អន្តរជាតិ
មុនទស្សនកិច្ចផ្លូវរដ្ឋ លោក ត្រាំ ណែនាំឲ្យអង់គ្លេសចេញពីអឺរ៉ុបដោយមិនបាច់មានកិច្ចព្រមព្រៀង
× ចក្រភពអង់គ្លេស នឹងរៀបចំកម្រាលព្រំក្រហមដើម្បីស្វាគមន៍ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ។ មិនទាន់ទាំងដាក់ជើងលើដីអង់គ្លេសនោះ លោក ត្រាំ បានធ្វើមានការឃ្នើសចិត្តក្នុងចំណោមសាធារណមតិអង់គ្លេសទៅហើយលើបញ្ហាអង់គ្លេសចេញពីសហភាពអឺរ៉ុប។ លោក ត្រាំ ប្រាប់នាយករដ្ឋមន្ត្រីថ្មីអង់គ្លេសឲ្យដើរចេញទាំងគ្មានកិច្ចព្រមព្រៀងទៅ បើអឺរ៉ុបមិនធ្វើតាមការចង់បានរបស់ខ្លួន។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងទៅដល់ចក្រភពអង់គ្លេសនៅថ្ងៃទី៣ ខែមិថុនាដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ។ នេះជាដំណើរទស្សកិច្ចលើកទីពីររបស់លោក ត្រាំ នៅទឹកដីអង់គ្លេស ដោយលើកទីមួយធ្វើឡើងកាលពីឆ្នាំមុន ដែលត្រូវបានទទួលត្រឹមជាលក្ខណៈផ្លូវការប៉ុណ្ណោះ។ យ៉ាងណាមិញ ទស្សនកិច្ចលើកនេះ កំពុងគ្របដណ្ដប់ទៅដោយការអធិប្បាយរបស់លោកលើបញ្ហាអង់គ្លេសលែងលះជាមួយសហភាពអឺរ៉ុប និងកិច្ចការផ្ទៃក្នុងអង់គ្លេស។
លើបញ្ហាអង់គ្លេសដើរចេញពីសហភាពអឺរ៉ុប ដែលសព្វថ្ងៃចេញមិនទាន់រួចព្រោះគ្មានកិច្ចព្រមព្រៀង លោក ត្រាំ បានណែនាំឲ្យអង់គ្លេសចេញទាំងគ្មានកិច្ចព្រមព្រៀងទៅ។ ក្នុងកិច្ចសម្ភាសជាមួយកាសែតអង់គ្លេស Sunday Times លោក ត្រាំ លើកយោបល់ថា រដ្ឋាភិបាលអង់គ្លេសថ្មី គួរដើរចេញពីការចរចា បើមិនអាចសម្រេចបានកិច្ចព្រមព្រៀងល្អទេនោះ ហើយអង់គ្លេសក៏មិនត្រូវបង់ថ្លៃលែងលះ៥០ពាន់លានដុល្លារឲ្យអង់គ្លេសនោះដែរ។
ដោយសារការជាប់គាំងនេះហើយ ទើបលោកស្រី ថេរ៉េសា ម៉េយ៍ សម្រេចចិត្តលាលែងពីតំណែង ហើយទុកឲ្យអ្នកថ្មីបន្តដំណើរការចរចាទៀត។ ការជាប់គាំងនេះទៀតសោត មិនមែនកើតឡើងរវាងអង់គ្លេស និងអឺរ៉ុបឡើយ តែកើតនៅសភាអង់គ្លេសដែលជំទាស់កិច្ចព្រមព្រៀងដែលលោកស្រី ម៉េយ៍ ប្រឹងចរចាជាមួយទីក្រុងព្រុចសែលទៅវិញ។
សម្ដីមួយទៀតដែលលោក ត្រាំ ធ្វើឲ្យអ្នកនយោបាយអង់គ្លេសកាន់តែរង្កៀសចិត្ត គឺការនិយាយពាក់ព័ន្ធការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រី ម៉េយ៍ ។ លោក ត្រាំ លើកឡើងថា អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស បូរីស ចនសុន ជាបេក្ខភាពដ៏ល្អម្នាក់ដើម្បីដឹកនាំប្រទេស។ មេបក្សប្រឆាំង Jeremy Corbyn ហៅសម្ដីប្រធានាធិបតីអាមរិករូបនេះ ជាការជ្រៀតជ្រែកដំណើរការប្រជាធិបតេយ្យនៅអង់គ្លេសដែលមិនអាចទទួលយកបាន។
ដូចទស្សនកិច្ចលើកទីមួយដែរ ដំណើរទស្សនកិច្ចរបស់លោក ត្រាំ លើកនេះ ក៏នឹងត្រូវស្វាគមន៍ដោយក្រុមបាតុករផងដែរ។ គម្រោងធ្វើបាតុកម្ម នឹងកើតមានក្នុងទីក្រុងឡុងដ៍ និងទីក្រុងដទៃទៀតរបស់អង់គ្លេសដើម្បីប្រឆាំងដំណើរទស្សនកិច្ចប្រធានាធិបតីអាមេរិក។ លើសពីនោះ បាឡុងរូបលោក ត្រាំ ក៏រំពឹងថា នឹងត្រូវបានបង្ហោះលើសាធារណៈជាថ្មីផង៕
Tag:
អាមេរិក
អង់គ្លេស
អឺរ៉ុប
Brexit
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com