ជាតិ
បទវិភាគ
សេដ្ឋកិច្ច
អចលនទ្រព្យ
តើ​វិស័យ​អចលនទ្រព្យ ២០១៩-២០២០ អាច​«​ប៉ោង​ផ្ទុះ​បែក​»​ដូច​កាលពី​ឆ្នាំ​២០០៨​ឬទេ​?
01, Jun 2019 , 10:38 am        
រូបភាព
ភ្នំពេញ​៖ មុន​ឆ្នាំ​២០០៨ តម្លៃ​អចល​ទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ហក់​ឡើង​ខ្លាំង​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេសមួយ​នេះ​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០០៨ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​បាន​រុញ​វិស័យ​អចលនទ្រព្យ​ខ្មែរ​ឲ្យ​ធ្លាក់ចុះ​វិញ​យ៉ាង​ឆាប់រហ័ស​។ ស្រុតចុះ​រហូតមកដល់​ឆ្នាំ​២០១៣ មុននឹង​ងើបឡើង​វិញ​ស្រឺ​តៗ ហើយក៏​ចាប់​ហក់​ឡើងវិញ​ខ្លាំង​ចាប់តាំងពី​ឆ្នាំ​២០១៧ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​(២០១៩)​។ តែ​សម្រាប់​ពេលនេះ កង្វល់​ជាច្រើន​បាន​លើកឡើងថា តើ​វាសនា​វិស័យ​អចលនទ្រព្យ​ឆ្នាំ​២០១៩-​ឆ្នាំ​២០២០​ដែល​ទទួលបាន​ការវិនិយោគ​ច្រើន​លើសលប់​ពី​ប្រទេស​ចិន អាច​«​ដួល​» ឬ​«​ប៉ោង​ផ្ទុះ​»​ទៅវិញ ដូច​កាលពី​ឆ្នាំ​២០០៨​ដែល​វិនិយោគ​ដោយ​ជនជាតិ​កូរ៉េខាងត្បូង​ឬទេ​?

 
​អ្នក​ចូលចិត្ត​លេងល្បែង​«​ដីធ្លី​ផ្ទះសម្បែង​»​ពិតជា​អាច​នៅចាំ​ព្រឹត្តិការណ៍​វិបត្តិ​អចលនទ្រព្យ​ឆ្នាំ​២០០៨​។ នៅក្នុង​អំឡុង​ពេលនោះ មាន​អ្នក​ចំណេញ​កប់​ក្តោង ដោយសារតែ​អ្នក​ទាំងនោះ ទិញ​ហើយ លក់​វិញ​ភ្លាម យកប្រាក់​ចំណេញ​ដាក់​ក្នុង​ហោប៉ៅ​។ ជាការ​ពិត មាន​អ្នក​ចំណេញ តែ​ក៏មាន​អ្នក​ខាត​ឡុងចុង​ដែរ​។ អ្នក​ខាត ភាគច្រើន ច្រើនតែ​ទិញ​ហើយ មិន​ចង់​លក់​ចេញ​វិញ​ភ្លាមៗ​ទេ ដោយ​រង់ចាំ​តម្លៃ​ឡើង​ខ្ពស់​បន្តិច​ថែមទៀត​។ តែ​អ្វីៗ​មិន​ដូច​ការគិត​ឡើយ​។ ឆ្នាំ​២០០៨​មកដល់ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ដែល​កើតឡើង ក៏បាន​ទាញ​តម្លៃ​ដីធ្លី​នៅ​កម្ពុជា​ឲ្យ​ដាំ​ក្បាល​ចុះ​ផងដែរ​។ អ្នក​រង់ចាំ​ចំណេញ​ច្រើន ក៏​ខាតបង់​ច្រើន​ទៅវិញ​។ 
 
​សូម​រម្លឹក​បន្តិច​ថា មុន​ពេលដែល​វិស័យ​អចលនទ្រព្យ​ដាំ​ក្បាល​ចុះ​វិញ​ដោយសារ​ឥទ្ធិពល​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នៅ​ឆ្នាំ​២០០៨​នោះ វិស័យ​អចលនទ្រព្យ​កម្ពុជា​ទទួលបាន​កំណើន​យ៉ាងខ្លាំង​នៅ​អំឡុង​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០០៧ ដោយសារ​ការបោះ​ទុនវិនិយោគ​ពី​ជនជាតិ​កូរ៉េខាងត្បូង​។ គម្រោង​ធំៗ​របស់​ជនជាតិ​កូរ៉េ​បាន​ទាញ​ឲ្យ​វិស័យ​អចលនទ្រព្យ​ខ្មែរ​ហក់​ឡើង​ខ្លាំង​។ គម្រោង​ធំៗ​ដែល​គេ​មើលឃើញ នាពេលនោះ គឺមាន​អគារ​មាស ៤២ ជាន់ (Golden Tower ៤២) នៅតាម​បណ្តោយ​មហាវិថី​ព្រះមុន្នីវង្ស និង​គម្រោង ខាំ​កូ ស៊ី​ធី (Camko City)​។ 
 
​ងាក​មក​និយាយ​ពី​ស្ថានភាព​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ននេះ​វិញ ទឹកប្រាក់​វិនិយោគ​ជនជាតិ​ចិន បាន​ចាក់​បញ្ចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​។ ការចាក់​បញ្ចូល​យ៉ាងច្រើន​នេះហើយ​ដែល​ជំរុញ​ឲ្យ​វិស័យ​ខាងលើ​ពុះ​ឡើង​ភ្លាម​។ ដីធ្លី​នៅ​ទីក្រុង​ធំៗ ដូចជា នៅ​ក្រុងព្រះសីហនុ និង​ភ្នំពេញ​ហក់​ឡើង​ខ្លាំង ហើយ​ចំហាយ​របស់​វា​បាន​សាយភាយ​ទៅកាន់​តំបន់​ឆ្ងាយៗ​ផ្សេងទៀត​ផងដែរ​។ 
 
​ក្រោយពី​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៧ និង​២០១៨ កន្លងមក​, អ្នកជំនាញ​សង្គម​-​សេដ្ឋកិច្ច និង​អ្នក​«​លេងល្បែង​»​អចលនទ្រព្យ លើក​ឡើងជា​សំណួរ​ថា តើ​តម្លៃ​អចលនទ្រព្យ​នឹង​បន្ត​កើនឡើង​ទៀត​ឬទេ​នៅ​ឆ្នាំ​២០១៩-២០២០​ខាងមុខនេះ​? នេះ គឺជា​សំណួរ​ដែល​គ្មាន​នរណាម្នាក់​អាច​ផ្តល់​ចម្លើយ​ជាក់ច្បាស់​បានឡើយ ព្រោះ នៅក្នុង​ល្បែង​នេះ វា​តែងតែមាន​អ្នក​ខាត និង​អ្នក​ចំណេញ​។ អ្នកវិភាគ​សង្គម​-​សេដ្ឋកិច្ច​ខ្លះ​ហៅ​សេដ្ឋកិច្ច​អចលនទ្រព្យ​ថា ជា​សេដ្ឋកិច្ច​ពពុះ​សាប៊ូ (​ប៉ោង ហើយ​បែក​)​។ អ្នក​ខ្លះទៀត ហៅ​ការ​ឡើងថ្លៃ​អចលនទ្រព្យ​ថា ជា​សកម្មភាព​«​បំប៉ោង​ស្ថានការណ៍​»​ឬ​«​បំប៉ោង​»​តម្លៃបន្ថែម​។ 
 
​ទោះជា​មិនមាន​នរណា​ហ៊ាន​ទស្ស​ទាយ៍​ឲ្យ​ពិតប្រាកដ​ក៏ដោយ​ក្តី ក៏​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ធនាគារពិភពលោក បាន​ដាស់តឿន​ពី​ហានិភ័យ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដែរ​។ នាយក​គ្រប់គ្រង​ធនាគារពិភពលោក លោកស្រី អ៊ិន​ហ្គូ​ណា ដូ​ប្រា​ចា បាន​និយាយថា វិស័យ​ទាំងពីរ​នេះ កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ឆាប់​ប៉ោង និង​ងាយ​ផ្ទុះ​បែក​វិញ​។ 
 
«​វិស័យ​សំណង់ និង​អចលនទ្រព្យ កាន់តែ​ងាយ​ធ្លាក់​ក្នុង​វដ្ត​ស្ថានភាព​ឆាប់​ប៉ោង ហើយ​ឆាប់​ផ្ទុះ​ទៅវិញ ហើយ​កំណើន​ការផ្ដល់​ហិរញ្ញប្បទាន ក្នុងការ​ស្រុក​នៅក្នុង​វិស័យ​សំណង់ នឹង​កាន់តែ​បង្កើន​ហានិភ័យ​ថែមទៀត ដល់​វិស័យ​ហិរញ្ញវត្ថុ​ដែរ​»​។ នេះ​ជាការ​លើកឡើង របស់លោក​ស្រី អ៊ិន​ហ្គូ​ណា ដែល​មិនទាន់​អាច​វាយតម្លៃ​ពី​រយៈពេល​នៃ​ការធ្លាក់ចុះ​វិញ របស់​វិស័យ​ទាំងពីរ​នេះ​នៅឡើយ​។ 

​បើទោះបីជា​មិនទាន់មាន​សញ្ញា​ធ្លាក់ចុះ​ក៏ដោយ ក៏​សន្ទុះ​នៃ​ការទិញ​លក់​អចលនទ្រព្យ​ហាក់បីដូចជា​ទ្រឹង​បន្តិច​។ ចលនា​ទ្រឹង​នេះហើយ​ដែល​អាចជា​សញ្ញាណ​ប្រាប់ថា វិស័យ​អចលនទ្រព្យ​អាច​នឹង​ថមថយ​នាពេលខាងមុខ​។ បើ​ថមថយ​ហើយ ចរន្ត​នៃ​ការធ្លាក់​ថ្លៃ​ពិតជា​ចាប់ផ្តើម​។ ប្រសិនបើ ចំនួន​អ្នកទិញ​ថយចុះ អ្នកទិញ​លែង​ហ៊ាន​ទិញ ពេលនោះ ជំនឿ​លើ​អចលនទ្រព្យ​នឹង​បាត់បង់ ហើយ​នៅ​ទីបញ្ចប់ អ្វីៗ​អាច​ផ្ទុះ​បែក​វិញ​។ បើ​កើតឡើង​អ៊ីចឹង​មែន ពេលនោះ វាសនា​វិស័យ​អ​លន​ទ្រព្យ​ឆ្នាំ​២០១៩-២០២០ អាច​«​ដួល​»​ដូច​ឆ្នាំ​២០០៨​ដែរឬទេ​?​។ 
 
​ត្រង់ចំណុច​នេះ គេ​គួរ​កត់សម្គាល់ថា ស្ថានភាព​ឆ្នាំ​២០០៨ និង​២០១៩-២០២០ គឺ​ខុសគ្នា​។ ខុសគ្នា​នៅត្រង់ថា តម្លៃ​អចលនទ្រព្យ​ឆ្នាំ​២០០៨ ដាំ​ក្បាល​ចុះ​វិញ គឺ​ដោយសារ វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​ល​ដែល​បានដាក់​សម្ពាធ​ជារួម​មកលើ​សេដ្ឋកិច្ច​នៃ​ប្រទេស​ដទៃទៀត ក្នុងនោះ ក៏មាន​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ ដែលជា​អ្នកវិនិយោគ​ដ៏​ធំ​មួយ​មកលើ​វិស័យ​អចលនទ្រព្យ​ខ្មែរ ហើយ​ព្រម​ពេល​ជាមួយគ្នា វិបត្តិ​នោះ ក៏បាន​ជះឥទ្ធិពល​មកលើ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។ រីឯ​ករណី​អចលនទ្រព្យ​នៅ​ឆ្នាំ​២០១៩-២០២០​នេះ គេ​មិន​រំពឹងថា វា​នឹងមាន​វាសនា​ដូច​ករណី​ឆ្នាំ​២០០៨​ឡើយ ព្រោះ សេដ្ឋកិច្ចកម្ពុជា​នៅ​ទទួល​កំណើន​ក្នុង​រង្វង់​៧%​សម្រាប់​ឆ្នាំ​ខាងមុខៗ​ទៀត​។ ម្យ៉ាងទៀត ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​អ្នកជំនួញ​បរទេស​នៅ​ធំ​ទូលាយ ហើយ​កម្លាំង​ពលកម្ម​កម្ពុជា គឺជា​កម្លាំង​ពលកម្ម​វ័យក្មេង​។​ល​។ 
 
​ទោះជា​មិន​ដាំ​ក្បាល​ចុះ​ដូច​ឆ្នាំ​២០០៨​ក៏ដោយ ក៏​អ្នកវិភាគ​សង្គម​-​សេដ្ឋកិច្ច​ខ្លះ លើកឡើងថា តម្លៃ​អចលនទ្រព្យ​នាពេលនេះ​ហាក់​ចាប់ផ្តើម​ថមថយ​, ការទិញ​-​លក់​-​ជួល ថមថយ ឬ​នៅ​ទ្រឹង​នៅក្នុង​តំបន់​មួយចំនួន​ដែល​ធ្លាប់​ត្រូវប៉ាន់​ខ្លាំង​។ ការ​ថមថយ​នាពេលនេះ គឺអាច​កើតឡើង​ដោយសារ​ទីផ្សារ​អចលនទ្រព្យ​ចាប់ផ្តើម​ចាល់​ខ្លាំងពេក​។ ម្យ៉ាងទៀត អ្នកទិញ​ដីធ្លី ទុក​លក់​យកចំណេញ​ចាប់ផ្តើម​បញ្ចេញ​ដីធ្លី​វិញ​ខ្លះ​។ កត្តា​នេះ គឺជា​ចរន្ត​ដែល​រុញ​ឲ្យ​វិស័យនេះ ថមថយ​មួយចំណែក​ដែរ​។ ជា​លទ្ធផល អ្នករងគ្រោះ​ដោយសារ​ការ​ថមថយ​នៃ​តម្លៃ​អចលនទ្រព្យ​អាចជា​អ្នក​ជាប់បំណុល​ធនាគារ​។ 
 
​ទោះបីជា​វិស័យ​អចលនទ្រព្យ​ជា​លក្ខណៈ​ទូទៅ​ត្រូវបាន​គេ​ស​ន្និ​ដ្ឋា អាច​ថមថយ​ខ្លះ​ក៏ដោយ ក៏​អ​ល​ចលនទ្រព្យ​នៅក្នុង​តំបន់ ឬ​ទីតាំង​ល្អៗ ជាពិសេស ក្នុង​ទីក្រុង ឬ​ទីតាំង​ជំនួញ ទីតាំង​វិនិយោគ មិន​ប្រឈម​បញ្ហា​ដូច​អចលនទ្រព្យ​នៅតាម​តំបន់​ដាច់ស្រយាល​ឆ្ងាយៗ ដែល​មិន​ត្រូវប៉ាន់​ឡើយ​។ 
 
​អ្នកជំនាញ​សង្គម​-​សេដ្ឋកិច្ច មើលឃើញ​បច្ច័យ​អវិជ្ជមាន​ដែល​អាច​នឹង​កើតឡើង​ចំពោះ​វិស័យ​អចលនទ្រព្យ​នាពេលខាងមុខ​មែន​។ ប៉ុន្តែ វិនិយោគិន​ក្នុង​វិស័យនេះ​វិញ មើលឃើញ​ឱកាស​កាន់តែ​ធំ​ឡើងៗ​។ ដូច្នេះ ការពិត​យ៉ាងណា​នោះ មានតែ​ស្ថានភាព​ជាក់ស្តែង​ប៉ុណ្ណោះ ដែល​អាច​នឹង​ផ្តល់​ចម្លើយ​ជាក់លាក់​នាពេលខាងមុខ​នេះ​៕ 
 
 
 

Tag:
 អចលនទ្រព្យ​
 សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com