ONE Championship
កីឡាជាតិ
ជាតិ
ជើងខ្លាំង Christian Lee ដាក់គោលដៅប្រជែងខ្សែក្រវាត់ ONE Featherweight
×
ដោយ៖ ស៊ីធី
ជើងខ្លាំងគុនចម្រុះវ័យក្មេងរបស់សិង្ហបុរី Christian Lee ទើបយកបានខ្សែក្រវាត់ ONE Lightweight World Champion ក្រោយផ្តួលកីឡាករជើងខ្លាំងជប៉ុន Shinya Aoki ថ្មីៗនេះ។ Lee ដាក់គោលដៅចង់ទទួលសមិទ្ធផលជាច្រើនទៀត និង ចង់ប្រជែងយកខ្សែក្រវាត់កម្រិតខ្ពស់ ONE Featherweight Gold នៅថ្ងៃដ៏ខ្លីខាងមុខនេះ។
Christian Lee បានធ្វើឲ្យភ្ញាក់ផ្អើលម្តងរួចមកហើយនៅសង្វៀន ONE: ENTER THE DRAGON នាពាក់កណ្ដាលខែឧសភានេះនៅសិង្ហបុរី ពេលរូបគេវាយ Shinya “Tobikan Judan” Aoki ឲ្យចុះចាញ់ដើម្បីគ្រងខ្សែក្រវាត់ និង ក្លាយជាកីឡាករក្មេងបំផុតដែលឈ្នះខ្សែក្រវាត់គុនចម្រុះកម្រិតពិភពលោកក្នុងប្រវត្តិសាស្ត្រ។
អ្នកលេងគុនចម្រុះ Lee ដែលមានវ័យទើបតែ ២០ ឆ្នាំ បានធ្វើឲ្យទស្សនិកជនម្ចាស់ស្រុករបស់ខ្លួនហ៊ោកញ្ជ្រៀវ ពេលប្រើក្បាច់យ៉ាងល្អដើម្បីបញ្ចប់អ្នកលេងគុនចម្រុះអាជីពជប៉ុន Aoki ត្រឹមទឹកទី២ ទោះបីមានការតាំងចិត្តវាយបំបាក់ត្រឹមទឹកទី១ ក្ដី។ បែបណាក៏ដោយនេះជាជ័យជម្នះដ៏ត្រចះត្រចង់សម្រាប់កីឡាករគុនចម្រុះវ័យក្មេងរូបនេះ និង ការបង្កើតប្រវត្តិសាស្ត្រថ្មីលើសង្វៀន ONE និង ពិភពលោក ដែលបានគ្រងខ្សែក្រវាត់ ONE Lightweight World Champion។ Aoki ធ្វើបានល្អនៅទឹកទី១ ដោយប្រើក្បាច់ផ្ដួល Lee ទៅនឹងក្ដាររេញដើម្បីប្រើដៃជើងគាបក្នុងគោលបំណងឲ្យតដៃលែងរួច។ ប៉ុន្តែ កីឡាករវ័យឆ្លាតរបស់សិង្ហបុរី បានគេចផុតពីក្បាច់គាបសម្លាប់របស់ Aoki។ បន្ទាប់មកទៀត Lee ប្រើកណ្ដាប់ដៃមហាទម្ងន់ឆ្វេងស្ដាំយ៉ាងញាប់ចំគោលដៅដើម្បីបញ្ចប់ កីឡាករម្ចាស់ខ្សែក្រវាត់ជប៉ុនឲ្យដេកត្រឹមទឹកទី២តែម្ដង មុនអាជ្ញាកណ្ដាលលោក Olivier Coste បញ្ឈប់ការប្រកួត។
Lee បានរៀបថា អ្វីដែលខ្លួនខ្លាចនោះគឺការចាប់បោកផ្ដួលរបស់គូប្រកួតសញ្ជាតិជប៉ុន ហើយ ការទទួលជ័យជម្នះនេះក៏មានចំណែកយ៉ាងធំធេងពីឪពុកបង្កើតរបស់ខ្លួនពេលសម្រាកឲ្យទឹកហើយលោកបានប្រាប់បច្ចេកទេសត្រូវផ្ដួល Aoki នៅត្រឹមទឹកទី២នោះ។ ក្រោយបញ្ចប់ការប្រកួត Shinya បានថ្លែងថា Lee គឺជាកីឡាករជំនាន់ក្រោយល្អបំផុតក្នុងពិភពគុនជម្រុះ (MMA) របស់ ទ្វីបអាស៊ី ។ Shinya សង្កត់ធ្ងន់ថា ៖«អ្នកពិតជាអស្ចារ្យ សម្រាប់ទ្វីបអាស៊ី។ ខ្ញុំសប្បាយរីករាយដែលឃើញអ្នក (Lee) អាចដណ្ដើមខ្សែក្រវាត់របស់ខ្ញុំក្នុងអាជីព»។
កីឡាករដែលមានរហស្សនាមថា “The Warrior” របស់សិង្ហបុរី បានផ្ដល់បទសម្ភាសន៍ដល់ ONE បែបនេះ៖«ការឈ្នះខ្សែក្រវាត់លំដាប់ពិភពលោកជាក្ដីសុបិនរបស់ខ្ញុំជាយូរមកហើយ។ នេះជារឿងអស្ចារ្យបំផុតរបស់ខ្ញុំ។ ខ្ញុំឮច្បាស់នឹងត្រចៀកពីពិធីករប្រកាស ហើយវាជាបទពិសោធន៍មិនអាចបំភ្លេចបាន។ Shinya ជាកីឡាករដ៏អស្ចារ្យម្នាក់ គេពូកែក្បាច់ ជីជិតស៊ូ(jiu-jitsu ) ប៉ុន្ដែខ្ញុំក៏ខ្លាំងខាងការពារ និង ចាប់ដែរ។ ខ្ញុំដឹងថាខ្ញុំអាចគេចផុតពីការប៉ុនប៉ងគាបរបស់គេ»។
ម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion គូសបញ្ជាក់ថា៖«ខ្ញុំស្រេកឃ្លាននឹងការប្រកួត។ ការប្រកួតលើកក្រោយគឺអាចជាខ្សែក្រវាត់ World Grand Prix បើសិន ONE ផ្ដល់ឱកាស។ ខ្ញុំចង់ប្រកួតណាស់ ហើយត្រៀមជានិច្ចសម្រាប់ឡើងសង្វៀន ONE ទោះជួបនរណាក៏ដោយ។ ខ្ញុំជាគូប្រជែងកំពូលម្នាក់នាពេលបច្ចុប្បន្ន សម្រាប់ប្រភេទគីឡូ Featherweight ហើយគ្មានអ្នកណាក្រៅពីខ្ញុំទេ។ ខ្ញុំនឹងដណ្ដើមយកខ្សែក្រវាត់ Featherweight World Champion មួយទៀត។ ខ្ញុំរង់ចាំប្រកួតជាមួយជើងខ្លាំង ប្រភេទទម្ងន់ Lightweight និង Featherweight ហើយខ្ញុំជាអ្នកគ្រងតំណែងល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ ONE Championship»។
ជើងខ្លាំងគុនចម្រុះ Christian Lee មានវ័យ ទើប២០ ឆ្នាំ ហ្វឹកហាត់ហាត់នៅក្លិបប្រដាល់ Evolve MMA របស់សិង្ហបុរី។ គេជាតារាលេចធ្លោម្នាក់ប្រចាំសង្វៀន ONE Championship តាំង ពីឆ្នាំ ២០១៥ មកម្ល៉េះ។ គេឡើងសង្វៀន ONEបានចំនួន ១៥ ដងក្នុងនោះឈ្នះរហូតដល់ ១៣ និង ចាញ់តែ ២ ដងប៉ុណ្ណោះ។ Lee ឈ្នះ ៣ ប្រកួតជាប់គ្នានៅសង្វៀន ONE ដោយផ្ដួលកីឡាករជប៉ុន Kazuki Tokudome ត្រឹមទឹកទី១, ផ្ដួលកីឡាករហ្វីលីពីន Edward Kelly នៅទឹកទី១ និង វាយឲ្យជើងខ្លាំងជប៉ុន Aoki នៅទឹកទី២៕
© រក្សាសិទ្ធិដោយ thmeythmey.com