ជាតិ
សង្គមជាតិ
ធុច សីហា បងប្រុស សា​លិ រៀន​គូរគំនូរ តែ​ស្រឡាញ់​ផ្នែក​វិស្វករ​
01, Jun 2019 , 4:10 pm        
រូបភាព
​សៀមរាប​៖ នៅពេល​គេ​និយាយ​ដល់​ក្មេងប្រុស ធុច សា​លិ នោះគេ​នឹង​ស្គាល់​ភ្លាម​ដោយសារ​ក្មេងប្រុស​នេះ​មាន​ទេពកោសល្យ​ក្នុងការ​និយាយ​ច្រើន​ភាសា និង​ត្រូវបាន​សារព័ត៌មាន​ជាតិ​និង​អន្ដរជាតិ​ជាច្រើន​ផ្សព្វផ្សាយ​។ ធ្លាប់​លក់ដូរ​តាម​ប្រាសាទ​ដូច​ប្អូនប្រុស​ដែរ ធុច សីហា មិនសូវ​ចេះ​និយាយ​ច្រើន​ភាសា​ដូច សា​លិ​ប៉ុន្មាន​ទេ​។ សព្វថ្ងៃ សីហា រៀន​ថ្នាក់​ទី​១១ និង​មាន​ជំនាញ​គូរគំនូរ​លើ​ក្រណាត់​។

 
​ធុច សីហា ជា​បងប្រុស​បង្កើត​រប​ស់​ក្មេងប្រុស ធុច សា​លិ ដែលមាន​សមត្ថភាព​ខ្ពស់​ផ្នែក​ភាសា​ដោយសារ​គេ​មាន​របរ​លក់ដូរ​អនុស្សាវរីយ៍​ឱ្យ​ភ្ញៀវ​បរទេស​នៅតាម​ប្រាសាទ​។ កំពុង​អង្គុយ​ក្រោម​សំ​យ៉ាប​មុខផ្ទះ​ដែល​ស្ថិតនៅ​ខាងជើង​កំពែង​ប្រាសាទបន្ទាយក្ដី សីហា ថា​ខ្លួន​ក៏​ចេះ​ភាសា​លក់​ដូច​ប្អូន​ខ្លួន​ដែរ តែ​មិនសូវ​បាន​ច្រើន​ភាសា​។ 
 
​សីហា មាន​ឪពុក​ជាជាង​គំនូរ ហើយ​បាន​ជំរុញ​ការងារ​មកដល់​រូបគេ​ដើម្បី​ទុក​គូរ​នៅពេល​គេ​ទំនេរ​ពី​ការរៀនសូត្រ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្មេងប្រុស សីហា អាយុ​១៧​ឆ្នាំ​។ ក្មេងប្រុស​រូបនេះ​មិនសូវ​ស្រឡាញ់​ខាង​គំនូរ​នេះ​ប៉ុន្មាន​ទេ​កាលពី​ដំបូង​ពេល​ឪពុក​បង្រៀន តែ​ក្រោយពី​ចេះ​ខាង​នេះ​ជាង​មួយឆ្នាំ​មកនេះ គេ​ហាក់​ចូលចិត្ត​និង​សប្បាយ​ជាមួយ​ការងារ​នេះ​ណាស់​។ សីហា គូរគំនូរ​ក្រណាត់​ទាំង​ផ្ទាំង​តូច​និង​ធំ តែដោយសារ​ទីផ្សារ​ទៅលើ​ផ្ទាំង​តូច​ច្រើន ទើប​សីហា​គូរ​ខ្នាត​នេះ​ច្រើន​។ ក្នុង​មួយថ្ងៃ សីហា អាច​គូររូប​ខ្នាតតូច​អាច​បាន​ពី​៥ ទៅ​១០​ផ្ទាំង ដែល​បោះ​ឱ្យ​ម៉ូយ​ក្នុងតម្លៃ​ពី​៤​ដុល្លារ​កន្លះ​ទៅ​៥​ដុល្លារ រីឯ​ផ្ទាំង​ធំ​លក់បាន​តម្លៃ ៣០​ដុល្លារ​។​
 


​ដោយសារ​មាន​ជីតា​ធម៌​នៅ​ភ្នំពេញ​ដែល​ស្រឡាញ់​រាប់អាន​គ្រួសារ​ខ្លួន សីហា គ្រោង​នឹង​ឡើងទៅ​រៀន​ថ្នាក់​ទី​១២​នៅ​ទីនោះ​។ សីហា បញ្ជាក់ថា ក្រោយ​រៀន​ចប់​ថ្នាក់បាក់ឌុប គេ​មានបំណង​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ​លើ​ជំនាញ​វិស្វករ​ដែល​គេ​ស្រមៃ និង​ជំនាញ​កសិកម្ម​តាម​ការតម្រង់ទិស​ពី​ជីតា​ធម៌​ដែល​ចង់ឱ្យ សីហា ជួយ​មើល​ការខុសត្រូវ​របរ​កសិក​ម្ម​ខ្លួន​នាពេល​អនាគត​។ សីហា ប្រាប់ថា ក្រោយ​រៀន​ចប់​ខ្លួន​នឹង​វិល​មក​ស្រុកកំណើត​វិញ​ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រទេស​៕
 


 



Tag:
 ធុច សីហា​
  សា​លិ​
  គំនូរ​
  វិស្វករ​
© រក្សាសិទ្ធិដោយ thmeythmey.com