ជាតិ
សេដ្ឋកិច្ច
កសិករ​មណ្ឌលគិរី​«​ដាំ​ការ៉ុត និង​ដំឡូងបារាំង​» ដើម្បី​បង្កើត​ប្រភព​បន្លែ​អត្តសញ្ញាណ​មួយ​ប្រចាំ​តំបន់​
03, Jun 2019 , 8:59 am        
រូបភាព
Front Page(ការ៉ុតដាំក្នុងភូមិស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី)
Front Page(ការ៉ុតដាំក្នុងភូមិស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី)
​ភ្នំពេញ​៖ «​ការ៉ុត​» ជា​ប្រភេទ​បន្លែ​នាំចូល​ពី​បរទេស ហើយ​មាន​ប្រជាកសិករ​តិច​ណាស់ ដែល​ដាំ​បន្លែ​ប្រភេទ​នេះ​។ ដោយ​មើលឃើញ​ពី​ភាពខ្វះ​ចន្លោះ​នៃ​ការដាំ​បន្លែ​ប្រភេទ​មើម​ពី​បរទេស​ទាំងនេះហើយ ទើប​ប្រជាកសិករ​នៅ​ខេត្តមណ្ឌលគិរី​មួយចំនួន នាំគ្នា​ងាក​មក​ដាំ​ការ៉ុត និង​ដំឡូងបារាំង​ជាដើម ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​។  ជាពិសេស​ប្រជាកសិករ​ទាំងនោះ ចង់​បង្កើត​ប្រភព​បន្លែ​អត្តសញ្ញាណ​មួយ​ប្រចាំ​តំបន់​។

 
​លោក គ្រី ម៉េង​ឈាង ជា​ម្ចាស់​ចម្ការ​ការ៉ុត​ទំហំ​៤០​ម៉ែត្រ​បួន​ជ្រុង ក្នុង​ខេត្តមណ្ឌលគិរី ដែល​ប្រមូល​ផល​បានជា​មធ្យម​៦០០​គីឡូក្រាម ក្នុង​រយៈពេល​៣​ខែ នៃ​ការដាំដុះ​។ កសិករ​វ័យ​ជិត​៤០​ឆ្នាំ​រូបនេះ បាន​ប្រក​បរបរ​ដាំ​ការ៉ុត និង​ដំឡូងបារាំង អស់​រយៈពេល​ជិត​២​ឆ្នាំ​មកហើយ​។ ការ៉ុត​ដែល​លោក​ដាំ​បាន គឺ​ផ្គត់ផ្គង់​ឱ្យ​ផ្សារ​ទំនើប​នានា​នៅ​រាជធានី​ភ្នំពេញ ជាមួយនឹង​តម្លៃ​បោះ​ដុំ​៦០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ 
 
«​ការប្រមូល​ផល​ការ៉ុត​នៅលើ​ដី​៤០​ម៉ែត្រ​នេះ ប្រសិនបើ​ខ្ញុំ​ដាំ​៤​ដង​ក្នុង​មួយឆ្នាំ ខ្ញុំ​អាច​ទទួល​ចំណូល​បាន​ជាង​៣០០០​ដុល្លារ ហើយ​អាច​ចំណេញ​បាន​យ៉ាងហោចណាស់ ៥០​ភាគរយ​នៃ​ប្រាក់ចំណូល​។ ឆ្នាំក្រោយ ខ្ញុំ​នឹង​ពង្រីក​ដី​ដាំ​ការ៉ុត​នេះ​បន្ថែមទៀត​។ ព្រោះ​បច្ចុប្បន្ន​ខ្ញុំ​ដាំ​ដុះ​ជា​ទម្រង់​តូច និង​សាកល្បង​ប៉ុណ្ណោះ​។ គោលបំណង​របស់ខ្ញុំ គឺ​ពង្រីក​ការដាំ​ឱ្យបាន​ធំ និង​នាំ​ចេញទៅ​ទីផ្សារ​ឱ្យបាន​ច្រើន ពិសេស​នាំទៅ​ភ្នំពេញ ដើម្បីឱ្យ​អ្នកប្រើប្រាស់​ស្គាល់​ពី​ប្រភព​បន្លែ​ច្បាស់ ថា​បន្លែ​ប្រភេទ​មើម​ដែលមាន​តម្លៃ​ថ្លៃ ក៏​កសិករ​ខ្មែរ​យើង​អាច​ដាំ​បានដែរ​»​។ នេះ​ជា​ឆន្ទៈ​របស់ លោក គ្រី ម៉េង​ឈាង​។ 
 
 
​បច្ចុប្បន្ន​ក្រៅពី​ដាំ​ការ៉ុត លោក​ក៏មាន​ដាំដំឡូង​បារាំង នៅលើ​ផ្ទៃដី​មួយ​ហិកតា​ផងដែរ​។ កាល​ឆ្នាំ​២០១៨ ចម្ការ​ដំឡូង​មួយ​ហិកតា​របស់​កសិករ​ខេត្តមណ្ឌលគិរី​រូបនេះ ផ្តល់​ទិន្នផល​បាន​ប្រមាណ​១៧​តោន ដែល​ទទួល​ប្រាក់ចំណូល​បាន​១៧,០០០​ដុល្លារ​។ បើតាម​លោក ម៉េង​ឈាង ដំឡូងបារាំង​មានតម្លៃ​៥០០០​ទៅ​៦០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ 
 
​ស្ថិតនៅ​ក្នុងភូមិ​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី កសិករ កៅ ប៊ុន​សេង កំពុង​មមាញឹក​នឹង​ការដាំ​ការ៉ុត ដែល​ផ្ដល់​ទិន្នផល​បាន​៨០០​ទៅ​១០០០​គីឡូក្រាម​ជាប្រចាំ​នៃ​ការប្រមូល​ម្តងៗ​។ កសិករ​ដែល​ដាំ​បន្លែ​ប្រភេទ​មើម​រយៈពេល​៧​ឆ្នាំ​រូបនេះ បាន​និយាយថា ការដាំ​ការ៉ុត​នៅ​រដូវប្រាំង គឺ​ទទួល​បានល្អ​និង​ច្រើនជាង​រដូវរ​ស្សា ព្រោះ​ការ៉ុត​ជា​បន្លែ ដូច​មើម​ឆៃ​ថៅ​ដែរ ពោលគឺ​ឱ្យតែ​មាន​ភ្លៀង​ធា្ល​ក់ជោគ​ជាំ ឬ​ស្រាច​ទឹក​ច្រើន​ជ្រុល វា​នឹង​រលួយ​ហើយ​។ និយាយ​ជារួម​លក្ខណៈ​ថែទាំ​ការ៉ុត ដូចជា​ការដាំ​ឆៃថាវ​ដែរ ប៉ុន្តែ​គ្រាន់តែ​ការ៉ុត ត្រូវការ​អាកាសធាតុ​ត្រជាក់ និង​មាន​រយៈពេល​ដាំ​ដុះ​យូរ​ជាង​មើម​ឆៃថាវ​។ 
 
​កសិករ​វ័យ​៦២​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​៖« ខ្ញុំ​ដាំ​ការ៉ុត​នេះ ព្រោះ​មើលឃើញថា​បន្លែ​នេះ​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ ហើយ​កសិករ​យើង​អត់​នាំគ្នា​ដាំ​ទេ​។ ប៉ុន្តែ​យើង​ទិញ​គេ​ហូប និង​នាំ​ការ៉ុត​ចូល​ពី​ប្រទេសជិតខាង​រាប់​តោន​។ ខ្ញុំ​គិតថា​គេ​ដាំ​បាន​ផ្គត់ផ្គង់​ឱ្យ​ប្រទេស​គេ និង​នាំចូល​ប្រទេស​យើង​ទៀត គេ​ដាំ​បាន រឿង​អ្វីដែល​យើង​ដាំ​មិនបាន ដូច្នេះ​ក៏​សម្រេច​ដាំ​តាំងពី​ពេលនោះ​មក​។ មួយទៀត​ខ្ញុំ​ចង់​ចូលរួម​កាត់បន្ថយ​ការនាំ​បន្លែ​ចូល​ពី​បរទេស​តាម​លទ្ធភាព​ដែល​អាចទៅរួច  និង​ចង់​ដាំ​ឱ្យ​ប្រជា​ពល​ក្នុងស្រុក ភេទ​បន្លែ​បរទេស​តែ​ដាំ​ដុះ​នៅក្នុង​ស្រុក​យើង ពិសេស​ដាំ​ក្នុង​ខេត្តមណ្ឌលគិរី​»​។ 
 
 
​បច្ចុប្បន្ន​ទីផ្សារ​បន្លែ​ការ៉ុត ដែល​អាច​ឲ្យ​កសិករ​នាំចូល​ទីផ្សារ​បាន ទើបតែ​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ក្រោយពី​អ្នកប្រើប្រាស់​ព្រម​ជឿ​និង​ទទួលស្គាល់ថា ការ៉ុត​អាច​ដាំ​នៅ​មណ្ឌលគិរី​។ លោក កៅ ប៊ុន​សេង បាន​អះអាងថា ៖«​បច្ចុប្បន្ន ខ្ញុំ​ដាំ​ការ៉ុត​មិនទាន់​អ្នក​ហូប​ដែល​គេ​បញ្ជា​ទិញ​ជាប្រចាំ​នោះទេ  ព្រោះ​ខ្ញុំ​មាន​ផ្ទៃដី​តូច​។ ម្យ៉ាងទៀត​ខ្ញុំ​ចាស់​ហើយ គ្មាន​កម្លាំង​ធ្វើ​ច្រើន​ទេ​។ ហើយ​ឥឡូវ​ក៏មាន​ការ៉ុត​បន្លំ​ច្រើន​ផងដែរ មានន័យថា ការ៉ុត​ទិញ​ពី​បរទេសជិតខាង ប៉ុន្តែ​ដាក់​ស្លាក​សម្គាល់ថា​ដាំ​នៅ​មណ្ឌលគិរី​»​។ 
 
​ជាមួយគ្នា​កសិករ​ខាងលើ ក៏បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាកសិករ ពិសេស​អ្នក​ខេត្តមណ្ឌលគិរី​ផ្ទាល់ គួរតែ​ព្យាយាម​ដាំ​បន្លែ​ប្រភេទ​មើម​ឱ្យបាន​ច្រើនជាង​ដាំ​បន្លែ​ប្រភេទ​ស្លឹក ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ និង​រួមចំណែក​កាត់បន្ថយ​ការនាំ​បន្លែ​ប្រភេទ​មើម​ពី​បរទេស​។ ពិសេស​រួមគ្នា​ដាំ​ដុះ​តាម​បច្ចេកទេស​ត្រឹមត្រូវ ដោយ​ប្រើ​ជីកំប៉ុស ថ្នាំពុល​ធម្មជាតិ ឬ​ប្រើ​ថ្នាំ​គីមី​ក្នុង​កម្រិត​មួយ​ស្តង់ដារ ដើម្បី​នាំគ្នា​ផលិត​បន្លែ​អត្តសញ្ញាណ​ប្រចាំ​តំបន់​ភាគ​ឦសាន ដែលមាន​គុណភាព និង​រក្សា​តម្លៃ​ខ្ពស់​។ បច្ចេកទេស​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ទាំងនោះ ក៏មាន​ការបណ្តុះបណ្តាល បង្រៀន និង​គាំទ្រ​ពី​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​ផងដែរ​។ បើតាម​លោក គ្រី ម៉េង​ឈាង ការ៉ុត​មិន​ពិបាក​ដាំ និង​ថែទាំ​នោះទេ គ្រាន់តែ​ត្រូវការ​រយៈពេល​យូរ គឺ​៣​ខែ ទើប​អាច​ប្រមូល​ផល​បាន បើ​ប្រៀបធៀប​នឹង​បន្លែ​ស្លឹក និង​ផ្លែ​មួយចំនួនទៀត​។​
​ដោយឡែក​អ្នកប្រមូល​ទិញ​បន្លែ​សុវត្ថិភាព​ចម្រុះ​មុខ ក្នុង​ខេត្តមណ្ឌលគិរី ដែល​ចែកចាយ​លក់​បន្តទៅ​ខេត្ត​នានា និង​នៅ​រាជធានី​ភ្នំពេញ  លោក អ៊ីង ឱ​រ៉ុ​ម បាន​និយាយថា លោក​ប្រមូល​ទិញ​ការ៉ុត​ពី​ប្រជាកសិករ​ខេត្ត​មណ្ឌល​ដាំ​បានតែ​១៥០​គីឡូ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍ ព្រោះ​អ្នក​ដាំ​មាន​ចំនួន​តិចតួច​នៅឡើយ ដែល​មិន​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​។ 
 
«​ពាក់ព័ន្ធ​ទៅនឹង​តម្លៃនៅលើទីផ្សារ ថ្វី​ដ្បិត​តម្លៃ​ការ៉ុត​ដាំ​ក្នុងស្រុក មានតម្លៃ​ខ្ពស់ជាង​ការ៉ុត​នាំចូល​ពី​ប្រទេស​វៀតណាម​១០០០​ទៅ​២០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ក៏ពិតមែន ប៉ុន្តែ​គុណភាព និង​សុវត្ថិភាព គឺ​ខុសគ្នា​ដាច់​។  ហើយ​សម្រាប់​អ្នក​បរិភោគ​ដែល​គាត់​យល់ដឹង​ពី​បញ្ហា​សុខភាព និង​លើកកម្ពស់​ផលិតផល​ក្នុងស្រុក គាត់​នៅតែ​ទិញ​ជាប្រចាំ​។ សព្វថ្ងៃ ការ៉ុត ឬ​បន្លែ​មើម​ដែល​ដាំ​បាន​ក្នុងស្រុក​យើង​មិនអាច​ផ្គត់ផ្គង់​ឱ្យ​អ្នក​បរិភោគ​គ្រប់គ្រាន់​នៅឡើយ ព្រោះ​វា​មាន​ចំនួន​តិចតួច​បំផុត​សម្រាប់​នៅលើ​ទីផ្សារ​»​។ នេះ​ជា​អះអាង​របស់លោក អ៊ីង ឱ​រ៉ុ​ម​។​
 
​បើតាម​លោក សុខ សុធា មន្ត្រី​បច្ចេកទេស​ដាំ​បន្លែ​នៃ​អង្គការ​GRET ដំឡូងបារាំង និង​ការ៉ុត ជា​ប្រភេទ​បន្លែ​នាំចូល​ពី​បរទេស មិនមែនជា​បន្លែ​ក្នុងស្រុក​ឡើយ​។ លោក​បាន​បន្តថា សម្រាប់​ផ្ទៃដី​នៅ​កម្ពុជា គឺ​ដាំ​ដុះ និង​ទទួល​ទិន្នផល​បាន ទៅតាម​ប្រភេទ​ដី​នៃ​តំបន់​នីមួយៗ​។ 
 
 
​លោក​បាន​និយាយថា មូលហេតុ​បានជា​កសិករ​ខ្មែរ​មិន​នាំគ្នា​ដាំ​បន្លែ​ប្រភេទ​ឱ្យបាន​ច្រើន ដូច​បន្លែ​ស្លឹក ព្រោះ​កសិករ​ភាគច្រើន មិនដែល​គិតថា​ដី​ខ្មែរ​អាច​បន្លែ​បរទេស​បាន​។  ម្យ៉ាងវិញទៀត ដំណាំ​ប្រភេទ​នេះ មាន​រយៈ​វែង​ក្នុងការ​ប្រមូល​ផល ទើប​ប្រជាកសិករ​ខ្មែរ មិនសូវ​និយម​នាំគ្នា​ដាំ ខណៈ​ការ៉ុត​ត្រូវការ​ពេល​៣​ខែ និង​ដំឡូងបារាំង ៦​ខែ ទើប​អាច​ប្រមូល​ផល​បាន​។ 
 
​លោក សុធា បាន​បញ្ជាក់ថា ៖«​កសិករ​យើង​អាច​ដាំ​ការ៉ុត និង​ដំឡូងបារាំង​បាន​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​តំបន់​ដែល​ដាំ​បានល្អ និង​ទទួលបាន​ទិន្នផល​ច្រើន គឺ​នៅ​តំបន់​ត្រជាក់ ដូចជា​ខេត្តមណ្ឌលគិរី និង​ខេត្តរតនៈគិរី​នៃ​ភាគ​ឦសាន​ជាដើម​។ ប្រសិន​ពូជ​យក​ការ៉ុត និង​ដំឡូងបារាំង​ដាំ​នៅលើ​ដី​ក្នុង​ខេត្តសៀមរាប ឬ​ខេត្តកណ្តាល ក៏​អាច​ដាំ​បានដែរ ឱ្យតែ​មាន​ដី​ជា​ល្បាយខ្សាច់ ប៉ុន្តែ​ទិន្នផល​មិនសូវ​បាន​ច្រើន និង​រូបរាង​មិនល្អ​ដូច​ដាំ​នៅ​តំបន់​ត្រជាក់​នោះទេ​។  បន្លែ​ប្រភេទ​នេះ មិនសូវ​ជារ​កដី​ដាំ​ដុះ​ប៉ុន្មាន​ទេ ប៉ុន្តែ​ទាមទារ​រស់នៅ​តំបន់​ត្រជាក់​»​។ 
 
​បើតាម​របាយការណ៍រ​ប​ស់លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ (CPS) ការ​នាំចូល​បន្លែ​មក​កម្ពុជា បែង​ចែកជា​៣​រដូវ​កាល ក្នុងនោះ​កម្ពុជា​នាំចូល​ជាង​២០០​តោន​ក្នុង​មួយថ្ងៃ នៅ​រដូវ​ត្រជាក់ ចន្លោះ​ពី​ខែធ្នូ ដល់​ខែកុម្ភៈ ។ ចំណែក​រដូវប្រាំង និង​រដូវវស្សា កម្ពុជា​នាំចូល​បន្លែ​រហូតដល់​៤០០​តោន​មួយថ្ងៃ ដែល​ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម​។ ក្នុង​មួយឆ្នាំ​កម្ពុជា​បាន​ចំណាយ​ថវិកា​ជាង​២០០​លាន​ដុល្លារ សម្រាប់​នាំចូល​បន្លែ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​៕ 
 
​រស់នៅ​ខេត្តមណ្ឌលគិរី​បាន​ដាំ​ការ៉ុត​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ផ្សារ​ទំនើប​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។  អ្នក​ដាំ​ការ៉ុត​ទាំងនោះ បាន​និយាយថា ការជ្រើសរើស​នៃ​ការដាំ​ការ៉ុត​នេះ ឬ​បន្លែ​មើម​ពូជ​បរទេស​ផ្សេងៗ  ព្រោះ​បន្លែ​ប្រភេទ​នេះ​មានតម្លៃ​ល្អ​នៅលើ​ទីផ្សារ និង​មិនសូវមាន​អ្នក​ដាំ​។ លើសពីនេះ ពួកគាត់​មិន​ចង់​លឺ​សម្តី​អ្នកប្រើប្រាស់​មួយចំនួន ថា​ប្រជាកសិករ​ខ្មែរ​ដាំ​បានតែ​បន្លែ​ដែលមាន​តម្លៃថោកៗ ហើយ​បន្លែ​មានតម្លៃ​ថ្លៃៗ​នាំចូល​ពី​ប្រទេសជិតខាង​។ ប្រទេស​វៀតណាម​ជាដើម​។ ដូច្នេះ​ឆន្ទៈ​របស់​កសិករ​ទាំង​នេះ គឺ​ចង់​ដាំ​ដំណាំ​ប្រភេទ​នេះ​ក្លាយជា​បន្លែ​អត្តសញ្ញាណ​មួយ​ក្នុងប្រទេស ថា​ខេត្តមណ្ឌលគិរី​ដាំ​ការ៉ុត ដំឡូងបារាំង លក់​ទៅលើ​ទីផ្សារ​។​
 
 
  

Tag:
 កសិកម្ម​
  ការ៉ុត​
  បន្លែ​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com