ជាតិ
សង្គមជាតិ
ក្រោយ​ការពារ​បាន​ជោគជ័យ រដ្ឋាភិបាល បន្ថែម​ដីព្រៃ​ជាង​១​ម៉ឺន​ហិកតា​ទៀត ឲ្យ​ព្រះអង្គ ប៊ុន សា​លួត
01, Jun 2019 , 9:19 pm        
រូបភាព
ភ្នំពេញ​៖ គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​ព្រះ​តេជគុណ ប៊ុន សា​លួត ក្នុង​ដំណើរការ​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ក្នុង​ដែន​ព្រៃ​សង្ឃ​រុក្ខ​វ័ន ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ​។ បន្ទាប់ពី​បានឃើញ​ជោគជ័យ ក្នុងការ​ការពារ​ព្រៃ​ធម្មជាតិ ដែលមាន​ផ្ទៃដី​ជិត​២​ម៉ឺន​ហិកតា​កន្លងមក​នោះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់​ដី​រហូតដល់​ទៅ​ជាង​៣​ម៉ឺន​ហិកតា ដើម្បី​ឲ្យ​ព្រះអង្គ​ការពារ​បន្ថែម​។ ទៅ​ថ្ងៃ​អនាគត ព្រះ​តេជគុណ ប៊ុន សា​លួត មាន​គម្រោង​រៀបចំ​ដែន​ព្រៃ​សង្ឃ​រុក្ខ​វ័ន ទៅជា​តំបន់​អេកូ​ទេសចរណ៍​ផងដែរ​។​


​ព្រោះ​មាន​ព្រះទ័យ​ចង់​ថែរក្សា​ព្រៃឈើ និង​សត្វព្រៃ​ទុក​ដល់​ក្មេងជំនាន់ក្រោយ ព្រះ​តេជគុណ ប៊ុន សា​លួត បាន​លះបង់​ទាំង​កម្លាំងកាយ ក្នុង​កិច្ចការ​ការពារ​ដែន​ព្រៃ​សង្ឃ​រុក្ខ​វ័ន ក្នុង​ផ្ទៃដី​ចំនួន​ជិត​២​ម៉ឺន​ហិកតា តាំងពី​ឆ្នាំ​២០០០​មក​។ 
 
​ព្រះ​តេជគុណ ប៊ុន សា​លួត បានផ្ដល់​បទ​សម្ភាស​ដ​ល់​សារព័ត៌មាន​ថ្មីៗ ក្រោយ​ការចាក់​បញ្ចាំងភាពយន្ត​ឯកសារ​ក្រោម​ចំណងជើង​ថា «​ឆ្មាំ​ព្រៃ​» ដែលជា​ភាពយន្ត​បង្ហាញ​ពី​ការការពារ​ព្រៃឈើ​និង​សត្វព្រៃ នៅក្នុង​ស្រុក​អន្លង់វែង ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ព្រះអង្គ មាន​ថេរ​ដីកា​ថា ការងារ​នេះ ត្រូវការ​ការលះបង់​ច្រើន និង​ការតស៊ូ​ខ្លាំង​។
  
 
​និមន្ត​ក្នុងព្រៃ​ដោយ​ព្រះហស្ត​ទទេ គ្មាន​អាវុធ​ការពារ​ព្រះកាយ​អ្វី​ទាំងអស់ ព្រះអង្គ ប៊ុន សា​លួត តែងតែ​យក​ឋានៈ​ជា​ព្រះសង្ឃ និង​ទ្រឹស្ដី​ព្រះពុទ្ធ ដើម្បី​ចរចា​ជាមួយ​អ្នក​កាប់​ឈើ និង​អ្នកប្រមាញ់​សត្វព្រៃ​។ ការដោះស្រាយ​តាម​សន្តិវិធី និង​យុទ្ធសាស្ត្រ​រក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ក្នុង​តំបន់​បានល្អ​នោះ​ហើយ ទើប​មកដល់​ពេលបច្ចុប្បន្ន ព្រះអង្គ​អាច​ការពារ​ដី​ក្នុង​ដែន​ព្រៃ​សង្ឃ​រុក្ខ​វ័ន ក្នុងស្រុក​អន្លង់វែង​បាន​១០០​ភាគរយ និង​ព្រៃឈើ​បាន​ប្រមាណ​៩៥​ភាគរយ និង​សត្វព្រៃ​បាន​ប្រមាណ​៧០​ភាគរយ​។ ព្រះអង្គ មាន​សង្ឃដីកា​ថា​៖«​សត្វព្រៃ​នៅក្នុង​តំបន់​ដែល​យើង​ការពារ មាន​គ្រប់​ទាំងអស់ លើកលែងតែ​សត្វ​ដំរី​មួយ​ដែល​មិនមាន​។ យើង​ពិបាក​ការពារ​សត្វ ក៏​ព្រោះតែ​គេ​ដាក់​ឧបករណ៍​នេសាទ​នៅ​ខែ​ទឹក ដល់​ខែ​គោក គេ​មិនបាន​យកទៅ​វិញ​។ ដូច្នេះ​សត្វ​វា​ដើរទៅ ក៏​ជាប់​ឧ​បរ​ណ៍​ទាំងនោះ​»​។​
 
​ជោគជ័យ​ទាំងនោះ​ហើយ បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល សម្រេច​ផ្ដល់​តំបន់​ការពារ​ជាង​១​ម៉ឺន​បន្ថែម ដែល​សរុប​ផ្ទៃដី​ដល់​ទៅ​ជាង​៣​ម៉ឺន​ហិកតា ដល់​ព្រះអង្គ ដើម្បី​ការពារ​បន្ត​។​
​ទោះ​បាន​លទ្ធផល​ល្អ​ក្នុងពេល​បច្ចុប្បន្ន​យ៉ាងនេះ​ក្ដី ប៉ុន្តែ​កាលពី​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៧ ព្រះអង្គ​មានការ​ប្រឈម​ខ្លាំង​ណាស់ដែរ ព្រោះតែ​ការ​រុករាន​ដីធ្លី​ពី​ឈ្មួញ និង​ប្រជាជន រួមទាំង​បញ្ហា​ទឹកជំនន់​ដោយសារ​ទំនប់​វា​រី​អគ្គិសនី​។ 
 
«​ពេល​មាន​បញ្ហា​កាប់​ព្រៃ យើង​សួររក​ឯកសារ​អនុញ្ញាត ឬ​ឯកសារ​ពាក់ព័ន្ធ​ពី​ពួកគាត់​។ បើ​ពួកគាត់​បាន​ទិញ ឬ​ពួកគាត់​មានការ​អនុញ្ញាត​ពី​ច្បាប់ យើង​ឲ្យ​គាត់​កាប់​តែ​តំបន់​នោះទេ មិន​ឲ្យ​គាត់​ពង្រីក​ដី​បន្ថែម មិន​ឲ្យ​ផ្ទេរ​ទៅ​អ្នកផ្សេង មិន​ឲ្យ​គ្រៀវ​ដើមឈើ និង​មិន​ឲ្យ​យក​ដី​នោះ ទៅធ្វើជា​កម្មសិទ្ធិ​។ បើ​មិនមាន​ឯកសារ​អ្វី​ទេ យើង​ងាយស្រួល​និយាយ​ជាមួយ​គាត់​ទៀត​។ បើ​អាត្មា មិន​ប្រឹងប្រែង​ខ្លាំង​ទេ នោះ​រដ្ឋាភិបាល នឹង​ដកយក​ដី​នោះ​ទៅ​វិនិយោគ​។ រាល់​ការដោះស្រាយ អាត្មា​បាន​ដើរ​ត្រូវ​តួនាទី​»​។ នេះ​ជាការ​បញ្ជាក់​របស់​ព្រះ​តេជគុណ ប៊ុន សា​លួត​។​
 
​ដោយសារ​ក្នុង​ដែន​ព្រៃ​សង្ឃ​រុក្ខ​វ័ន មាន​អាង​រក្សា​ទឹក​តាំងពី​បុរាណ មាន​ភ្នំ​រូង​ដែក ដែលជា​ភ្នំ​ប្រវត្តិសាស្ត្រ មាន​ឡ​ស្លដែក​ចំនួន​៨ នៅក្បែរ​ភ្នំ​រូង​ដែក ដែល​ប្រហែល​ជាមាន​អាយុកាល​តាំងពី​សម័យអង្គរ មាន​ប្រាសាទ​ប្រមាណ​ជាង​២០ និង​មាន​ស្រែ​បុរាណ​ថែម​ទៀតផង​នោះ ព្រះ​តេជគុណ ប៊ុន សា​លួត គ្រោង​រៀបចំ​តំបន់​នោះ ឲ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​ធំជាងគេ នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ដែនជម្រកសត្វព្រៃ រួមទាំង​ជា​កន្លែង​សិក្សា​ស្រាវជ្រាវ​ផងដែរ​។​
 
​ព្រះអង្គ បង្ហាញ​ជំនឿ​ថា​៖«​យើង​គ្រោង​ធ្វើ​តំបន់​នេះ ឲ្យ​ក្លាយជា​កន្លែង​ស្រាវជ្រាវ​បែប​ធម្មជាតិ​។ នៅទីនេះ មាន​ទាំង​ធនធានធម្មជាតិ និង​សម្បត្តិ​វប្បធម៌​ប្រវត្តិសាស្ត្រ​»​។ ព្រះ​តេជគុណ បានផ្ដល់​ជា​គំនិត​ថា ក្នុង​មួយ​ភូមិ គួរតែមាន​ដីព្រៃ​ការពារ​មួយកន្លែង សម្រាប់​រក​ឱសថ អូស​ដុត និង​ជា​ជម្រក​សត្វព្រៃ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​អ្នកភូមិ​ទាំងមូល​។​
 
​សូមបញ្ជាក់ថា ក្រុម​អ្នកការពារ​ដែន​អភិរក្ស​ព្រៃ​សង្ឃ​រុក្ខ​វ័ន មាន​គណៈកម្មការ​កណ្ដា​ល​ចំនួន​៩​រូប មាន​អនុគណៈកម្មការ​ចំនួន​៤៣​រូប និង​មាន​សមាជិក​ចំនួន​៣,៤៤៧​រូប​៕

 

Tag:
 ព្រៃឈើ​
  ភាពយន្ត​ឯកសារ​
  ព្រះអង្គ ប៊ុន សា​លួត​
  ព្រៃ​សង្ឃ​រុក្ខ​វ័ន​
  តំបន់​ការពារ​
 ​អន្លង់វែង​
  ឧ​ត្ត​រ​មានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com