សង្គមអន្តរជាតិ
អន្តរជាតិ
អ្នកកាសែតហ្វាំងឡង់ម្នាក់លេបអត្ថបទដែលខ្លួនសរសេរ ក្រោយរិះគន់ខុសលើក្រុមកីឡាហុកគី
× ក្រុមកីឡាហុកគីទឹកកកជម្រើសជាតិហ្វាំងឡង់ បានក្លាយជាម្ចាស់ជើងឯកពិភពលោក ក្រោយឈ្នះកាដាណា ៣-១ នៅក្រុង Bratislava ប្រទេសស្លូវ៉ាគី។ ពលរដ្ឋហ្វាំងឡង់នាំគ្នាអបអរសាទរចំពោះជោគជ័យនេះ តែលោក Filip Saxen ដែលជាអ្នកកាសែត ត្រូវលុបលាងនូវអ្វីដែលខ្លួនបានរិះគន់មុនការប្រកួត តាមរយៈការលេបអត្ថបទដែលខ្លួនសរសេរចូលពោះ។
លោក Saxen ដែលបម្រើការឲ្យសារព័ត៌មានប្រចាំថ្ងៃ Hufvudstadsbladet បានរិះគន់យ៉ាងខ្លាំងទាក់ទងនឹងសមាសភាពក្រុមកីឡាហុកគីទឹកកកជម្រើសជាតិហ្វាំងឡង់ មុនដំណើររបស់ពួកគេទៅកាន់ក្រុង Bratiaslava។ លោកបានសរសេរក្នុងអត្ថបទរបស់ខ្លួនថា ក្រុមនេះជាក្រុមដ៏អន់ជាងគេក្នុងប្រវត្តិសាស្ត្រពានរង្វាន់ពិភពលោក។ «ខ្ញុំបានទាយថា ខ្លាំងបំផុត ពួកគេអាចឈានត្រឹមវគ្គ១/៤ផ្តាច់ព្រ័ត្រប៉ុណ្ណោះ»។ លោកបានបញ្ជាក់យ៉ាងដូច្នេះ។
មិនដូចជាអ្នកកាសែតរូបនេះ គិតនោះឡើយ ក្រុមហ្វាំងឡង់ បានបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ពិភពលោកនៅប្រទេសស្លូវ៉ាគី តាមរយៈការយកឈ្នះក្រុមខ្លាំងជាបន្តបន្ទាប់ ដូចជាស៊ុយអែត រុស្ស៊ី និងកាណាដា នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកពាន World Cup លើកដំបូងក្រោយខកខាន៨ឆ្នាំ។
លោក Saxen សុំទោសនូវអ្វីដែលខ្លួន បានរិះគន់ខុសតាមរយៈការលេបអត្ថបទកាសែតដែលខ្លួនបានសរសេរ ហើយបង្ហោះវីដេអូនៅលើបណ្តាញសង្គម Twitter។
នេះមិនមែនជាលើកដំបូងឡើយ ដែលអ្នកកាសែតពិន័យលើខ្លួននូវអ្វីដែលសរសេរខុស។ បន្ទាប់ពីជោគជ័យដ៏ភ្ញាក់ផ្អើលរបស់លោក Donald Trump នាការបោះឆ្នោតឆ្នាំ២០១៦ លោក Dana Milbank ក៏ធ្លាប់ធ្វើបែបនេះផងដែរ ក្រោយលោកវិភាគលទ្ធផលខុស៕
Tag:
ហ្វាំងឡង់
ហុកគីទឹកកក
សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com