លោក Simon Wilson ជាអ្នកគាំទ្រក្លិប Liverpool ដ៏ស្មោះស្ម័គ្រ ហើយលោកក៏ជាជនល្បីម្នាក់នៅលើបណ្តាញសង្គម Youtube ផងដែរ។ នេះជាជំនួបវគ្គផ្តាច់ព្រ័ត្រ Champions League លោក Simon និងមិត្តភក្តិពីរនាក់ទៀត បានធ្វើដំណើរផ្សងព្រេងទៅកាន់ក្រុងម៉ាឌ្រីត ដើម្បីគាំទ្រហង្សក្រហម ដោយជិះរថយន្តដែលខ្លួនបានទិញក្នុងតម្លៃត្រឹមតែ៤០ផោន [ជាង៥០ដុល្លារអាមេរិក] ប៉ុណ្ណោះ។
ក្នុងបទសម្ភាសមួយជាមួយសារព័ត៌មាន Liverpool ECHO លោក Simon បានអះអាងថា ការផ្សងព្រេងជាមួយរថយន្តដែលគេស្ទើរតែបោះចោលហើយនោះ មិនមែនដើម្បីតែដើម្បីបង្ហោះ Youtube នោះឡើយ ប៉ុន្តែកើតចេញពីការស្រឡាញ់ក្រុមយ៉ាងពិតប្រាកដ។
លោក Simon ទទួលបានសំបុត្រទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រវាងក្រុមសំណព្វ Liverpool របស់លោក ជាមួយ Tottenham Hotspur។ លោកពិនិត្យឃើញថា តម្លៃយន្តហោះទៅកាន់ក្រុងម៉ាឌ្រីត មានតម្លៃខ្ពស់យ៉ាងខ្លាំង ហើយប្រឈមខកជើងយន្តហោះថែមទៀត។
«ខ្ញុំបានសួរទៅ Ben Wilson ដែលជាប្អូនប្រុសដើម្បីរកទិញរថយន្តដែលមានតម្លៃថោក។ បន្ទាប់ពួកយើងបានឃើញរថយន្តមួយម៉ាក Skoda Favorit GLXI ដាក់លក់តាមហ្វេសប៊ុកក្នុងតម្លៃតែ៤០ផោនប៉ុណ្ណោះ»។ នេះជាការរៀបរាប់លោក Simon។
ពួកលោកបានជួបការរាំងស្ទះចរាចរណ៍ញឹកញាប់ផងដែរ ជាពិសេសនៅតំបន់ Calais ប្រទេសបារាំង។ ក្រោយធ្វើដំណើរលើចម្ងាយផ្លូវជាង២០០០គីឡូម៉ែត្រ ដោយឆ្លងកាត់៣ប្រទេស លោក Simon ប្អូនប្រុសរបស់លោក និងអ្នកគាំទ្រ Spurs ម្នាក់ បានទៅដល់កីឡដ្ឋាន Wanda Metropolitano ក្រុងម៉ាឌ្រីត ដោយជោគជ័យ ប៉ុន្តែរថយន្តបានបន្តខូចខាតស្ទើរតែទាំងស្រុង។
លោក Simon បានរៀបរាប់ដំណើរត្រឡប់ទៅកាន់ក្រុងឡុងដ៍វិញ ក្រោយ Liverpool ឈ្នះពាននោះឡើយ ប៉ុន្តែលោកបានបញ្ជាក់ថា ជាដំណើរផ្សងព្រេងដ៏យ៉ាប់យ៉ឺនមួយ ដោយពួកលោកស្ទើរតែខកខានមើលការប្រកួត៕