ឧសភា​។ 
 
​នៅ​ថ្ងៃទី​៣១ ខែឧសភា លោក ម៉ូ​ឌី បញ្ចេញ​សមាសភាព​រដ្ឋាភិបាល​ថ្មី​ដែល​ត្រូវ​ដឹកនាំ​ឥណ្ឌា​ទៅមុខ​។ នៅ​អាណត្តិ​ទី​ពីរ​នេះ លោក ម៉ូ​ឌី បាន​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​សំខាន់ៗ​ទាំង​ផ្នែក​សន្តិសុខ ការពារជាតិ ការបរទេស និង​ហិរញ្ញវត្ថុ​។ លោក Amit Shah ប្រធាន​បក្ស​កាន់អំណាច និង​ជាម​នុស្ស​ជំនិត​លោក ម៉ូ​ឌី ក្លាយជា​រដ្ឋមន្ត្រី​មហាផ្ទៃ​។ លោក Shah គ្មាន​ប្រវត្តិ​កាន់តំណែង​នៅ​ស្ថាប័នរដ្ឋ​ឡើយ ហើយ​ការ​ក្លាយជា​រដ្ឋមន្ត្រី​ពេលនេះ ក៏​ព្រោះតែ​លោក​ជួយ​ឲ្យ​លោក ម៉ូ​ឌី ឈ្នះឆ្នោត​មិន​ធ្លាប់មាន​។ 
 
​ការផ្លាស់ប្ដូរ​មុខតំណែង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយទៀត គឺ​លោកស្រី Nirmala Sitharaman ត្រូវបាន​ផ្ទេរ​ពី​ក្រសួងការពារជាតិ​ទៅធ្វើជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​វិញ ហើយ​ក្លាយជា​ស្ត្រី​មាន​តំណែង​ខ្ពស់បំផុត​ក្នុង​ជួ​រដ្ឋាភិបាល​លោក ម៉ូ​ឌី ។ កាលពី​អាណត្តិ​មុន តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នេះ​ត្រូវបាន​កាន់កាប់​ដោយ​លោក Arun Jaitley ប៉ុន្តែ​នៅ​អាណត្តិ​ថ្មី​នេះ បាន​សុំ​ដកខ្លួន​វិញ​។ ឯ​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ បាន​ធ្លា​ក់លើ Rajnath Singh ។ 
 
​អ្នកការទូត​ជើងចាស់ S. Jaishankar ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​ជំនួស​លោកស្រី Sushma Swaraj ។ លោក S. Jaishankar ជា​អ្នកជំនាញ​កិច្ចការ​ប្រទេស​ចិន និង​ធ្លាប់ជា​ទីប្រឹក្សា​ផ្នែក​គោលនយោបាយ​ការបរទេស​ដ៏​មាន​ឥទ្ធិពល​របស់លោក ម៉ូ​ឌី ។ ការតែងតាំង​នេះ ត្រូវបាន​គេ​មើលឃើញថា លោក ម៉ូ​ឌី នឹង​ផ្ដោត​ការយកចិត្ត​ទុក​ខ្លាំង​លើ​អ្នកជិតខាង​របស់​ឥណ្ឌា​សម្រាប់​អាណត្តិ​ថ្មី​នេះ ស្របពេល​ទំនាក់ទំនង​ម្ដង​ឡើង​ម្ដង​ចុះ​។​
 
​លោក ម៉ូ​ឌី បាន​ហៅ​សមាសភាព​ថ្មី​ជា​មនុស្ស​ម៉ូ​ឌី​ជំនា​ន់ទី​ពីរ ដែល​ពោរពេញ​ដោយ​ថាមពល និង​សម្បូរ​បទពិសោធ​ផ្នែក​រដ្ឋបាល​។ ការតែងតាំង​រដ្ឋមន្ត្រី​ថ្មី​ពិសេស​ក្រសួង​ហិរញ្ញវត្ថុ ទំនងជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់លោក ម៉ូ​ឌី ក្នុងការ​រក្សា​កំណើន​សន្ទុះ​សេដ្ឋកិច្ច​របស់ខ្លួន ខណៈ​មានការ​ប៉ាន់ប្រមាណ​ថា ចិន​នឹង​វ៉ា​ឥណ្ឌា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​លឿន​នៅ​អាស៊ី​៕
 

Tag:
 ឥណ្ឌា​
  នា​រិ​ន្ទ្រា ម៉ូ​ឌី​
© រក្សាសិទ្ធិដោយ thmeythmey.com