ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី១០ថ្ងៃអាទិត្យនេះ មានការប្រកួតចំនួន៤គូ ដែលរៀបចំនៅទីលានផ្សេងៗគ្នា។ ថ្ងៃនេះ អាចចាត់ទុកជាការប្រកួតដ៏ទាក់ទាញប្រចាំសប្តាហ៍ ដោយក្រុមខ្លាំងៗចំនួន៤ត្រូវប្រឈមមុខដាក់គ្នា ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀងត្រូវតទល់ជាមួយវិសាខា ខណៈក្រុមកំពូលតារាងណាហ្គាវើលតតាំងជាមួយបឹងកេត។ ជាមួយគ្នានេះអាស៊ីអឺរ៉ុបស្វាគមន៍យុវជនអាយុក្រោម១៨ឆ្នាំបាទី ហើយគីរីវង់សុខសែនជ័យទទួលភ្ញៀវអគ្គិសនីកម្ពុជា។
ព្រះខ័នរាជស្វាយរៀង ប៉ះ វិសាខា វេលាម៉ោង៦ល្ងាចនៅកីឡដ្ឋានខេត្តស្វាយរៀង
នេះជាជំនួបដ៏ទាក់ទាញមួយលើទឹកដីខេត្តស្វាយរៀង ដ្បិតក្រុមទាំងពីរដែលសម្បូរដោយកីឡាករមានសមត្ថភាព សុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីរក្សាគម្លាតប្រជែងដណ្តើមកំពូលតារាង។ ម្ចាស់ផ្ទះព្រះខ័នស្វាយរៀងស្ថិតនៅលេខរៀងទី២ កំពុងឈរលើកំណត់ត្រាមិនទាន់ស្គាល់ចាញ់ ជាមួយជ័យជម្នះ៧លើក និងស្មើ២។ ដូច្នេះព្រះខ័នស្វាយរៀងត្រូវការវិសាខានៅល្ងាចនេះ ដើម្បីរក្សាកំណត់ត្រា និងប្រជែងដណ្តើមកំពូលតារាង។ ក្រោយលត់កំពង់ចាម ១៣-០ ពួកគេបានបញ្ចប់លទ្ធផលស្មើ ២-២ ជាមួយបឹងកេត និងយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ៣-០ កាលពីសប្តាហ៍មុន។
ទោះបីជ័យជម្នះថ្ងៃនេះមិនអាចជួយឲ្យវិសាខាឈានទៅគ្រងកំពូលតារាង ឬលេខរៀងទី២ក៏ដោយ តែពួកគេត្រូវការឈ្នះព្រះខ័នរាជស្វាយរៀង ដើម្បីពង្រឹងទីតាំងដែលខ្លួនកំពុងឈរ ក៏ដូចជាបង្កើនឱកាសក្នុងការប្រជែងដណ្តើមកំពូងតារាង។ វិសាខាស្ថិតនៅលេខរៀងទី៣មាន១៩ពិន្ទុ ក្រោយឈ្នះ៦ ស្មើ១ និងចាញ់២។ ក្រោយស្មើ ១-១ ជាមួយសូលទីឡូអង្គរ ពួកគេយកឈ្នះ U18 បាទី ៤-៣ ចាញ់គីរីវង់សុខសែនជ័យ ៤-១ និងឈ្នះវិសាខា ១-០។
ណាហ្គាវើល ប៉ះ បឹងកេត វេលាម៉ោង៦ល្ងាចនៅកីឡដ្ឋានស្តាតចាស់
នេះក៏ជាជំនួបដ៏ទាក់ទាញសម្រាប់ទស្សនិកជនផងដែរ ដ្បិតណាហ្គាវើលត្រូវការឈ្នះបឹងកេតជាដាច់ខាត ដើម្បីបន្តឈរកំពូលតារាង ខណៈបឹងកេត ក៏ត្រូវការឈ្នះណាហ្គាដូចគ្នា ដើម្បីបង្កើនឱកាសក្នុងការប្រជែងដណ្តើមកំពូលតារាង។ បច្ចុប្បន្នណាហ្គាស្ថិតនៅកំពូលតារាងមាន២៤ពិន្ទុជាមួយកំណត់ត្រាឈ្នះ៨ និងចាញ់១ រីឯបឹងកេតស្ថិតនៅលេខ៦មាន១៧ពិន្ទុក្រោយឈ្នះ៥ ស្មើ២ និងចាញ់២។ បើមើលពី៣ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ គឺណាហ្គាវើលមានកំណត់ត្រាល្អជាង ដោយយកឈ្នះអគ្គិសនីកម្ពុជា ៣-០ ឈ្នះអង្គរថាយហ្គឺរ ៤-០ និងលត់កំពង់ចាម ១៨-០ ខណៈបឹងកេតចាញ់វិសាខា ៣-២ ស្មើ ២-២ ជាមួយព្រះខ័នរាជស្វាយរៀង និងឈ្នះអាស៊ីអឺរ៉ុប ៣-២។
អាស៊ីអឺរ៉ុប ប៉ះ យុវជនអាយុក្រោម១៨ឆ្នាំបាទី វេលាម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋាន A.E.U Sport Park
ក្រោយចាញ់បឹងកេត ៣-២ នៅសប្តាហ៍មុន អាស៊ីអឺរ៉ុបរំពឹងយកឈ្នះក្រុមប្រើប្រាស់ធនធានកីឡាករខ្មែរសុទ្ធយុវជនអាយុក្រោម១៨ឆ្នាំបាទី ដើម្បីស្គាល់ជ័យជម្នះជាលើកទី៤ និងស្តារមុខមាត់។ ចំណែយុវជនបាទី ក៏រំពឹងអាចយកឈ្នះអាស៊ីអឺរ៉ុបក្នុងការស្តារស្ថានភាពឲ្យប្រសើរឡើងផងដែឬ បន្ទាប់ពីពួកគេបានចាញ់៥ប្រកួតជាប់គ្នា។ ក្រោយយកឈ្នះកំពង់ចាម ៣-០ យុវជនបាទីបានរងបរាជ័យជាបន្តបន្ទាប់ ដោយចាញ់បឹងកេត ៣-១ ក្រសួងការពារជាតិ ៤-៣ វិសាខា ៥-១ និងព្រះខ័នរាជស្វាយរៀង ៣-០។
ចំណែក៣ប្រកួតចុងក្រោយរបស់អាស៊ីអឺរ៉ុប គឺចាញ់អង្គរថាយហ្គឺរ ៦-១ បឹងកេត ៣-២ និងឈ្នះកំពង់ចាម ៥-០។ បច្ចុប្បន្នក្រុមនេះស្ថិតនៅលេខរៀងទី៩មាន១០ពិន្ទុ ខណៈយុវជនអាយុក្រោម១៨ឆ្នាំបាទីស្ថិតនៅលេខ១៣មាន៣ពិន្ទុ។
គីរីវង់សុខសែនជ័យ ប៉ះ អគ្គិសនីកម្ពុជា វេលាម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានគីរីវង់
ក្រោយចាញ់ភ្នំពេញក្រោនយ៉ាងប្រផិតប្រផើយ ២-១ កាលពីសប្តាហ៍មុន គីរីវង់សុខសែនជ័យ រំពឹងអាចយកឈ្នះលើក្រុមអគ្គិសនីកម្ពុជាដែលចាញ់សូលទីឡូអង្គរ ៤-២ ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ ដែលពួកគេធ្វើឲ្យខកចិត្តលើទឹកដី R.S.N។ បច្ចុប្បន្នគីរីវង់សុខសែនជ័យស្ថិតនៅលេខរៀងទី១០មាន៩ពិន្ទុ ខណៈអគ្គិសនីកម្ពុជានៅលេខ៩មាន៧ពិន្ទុ។ បីប្រកួតចុងក្រោយ គីរីវង់សុខសែនជ័យយកឈ្នះក្រសួងការពារជាតិ ៤-១ តែចាញ់សូលទីឡូអង្គរ ១-០ និងចាញ់ភ្នំពេញក្រោន ២-១ ខណៈអគ្គិសនីកម្ពុជាចាញ់ណាហ្គាវើល ៣-០ ប៉ូលិស ១-០ និងចាញ់សូលទីឡូអង្គរ ៤-២៕