អន្តរជាតិ
នយោបាយអន្តរជាតិ
ឥណ្ឌា៖ ពិភពលោកត្រូវការឥណ្ឌាជាសមាជិកអន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
× លោកអនុប្រធានាធិបតីឥណ្ឌា បានថ្លែងជាចំហថា ពិភពលោកត្រូវការឥណ្ឌាជាសមាជិកអន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈឥណ្ឌានិងបណ្តាប្រទេសមានឥទ្ធិពលលើពិភពលោកមួយចំនួនផ្សេងទៀត កំពុងតែចរចាលើកំណែទម្រង់របស់អង្គការសហប្រជាជាតិ។ មេដឹកនាំឥណ្ឌារូបនេះ អះអាងថា ឥណ្ឌា បានចូលរួមចំណែកជាច្រើននៅក្នុងវិស័យសន្តិសុខពិភពលោក។
ក្នុងវេទិកាសំណេះសំណាលជាមួយនឹងមន្ត្រីការបរទេសថ្មីដើមសប្តាហ៍នេះ អនុប្រធានធិបតីឥណ្ឌា M. Venkaiah បានទទូចឲ្យអ្នកពាក់ព័ន្ធទាំងអស់របស់ឥណ្ឌាខិតខំប្រឹងប្រែងជាថ្មីដើម្បីទទួលបានកៅអីសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលឥណ្ឌា។
លោកអនុប្រធានាធិបតី បានបន្តទៀតថា ឥទ្ធិពលរបស់ឥណ្ឌាកំពុងតែបន្តរីកលូតលាត់ និងគ្របដណ្តប់នៅក្នុងវេទិការបស់ពិភពលោក ហើយ ឥណ្ឌា ក៏ត្រូវការការគាំទ្រពីបណ្តាប្រទេសរបស់ពិភពលោកដើម្បីជាមូលដ្ឋានមួយសម្រាប់កិច្ចចរចាលើកំណែទម្រង់សមាជិកភាពរបស់ក្រុមប្រឹក្សាសន្តិសុខ។
លោកអនុប្រធានាធិបតី បានសម្អាងថា សហគមន៍អន្តរជាតិ ត្រូវការការចូលរួមពីឥណ្ឌា ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ព្រោះបញ្ហាដែលផែនដីបច្ចុប្បន្នកំពុងប្រឈមត្រូវការអ្នកដែលមានចក្ខុវិស័យខ្ពស់ ដែលចំណុចនេះហើយ ដែលពិភពលោក ត្រូវបានឥណ្ឌា។ ឥណ្ឌា ក៏ជារដ្ឋមួយ ដែលនាំមុខគេ ក្នុងការកសាងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
តាមរយៈវេទិកាដដែលនោះ លោកអនុប្រធានាធិបតី ក៏បានដាស់តឿនដល់មន្ត្រីវ័យក្មេងដែលទើបតែចូលបម្រើការក្នុងវិស័យការបរទេស ដែលលោកចាត់ទុកពួកគេ ដូចជាអ្នកនាំពាក្យ, អ្នកបកប្រែ និងរៀបរាប់ពីឥណ្ឌាទៅកាន់ពិភពលោក ឲ្យត្រៀមខ្លួនក្នុងការក្លាយខ្លួនជាស្ពានតភ្ជាប់រវាងឥណ្ឌា ជាមួយនឹងបណ្តាប្រទេសរបស់ពិភពលោក។ លោក បានថ្លែងលើកទឹកចិត្តដល់មន្ត្រីវ័យក្មេងជំនាន់ក្រោយថាពួកគេ ពិតជាដើរតួនាទីសំខាន់ណាស់ក្នុងការកំណត់អនាគតភូមិសាស្ត្រនយោបាយ និងកំណត់សណ្តាប់ធ្នាប់ថ្មីរបស់ពិភពលោក។
គួររម្លឹកបន្តិចថា បច្ចុប្បន្នអង្គការសហប្រជាជាតិ កំពុងស្ថិតនៅក្នុងរបៀបវារៈកំណែទម្រង់ ដែលរាប់បញ្ចូលទាំងការបន្ថែមសមាជិកនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។ ឥណ្ឌា ប្រេស៊ីល អាល្លឺម៉ង់ និងជប៉ុន សុទ្ធសឹងតែជាប្រទេសដែលកំពុងតែខ្នះខ្នែងខ្លាំងក្នុងការស្វែងរកការគាំទ្រដើម្បីបានតំណែងដ៏មានឥទ្ធិពលរបស់ពិភពលោកមួយនេះ៕
Tag:
ឥណ្ឌា
អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com