វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
សង្គមអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីបានជាអាហារនៅលើយន្តហោះមានរសជាតិប្លែកជាងអាហារធម្មតា?
× នៅពេលដែលអ្នកឡើងជិះយន្តហោះទៅតំបន់ផ្សេង ហើយអ្នកបានទិញ ឬទទួលអាហារពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍នោះ ភាគច្រើនអ្នកប្រហែលជាធ្លាប់មានអារម្មណ៍ថា អាហារទាំងនោះមិនសូវមានរសជាតិឆ្ងាញ់ និងពេលខ្លះវាមាន រសជាតិប្រៃខ្លាំង ឯពេលខ្លះទៀតវាមានរសជាតិផ្អែមខ្លាំង។
ទូរទស្សន៍ BBC ចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា «Why Does Food Taste Different on Planes» បានពន្យល់ថា ពេលខ្លះ វាអាចទាក់ទងនឹងកត្តារវាងខ្លួនប្រាណរបស់មនុស្សជាមួយនឹងបរិស្ថាន និងបរិយាកាសនៅខាងក្នុងរួមទាំងខាងក្រៅរបស់យន្តហោះផង។
នៅក្នុងរយៈកម្ពស់ជាង ៩០០០ម៉ែត្រ (រយៈកម្ពស់ស្តង់ដាដែលយន្តហោះដឹកអ្នកដំណើរហោះហើរ) កោសិកានៅលើអណ្តាត (Taste Buds) បានបាត់បង់សមត្ថភាពរបស់ខ្លួនក្នុងការចាប់យករសជាតិពីអាហារ។
មូលហេតុគឺដោយសារសម្ពាធបរិយាកាស។ ក្នុងកម្ពស់ជាង៩០០០ម៉ែត្រ សម្ពាធបរិយាកាសមិនអាចទ្រទ្រង់ជីវិតមនុស្សបានយូរនោះទេ។ ហេតុដូចនេះ នៅក្នុងតួរបស់យន្តហោះ អ្នកបើកយន្តហោះត្រូវតែបង្កើនសម្ពាធបន្តិចម្តងៗ នៅពេលដែលយន្តហោះឡើងកាន់តែខ្ពស់។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សម្ពាធដែលយន្តហោះបង្កើតឡើងនេះ មិនមានលក្ខណៈប្រសើរសម្រាប់មនុស្ស ដូចសម្ពាធនៅលើដីធម្មតានោះទេ។ ម្យ៉ាងវិញទៀត កម្រិតសំណើមបរិយាកាស (បរិមាណចំហាយទឹកដែលមានក្នុងខ្យល់) ក៏ជាកត្តាមួយដែលមានឥទ្ធិពលទៅកាន់ការភ្លក់ ឬហូបចំណីអាហារផងដែរ។
ពេលសំណើមបរិយាកាសមានមិនគ្រប់គ្រាន់នោះ វាក៏អាចធ្វើឲ្យបំពង់ខ្យល់របស់អ្នកស្ងួតជាងធម្មតា មានន័យថាការស្រង់ក្លិនពីអាហារមានការកាត់បន្ថយ។ មនុស្សមួយចំនួនអាចដឹងបានថា ក្លិនជាអ្នកចូលរួមយ៉ាងសំខាន់ក្នុងការបង្កើនរសជាតិអាហារ។ ពេលខ្លះទៀតសំឡេងរំខានពីម៉ាស៊ីនយន្តហោះធំៗ និងសម្លេងពីអ្នកអង្គុយនៅជិតក៏អាចជះឥទ្ធិពលលើការហូបចុករបស់អ្នកដែរ។
កត្តាចុងក្រោយមួយទៀតគឺ ការចម្អិនអាហារជាលក្ខណៈទ្រង់ទ្រាយធំ ពេលខ្លះសម្រាប់មនុស្សរាប់រយនាក់នៅលើយន្តហោះតែមួយ។ ការចម្អិនត្រូវបានគេធ្វើឡើងនៅលើដី បន្ទាប់មកត្រូវវិចខ្ចប់ដែលធ្វើឲ្យវាត្រជាក់មុនពេលយន្តហោះឡើង។ ពេលអ្នកឡើងលើយន្តហោះ គេចាប់ផ្តើមកម្តៅអាហារក្នុងប្រអប់ទាំងនោះឲ្យក្តៅមកវិញ។ សកម្មភាពទាំងនេះអាចកាត់បន្ថយរសជាតិអាហារដូចគ្នា។ ហេតុដូចនេះហើយទើបក្រុមហ៊ុនផលិតអាហារសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ចាំបាច់ត្រូវបន្ថែមគ្រឿងផ្សំច្រើនជាងធម្មតាទៅក្នុងអាហារដែលគេចម្អិនសម្រាប់អ្នកជិះយន្តហោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com