អន្តរជាតិ
នយោបាយអន្តរជាតិ
អាមេរិក ប្រាប់ចិនឲ្យឈប់ធ្វើសកម្មភាពប៉ះពាល់អធិបតេយ្យអ្នកជិតខាងខ្លួន
× ប្រមុខការពារជាតិអាមេរិក ផាទ្រីក សាណាហាន់ នៅថ្ងៃទី១ ខែមិថុនា បានរិះគន់ចិនខ្លាំងៗចំពោះសកម្មភាពនៅសមុទ្រចិនខាងត្បូង។ ពីវេទិកាសន្តិសុខនៅសិង្ហបុរី លោក សាណាហាន់ និយាយថា សកម្មភាពចិន បង្កការគំរាមកំហែងដល់ស្ថិរភាពតំបន់អាស៊ី ហើយប៉ះពាល់ដល់អ្នកជិតខាងរបស់ខ្លួនទៀតផង។ មន្ត្រីជាន់ខ្ពស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ រូបនេះក៏ឆ្លៀតបង្ហើបថា អាមេរិកកំពុងវិនិយោគលើបច្ចេកវិទ្យាថ្មីដើម្បីជួយអាស៊ី។
ល្បែងប្រជែងឥទ្ធិពលរវាងអាមេរិក និងចិន បានលេចឡើងជាថ្មីនៅចុងសប្ដាហ៍នេះនៅកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី។ វេទិកានេះ ប្រមូលផ្ដុំដោយប្រមុខការពារជាតិ និងមេទ័ពប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិចដើម្បីជជែកពីបញ្ហាសន្តិសុខតំបន់។ ដូចជំនួបឆ្នាំមុនៗដែរ អាមេរិក បាននិយាយវាយប្រហារចិនដែលមានឥទ្ធិពលខ្លាំងក្នុងតំបន់។ សមុទ្រចិនខាងត្បូង ស្ថិតក្នុងចំណោមបញ្ហាជាច្រើនដែលអាមេរិកយកទៅវាយប្រហារចិន។
ចំពោះមន្ត្រីការពារជាតិមកពីប្រទេសជាច្រើន លោក ផាទ្រីក សាណាហាន់ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិក និយាយថា ចិន អាចនិងគួរមានទំនាក់ទំនងល្អជាមួយផ្នែកផ្សេងទៀតក្នុងតំបន់។ លើសពីនោះ លោក សាណាហាន់ ក៏បានប្រាប់ឲ្យទីក្រុងប៉េកាំងបញ្ឈប់អាកប្បកិរិយាដែលធ្វើឲ្យប៉ះពាល់អធិបតេយ្យអ្នកខាងខ្លួន ហើយឈប់បាចសាចការមិនទុកចិត្តគ្នាក្នុងជំហររបស់ចិនទៅលើប្រទេសក្នុងតំបន់តទៅទៀត។
ប្រមុខមន្ទីរបញ្ចកោណរូបនេះ និយាយទៀតថា សហរដ្ឋអាមេរិកបានវិនិយោគយ៉ាងច្រើននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដើម្បីរក្សាអនុភាពយោធារបស់ខ្លួន ក៏ដូចជាការពង្រឹងសមត្ថភាពដើម្បីការពារសម្ព័ន្ធមិត្តតំបន់អាស៊ីផង។ សម្រាប់លោក សាណាហាន់ អាមេរិកចាត់ទុកជាឥណ្ឌូ-ប៉ាស៊ីហ្វិកជាតំបន់អាទិភាពរបស់ខ្លួន និងជាទីដែលអាមេរិកឈរជើងផង។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ ពាក្យរិះគន់ចិនរបស់លោក សាណាហាន់ ធ្វើឡើងបន្ទាប់ពីបានជួបគ្នាជាមួយសមភាគីចិន វៃ ហ្វឹងហេ ហើយជំនួបនោះ ត្រូវបានលោក សាណាហាន់ ផ្ទាល់អះអាងថា ប្រកបដោយការយល់ចិត្ត។ យ៉ាងណាមិញ នាសុន្ទរកថាមួយថ្ងៃបន្ទាប់ រដ្ឋមន្ត្រីស្ដីទីរូបនេះបញ្ជាក់ថា អ្វីដែលអាមេរិក គឺធានាថា គ្មានសត្រូវអាមេរិកណាអាចជឿជាក់ពីសមត្ថភាពខ្លួនដែលអាចសម្រេចគោលដៅតាមរយៈយោធាឡើយ។
លោក វៃ ហ្វឹងហឺ ដែលជារដ្ឋមន្ត្រីការពារជាតិចិនទីមួយចូលរួមក្នុងវេទិកានេះចាប់តាំងពីឆ្នាំ២០១១ មកនោះ នឹងឡើងថ្លែងនៅថ្ងៃទី២ ខែមិថុនា។ ច្បាស់ណាស់ថា រដ្ឋមន្ត្រីការពារជាតិចិនរូបនេះ នឹងវាយបកទៅកាន់សមភាគីអាមេរិកវិញលើប្រធានបទជាច្រើន ពិសេសបញ្ហាតៃវ៉ាន់ដែលអាមេរិកជួយគាំទ្រពីក្រោយ តែចិននៅតែចាត់ទុកជាអាណាខេត្តរបស់ខ្លួន៕
Tag:
អាមេរិក
ចិន
ផាទ្រីក សាណាហាន់
© រក្សាសិទ្ធិដោយ thmeythmey.com