គងពិសី ដីអ្នកប្រាជ្ញ ប្រាជ្ញល្បាញល្បី
ខ្មែរប្រុសស្រី ល្បីស្គាល់ច្បាស់ ណាស់ដូចថ្ងៃ
នាមជូន ណាត ឆ្លាតពូកែ កែគិតខៃ
សល់ស្នាដៃ ក្រៃប្រសើរ ប្រើគ្រប់គ្នា។
សំរោងទង ថ្ពងឧដុង្គ ស្លុងអតីត
ប្រវត្តិពិត និត្យនៅជាប់ រាប់យូរយា
ច្បារមនថ្មី ដីបុប្ផា ផ្កាម្លិះលា
ពេញធូរធារ គ្រានេះគ្រាន់ ទាន់គេឯង។
គិរីរម្យ រម្យរីករាយ ងាយឡើងចុះ
ដំណាំដុះ ផុសផុតដី ល្បីស្វាយស្តែង
កែវរមៀត វាតចម្ការ ថាខ្វាត់ខ្វែង
ឈ្មួញក្រៅស្វែង តែងបោះទុន ហ៊ុនរកស៊ី។
ស្ពឺល្បីឈ្មោះ ព្រោះGI ផ្សាយស្ករត្នោត
អឺរ៉ុបកោត ផ្តោតចូលចិត្ត ឥតគីមី
កាណាដា ផ្សារអាគាំង ទាំងរុស្ស៊ី
ស្ករគ្មានពីរ ទីទុកចិត្ត ឋិតស្រុកខ្មែរ។
កំពង់ស្ពឺ ឮខ្ទរខ្ទារ គ្រាសព្វថ្ងៃ
ដីឡើងថ្លៃ ដៃពាក់មាស រាស្ត្ររស់ល្ហែ
ប្រែគ្រប់ស្រុក ស្តុកស្តមមាន មានថៅកែ
ជាន់ជាប់ស្នេហ៍ តែតាំងនៅ ទៅឆ្ងាយនឹក៕