កំណើនភ្ញៀវអន្តរជាតិ និងវិនិយោគិនពីបណ្តាប្រទេសនានា ចូលមកប្រទេសកម្ពុជា បានធ្វើឱ្យខេត្តជាច្រើន ដែលធ្លាប់តែមានភាពស្ងៀមស្ងាត់ ប្រែក្លាយមានភាពសម្មភាពមមាញឹក ជាមួយនឹងការអភិវឌ្ឍជាច្រើន ទាំងវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវថ្នល់ ស្ពាន និងអាកាសយានដ្ឋានជាដើម។
តួយ៉ាង ខេត្តកោះកុងដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ ដាច់ឆ្ងាយពីតំបន់ផ្សេងៗ អាចនឹងប្រែជាអ៊ូអរមិនខាន នៅពេលខាងមុខ ដោយសារតែពេលនេះ អាកាសយានដ្ឋាននៅក្នុងខេត្តជាប់សមុទ្រមួយនេះ ជិតបញ្ចប់ការសាងសង់ហើយ។
មានទីតាំងស្ថិតនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង អាកាសយានដ្ឋានក្នុងខេត្តកោះកុងនេះ ស្ថិតក្រោមការវិនិយោគសាងសង់ដោយក្រុមហ៊ុនចិន Union Development Group (UDG) ។ មានជនជាតិខ្មែរ និងចិនរាប់សិបនាក់ កំពុងមមាញឹកសាងសង់អាកាសយានដ្ឋាននេះ ឲ្យរួចរាល់នៅក្នុងខែឧសភា ឆ្នាំ២០២០ខាងមុខ តាមផែនការ។
ព្រលានយន្តហោះខេត្តកោះកុង តម្លៃ ៣.៨ ពាន់លានដុល្លារ និងមានប្រវែងវែងជាងព្រលានយន្តហោះនៅភ្នំពេញ ដោយផ្លូវយន្តហោះរបស់ព្រលាននេះ មានប្រវែងបណ្តោយរហូតដល់ទៅ ៣.២គីឡូម៉ែត្រ ជាមួយនឹងទទឹង ៦០ម៉ែត្រ។
នៅពេលដែលដាក់ដំណើរការ ព្រលាននេះអាចទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីក្រៅប្រទេសបានជាច្រើន និងសូម្បីតែយន្តហោះប្រភេទធំៗ (ប្រភេទបូអ៊ិញ ៧៧៧ ប្រភេទបូអ៊ិញ ៧៨៧ និងប្រភេទ Airbus A340-600) ដែលពិបាកចុះចតនៅព្រលានយន្តហោះពោធិ៍ចិនតុង ក៏អាចចុះចតបានដែរ។
ក្រៅពីនោះ ព្រលានយន្តហោះឯស្រុកបុទុមសាគរនេះ ក៏បើកឱ្យមានការហោះហើរត្រង់ទៅមករវាង ប្រទេសក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុនសាងសង់ បានព្យាករណ៍ថា នៅឆ្នាំ២០៣០អ្នកដំណើរឆ្លងកាត់តំបន់នេះ មានចំនួន ៧៥ ម៉ឺននាក់ ហើយការដឹកទំនិញប្រចាំឆ្នាំមានចំនួន ៩លានតោន។ ចំណែកក្នុងឆ្នាំ២០៥០ អ្នកដំណើរឆ្លងកាត់ មានចំនួន ៤៤លាននាក់ ហើយការដឹកជញ្ជូនប្រចាំឆ្នាំមានចំនួន ៣៦លានតោន។
វត្តមានរបស់គម្រោងព្រលានយន្តហោះនេះ បានជំរុញតម្លៃដីធ្លីនៅខេត្តកោះកុង ឲ្យហក់ឡើងថ្លៃជាមុន ក្នុងនោះគម្រោងវិនិយោគនានាបានបន្តចូលទៅទីនេះ ជាពិសេសវិនិយោគិនចិន។
គួរបញ្ជាក់ផងដែរថា គម្រោងវិនិយោគលើព្រលានយន្តហោះក្នុងខេត្តកោះកុងនេះ គឺជាដី សម្បទានពីរដ្ឋាភិបាលកម្ពុជា ដែលមានទំហំសរុបជាង ៤ម៉ឺន ៥ ពាន់ហិកតា គ្របបណ្តប់លើស្រុកចំនួន២ គឺស្រុកបុទុមសាគរ និងស្រុកគិរីសាគរ។ សព្វថ្ងៃ ខេត្តកោះកុងនេះអាចនាំវិនិយោគិនបរទេសជាច្រើន ឲ្យងាកមកវិនិយោគនៅតំបន់ទាំងនេះ ក្នុងនោះមានការវិនិយោគបានផ្តោតសំខាន់លើអាជីវកម្មប្រភេទសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ទីលានវាយកូនគោល តំបន់កម្សាន្តតាមឆ្នេរសមុទ្រ និងកំពង់ផែកសមុទ្រទឹកជ្រៅស ម្រាប់នាវាដឹកទំនិញខ្នាតយក្សជាដើម៕