ស្លាំងស្លក់ស្លេក ស្រេកឃ្លានខ្លាំង តាំងកកាយ
រើសនាយអាយ កាយសំណល់ សល់តាមផ្សារ
រើសអេតចាយ កាយសំរាម ច្បាមកាវខ្វារ
នេះហើយណា ថាជីវិត ពិតក្មេងខ្លះ។
ខ្លះទ្រោមកាយ ក្លាយជាគ្រាំ ទ្រាំលំបាក
ខ្លះតោកយ៉ាក ចាកទ្រនំ ពុំមានច្បាស់
ដើរសុំទាន ឈានជើងស្វែង ក្រែងបានខ្លះ
ខ្លះស៊យណាស់ ប៉ះពួកបោក សោកឥតស្រាន្ត។
ខ្លះត្រូវល្បួង លួងលោមទៅ នៅអបាយ
លែងស្គាល់កាយ ឆ្ងាយសូត្ររៀន ញៀនញ័រប្រាណ
ត្រូវគេប្រើ ដើរសុំទាន ហ៊ានរំខាន
ខ្សត់មិនក្សាន្ត ដានដោយទុក្ខ លុករាល់ថ្ងៃ។
ខ្លះប៉ះព្រាន ញៀនដោយកាម ញ៉ាមក្មេងៗ
ត្រូវគេកេង សេងដូចសេះ បេះបោះដៃ
លក់តគ្នា ជាទំនិញ ទិញតថ្លៃ
អាណោចក្រៃ ក្ស័យក៏មាន ព្រានសម្លាប់។
ឈប់បណ្តោយ ឲ្យក្មេងគ្រោះ ទោះយ៉ាងណា
ថែកុមារ ស្តារការពារ ជាប្រញាប់
រួមប្រយ័ត្ន ចាត់វិធាន មានតាមច្បាប់
មិត្តអើយស្តាប់ ចាប់ផ្តើមទៅ នៅដល់ណា?