កីឡាជាតិ
ជាតិ
ក្រោ​ន​ស្វាគមន៍​ទ័ព សូល​ទី​ឡូ​ប៉ះ​ថា​យ​ហ្គឺ​រ ខណៈ​ប៉ូលិស​តទល់​ជាមួយ​កំពង់ចាម​
01, Jun 2019 , 10:53 am        
រូបភាព
ដោយ:
 
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​១០ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​១ ខែមិថុនា ឆ្នាំ​២០១៩​នេះ មានការ​ប្រកួត​ចំនួន​បី​គូ ដែល​ធ្វើឡើង​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ក្រុម​ភ្នំពេញ​ក្រោ​ន​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ក្រសួងការពារជាតិ​(​ទ័ព​) ក្រោយ​ក្រុម​សូល​ទី​ឡូ​អង្គរ​ប៉ះ​មិត្ត​រួម​ខេត្ត​អង្គ​រថា​យ​ហ្គឺ​រ​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ខណៈ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​(​ប៉ូលិស​)​ប៉ះ​ក្រុម​កំពង់ចាម​នៅ EDC​។

 
​ភ្នំពេញ​ក្រោ​ន​ប៉ះ​ក្រសួងការពារជាតិ វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន Smart R.S.N
 
​នេះ​អាច​ចាត់ទុកជា​ជំនួប​ដ៏​ជក់ចិត្ត​សម្រាប់​ទស្សនិកជន​ប្រចាំ​ថ្ងៃនេះ ខណៈ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​រក្សា​គម្លាត​ក្នុងការ​ប្រជែង​ដណ្តើម​កំពូល​តារាង​។ ក្រោយ​ចាញ់​ណាហ្គា​វើ​ល ៣-០ ភ្នំពេញ​ក្រោ​ន​ហាក់​បាន​ស្តារ​មុខមាត់​ល្អប្រសើរ​ឡើងវិញ​តាមរយៈ​ការយក​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣-០ ចាញ់​សូល​ទី​ឡូ​អង្គរ ១-០ និង​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-១​។ បច្ចុប្បន្ន​ក្រុម​នេះ​ស្ថិតនៅ​លេខ​រៀង​ទី​៨​មាន​១២​ពិន្ទុ​ក្រោយ​ឈ្នះ​៤ និង​ចាញ់​៥​។ ចំណែក​ក្រសួងការពារជាតិ​ស្ថិតនៅ​លេខ​រៀង​ទី​៥​មាន​១៧​ពិន្ទុ​ជាមួយ​ជ័យជម្នះ​៥ ស្មើ​២ និង​ចាញ់​២​។ ក្រោយ​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ៤-៣ នៅ​សប្តាហ៍​ទី​៣ ក្រុម​នេះ​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​គីរីវង់​សុខ​សែន​ជ័យ​ជាមួយ​លទ្ធផល ៤-១ តែ​យកឈ្នះ​វិសាខា ១-០​។ 
 
​សូល​ទី​ឡូ​អង្គរ​ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​
 
​នេះ​ជា​ជំនួប​ដែល​គេ​រំពឹងថា នឹងមាន​អ្នកទស្សនា​ច្រើនជាងគេ ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធ​តែមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​ដូចគ្នា​។ ហើយ​វា​ក៏​ជា​ជំនួប​ដ៏​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ​ផងដែរ​។ ក្រោយ​ស្មើ ១-១ ជាមួយ​ក្រសួងការពារជាតិ សូល​ទី​ឡូ​អង្គរ​បាន​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ១-០ រួច​បន្ត​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ១-០ និង​យកឈ្នះ​អគ្គិសនី​កម្ពុជា ៤-២​។ បច្ចុប្បន្ន​ក្រុម​នេះ ស្ថិតនៅ​លេខ​រៀង​ទី​៧​មាន​១២​ពិន្ទុ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​ស្ថិតនៅ​លេខ​៤​មាន​១៨​ពិន្ទុ​។ ក្រោយ​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​បាន​៧​សប្តាហ៍ អង្គ​រថា​យ​ហ្គឺ​របា​ន​ចាញ់​ណាហ្គា​វើ​ល ៤-០ ក្នុង​សប្តាហ៍​ទី​៨ តែ​បាន​យកឈ្នះ​ប៉ូលិស ៤-២ កាលពី​សប្តាហ៍​មុន​។​
 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ប៉ះ​កំពង់ចាម វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​
 
​ក្រោយ​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ ៤-២ កាលពី​សប្តាហ៍​មុន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​រំពឹង​អា​ចរក​គ្រាប់​បាល់​បាន​ច្រើន​ពី​កំពង់ចាម សម្រាប់​ជំនួប​សប្តាហ៍​ទី​១០​នៅថ្ងៃនេះ ដើម្បី​ស្តារ​មុខមាត់​។ មួយរយៈ​កន្លងមកនេះ ក្រុម​ក្រោម​ការដឹកនាំ​របស់លោក ប្រាក់ សុវណ្ណារ៉ា មួយ​នេះ ហាក់​ទទួលបាន​លទ្ធផល​មិនសូវ​គាប់ប្រសើរ​នោ​ទេ​។ ក្រោយ​ស្មើ ២-២ ជាមួយ​សូល​ទី​ឡូ​អង្គរ ក្រុម​នេះ​បាន​ចាញ់​ពីរ​ប្រកួត​ជា​បន្តបន្ទាប់​ក្នុងនោះ​ចាញ់​គីរីវង់​សុខ​សែន​ជ័យ ៣-២ ភ្នំពេញ​ក្រោ​ន ៣-០ យកឈ្នះ EDC ១-០ និង​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ ៤-២​។ បច្ចុប្បន្ន​ក្រុម​នេះ​ស្ថិតនៅ​លេខ​រៀង​ទី​១២​មាន​៧​ពិន្ទុ​ជាមួយ​ជ័យជម្នះ​២​លើក ស្មើ​១ និង​ចាញ់​៦​។ 
 
​ចំណែក​កំពង់ចាម​ជា​ក្រុម​ដុនដាប​ជាងគេ​នៅ​រដូវ​កាល​នេះ ពោលគឺ​តាំងពី​យកឈ្នះ​អគ្គិសនី​កម្ពុជា ១-០ ក្នុងជំនួប​បើកឆាក ពួកគេ​បាន​រង​បរាជ័យ​៨​ប្រកួត​ជាប់​គ្នា​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុងចំណោម​បរាជ័យ​ទាំងអស់ គឺមាន​ជំនួប​ខ្លះ​អាច​របូត​គ្រាប់​បាល់​រហូត​ជាង​១០​គ្រាប់​។ ជាក់ស្តែង​កាលពី​សប្តាហ៍​មុន​ក្រុម​នេះ ត្រូវបាន​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល​លត់​ក្នុង​លទ្ធផល ១៨-០​។ 
 
​សម្រាប់​៩​ប្រកួត​កន្លងមក​ក្រុម​ចំណូល​ថ្មី​មួយ​នេះ​បាន​របូត​គ្រាប់​បាល់​រហូត​៨២​គ្រាប់​។ បច្ចុប្បន្ន ពួកគេ ស្ថិតនៅ​បាត​តារាង​រក្សា​៣​ពិន្ទុ​ជាមួយ​ជ័យជម្នះ​១​លើក និង​ចាញ់​៨​លើក​៕    
 
  

Tag:
 Cambodia League 2019
  ភ្នំពេញ​ក្រោ​ន​
  ទ័ព​
  អង្គ​រថា​យ​ហ្គឺ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com